ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ម្នាក់ឈ្មោះ ឆាន យ៉ាត អាយុ៥៧ឆ្នាំ នៅភូមិកន្សោមសត្វ ឃុំកក់ ស្រុកពញាក្រែក បានធ្លាយខួរស្លាប់ភ្លាមៗ ដោយសារផ្ទុះឆេះបំណែកគ្រឿងផ្ទុះផ្សំពីថ្មពិលចាស់ៗលាយជាយធ្យូងនិងដើមព្រាល កិនដោយត្បាល់ថ្ម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់កន្លែងកើតហេតុផងដែរ ។
សមត្ថកិច្ចនគរបាលស្រុកពញាក្រែកបានប្រាប់ឲ្យដឹងថា បុរសខាងលើបានដើររើសថ្មពិលចាស់ៗពីតាមផ្ទះរបស់អ្នកភូមិដែលគេបានឈប់ប្រើយកមកសន្សំទុកនៅផ្ទះបានជាច្រើនដុំ ដំបូងៗគេមិនបានចាប់អារម្មណ៍ថាយកមកធ្វើអ្វីនោះឡើយ ។
សមត្ថិច្ចប្រាប់ទៀតថា រហូតដល់រសៀលថ្ងៃទី០៦ ខែមករានេះ បុរសចំណាស់ឈ្មោះ យ៉ាត បានយកថ្មពលទាំងនោះមកដំបំបែកលាយជាមួយធ្យូង និងរុក្ខជាតិដើមព្រាល បន្ទាប់មកបានប្រើត្បាល់ថ្មកិន មិនបានប៉ុន្មានផងក៏ស្រាប់តែផ្ទុះឆេះបែកត្បាល់ថ្មជាបំណែកតូចៗខ្ទាតមកត្រូវចិញ្ចើមធ្លាយខួរស្លាប់ភ្លាមៗតែម្តង ។ ចំណែកប្រពន្ធដែលនៅក្បែរនោះ ក៏ត្រូវអំបែងថ្មខ្ទាតត្រូវជើងរងរបួសស្រាលដែរ ។
លោកវរសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានប្រាប់ឲ្យដឹងដែរថា ករណីខាងលើនេះពិតមានកើតឡើងនៅភូមិឃុំខាងលើមែន ដោយសារតែបុរសវ័យចំណាស់នោះបានយកថ្មពិលលាយធ្យូងកិនលាយជាមួយដើមរុក្ខជាតិ បណ្ដាលឲ្យផ្ទុះឆេះខ្ទេចត្បាល់ថ្មជាបំណែកខ្ទាតត្រូវក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ។
សមត្ថកិច្ចស្រុកពញាក្រែកបញ្ជាក់ថា តាមការសន្និដ្ឋាន បុរសខាងលើនេះសង្ស័យមានអ្នកណាម្នាក់ប្រាប់ពីរបៀបផ្សំគ្រឿងផ្ទុះ លុះពេលយកមកអនុវត្តផ្ទាល់ក៏បណ្ដាលឲ្យផ្ទុះឆេះស្លាប់តែម្តង ។
សូមបញ្ជាក់ថា បុរសរងគ្រោះខាងលើជាកសិករធម្មតា មានកូន២នាក់ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ