រាជធានីភ្នំពេញ ៖ បុរសវ័យកណ្ដាលម្នាក់បានដកកាំភ្លើងបាញ់ជញ្ជាំងថ្មផ្អើលប្រជាពលរដ្ឋពេញមុខរ៉ាតែគ្មានឃើញស្រមោលសមត្ថកិច្ចណាម្នាក់ឡើយ ខណៈអ្នកលក់គ្រឿងក្លែមម្នាក់សំណូមពរបុរសរូបនោះសុំកុំឲ្យខាកស្តោះនៅកន្លែងគាត់លក់ដូរ ដែលហេតុការណ៍នេះកើតកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅកន្លែងលក់គ្រឿងក្លែបតូចតាចមួយកន្លែងនៅម្តុំមុខស្ថានីយរថភ្លើង ព្រំប្រទល់រវាងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ស្ត្រីម្នាក់ឈ្មោះ ចាន់ សាត អាយុ៥៦ឆ្នាំ ជាអ្នកលក់គ្រឿងក្លែម បានឲ្យដឹងថា មុនពេលកើតហេតុបុរសវ័យកណ្ដាលម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មិនចាំស្លាកលេខ បានឌុបនារីស្រស់ស្អាតម្នាក់ចូលមកកន្លែងគាត់ តែបុរសរូបនោះហាក់ដូចជាស្រវឹងតាំងពីនាយមកហើយ ។
ស្ត្រីអ្នកលក់គ្រឿងក្លែមបន្តទៀតថា ពេលចូលមកដល់ក៏បានកម្មង់ម្ហូប និងស្រាបៀរផឹកបន្តទៀត តែដោយបុរសរូបនោះចេះតែខាកស្តោះញយដងពេក ដោយខ្លាចប៉ះពាល់ដល់ភ្ញៀវដទៃទៀត គាត់ក៏បានសំណូមពរគាត់សុំកុំឲ្យខាកស្តោះបន្តទៀត តែបុរសរូបនោះបែរជាខឹងគាត់យ៉ាងខ្លាំង ហើយក៏ដកកាំភ្លើងបាញ់ជញ្ជាំងថ្ម១គ្រាប់ ហើយនិយាយបែបឡូយទៀតថា ប្តឹងអាណាប្តឹងទៅ ចាំមើលអាណាហ៊ានមកចាប់អញ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលដែលបុរសរូបនោះបាញ់១គ្រាប់រួច មិនទាន់ចេញទៅភ្លាមៗទេ ដោយនៅឈរក្អេងក្អាង ឡូឡា ប្រហែលជាងកន្លះម៉ោង ឬជិត១ម៉ោង ក៏គ្មានឃើញសមត្ថកិច្ចណាម្នាក់មកអើតកន្លែងកើតហេតុឡើយ ទោះបីជាមានអ្នកខ្លះបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចក៏ដោយ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា បន្ទាប់ពីក្អេងក្អាង និងឡូឡាជិត១ម៉ោងហើយគ្មានឃើញសមត្ថកិច្ចណាមកដល់កន្លែងកើតហេតុ បុរសរូបនោះក៏បានឌុបនារីដែលគាត់ឌុបមកចាកចេញទៅបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញសមត្ថកិច្ចអាវុធហត្ថមកដល់កន្លែងកើតហេតុ និងធ្វើការសាកសួរពីដំណើររឿង និងភិនភាគបុរសវ័យកណ្ដាលដែលបានបាញ់បោះសេរីនៅទីសាធារណៈនេះ ។
អ្នកដែលបានឃើញហេតុការណ៍នេះបាននាំគ្នានិយាយបែបលេងសើចថា ប្រហែលជាបុរសវ័យកណ្ដាលរូបនេះចង់អួតស្រីស្នេហ៍របស់គាត់ហើយមើលទៅ ម្យ៉ាងចង់បង្ហាញស្រីស្នេហ៍របស់គាត់ថា គាត់ជាអ្នកធំ គាត់មានកាំភ្លើង ទោះបាញ់បោះយ៉ាងណាក៏គ្មានអ្នកណាហ៊ានចាប់គាត់ដែរ ព្រោះគាត់មានខ្សែធំ ដើម្បីឲ្យស្រីស្រស់រូបនោះស្រលាញ់គាត់ហើយមើលទៅ ហាហាហា បើចឹងមែននោះ !!!
ចែករំលែកព័តមាននេះ