ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ដោយចោទប្រកាន់ជនសង្ស័យម្នាក់ទាញកាំបិតវែងកាប់តែខ្លួនគេចទាន់ បន្ទាប់ពីជននោះឲ្យខ្លួនដឹកបន្តទៅកន្លែងផ្សេងមួយទៀតខ្លួនមិនព្រម ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ ឆៃ វ៉ាន់ធា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាអ្នករត់ម៉ូតូឌុប ។
ជនរងគ្រោះបានប្រាប់នគរបាលឲ្យដឹងថា មុនហេតុការណ៍កើតឡើង ជនសង្ស័យបានជិះម៉ូតូ១គ្រឿងគ្នា៣នាក់តាមផ្លូវជាតិលេខ៥ មកពីទិសខាងកើត លុះមកដល់មុខផ្សារកណ្តាលជនសង្ស័យចុះពីម៉ូតូនោះមកហៅខ្លួនដឹកមកដល់ចំណុចកើតហេតុក៏ចុះដើរចូលទៅផ្ទះមួយដែលមានម្ចាស់ផ្ទះឈ្មោះ ឡៅ គឹមផេង ។ ជនរងគ្រោះបន្តថា ជនសង្ស័យក្រោយពីនិយាយជាមួយស្ត្រីម្ចាស់ផ្ទះចប់ក៏ដើរចេញមកវិញជាមួយ និងកាំបិតវែង១ផងដែរ ដោយជននោះហៅឲ្យខ្លួនដឹកបន្តទៅភូមិព្រៃព្រិច តែខ្លួនមិនព្រមដឹកទៅ ជនសង្ស័យនិយាយថាបើមិនទៅប្រយ័ត្នកាប់ ភ្លាមនោះស្រាប់តែលើកកាំបិតកាប់ភ្លាមតែម្តង តែខ្លួនគេចទាន់ក៏ចំក្បាលម៉ូតូសេរីឆ្នាំ២០១៣បែកខ្ចាយតែម្តង ។
ជនរងគ្រោះបានប្រាប់នគរបាលបន្តទៀតថា ពេលនោះខ្លួនរត់ចោលម៉ូតូនៅកន្លែងកើតហេតុរហូតជនសង្ស័យគេចទៅបាត់ទើបទៅយកម៉ូតូមកប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹង ។
ជុំវិញករណីខាងលើឈ្មោះ ឡៅ គឹមផេង ជាម្ចាស់ផ្ទះនិយាយថា ជនសង្ស័យជាប្អូនថ្លៃរបស់គាត់ឈ្មោះ លាង ហួរ ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកកាស៊ីណូហូលីដេ ផ្នែកខាងបោសសំអាត មានទីលំនៅភូមិព្រៃព្រិច ប៉ុន្តែថា គាត់និងគ្រួសារមិនដឹងរឿងទេ កំពុងដេកលេងជាមួយកូន ស្រាប់តែប្អូននោះចូលមកក្នុងផ្ទះ ហើយពេលចេញទៅវិញស្រាប់តែមានការភ្ញាក់ផ្អើលមុខផ្ទះ ទើបដឹងថាប្អូនថ្លៃកាប់ម៉ូតូគេ ។
យ៉ាងណាក៏ដោយឈ្មោះ ឡៅ គឹមផង បាននិយាយថា ប្អូនរបស់គាត់ធ្លាប់មានរឿងត្រូវអាវុធហត្ថចាប់ខ្លួនម្តងដែរ ហើយក្រោយពីកាប់ក្បាលម៉ូតូគេថ្ងៃនេះ ក៏ទៅកាប់ផ្ទះសាច់ញាតិនៅឯភូមិព្រៃព្រិចថែមទៀត ដែលពេលនេះគាត់បានស្នើឲ្យសមត្ថកិច្ចនគរបាល និងអាវុធហត្ថតាមចាប់ដើម្បីចាត់ការតាមផ្លូវច្បាប់ចុះ ៕
ចែករំលែកព័តមាននេះ