ខេត្តមណ្ឌលគិរី ៖ មន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តម្នាក់បានរងរបួសក្បាលជាទម្ងន់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីឡើងលើរថយន្តដឹកជញ្ជូន១គ្រឿងទៀត ក៏ស្រាប់តែមានគ្រាប់កាំភ្លើងខ្យល់(កាំភ្លើងកែច្នៃ)បាញ់ចំ ។ ហេតុការណ៍ដែលស្ទើរនឹកស្មានមិនដល់នេះបានកើតកាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ ២០១៥ នៅចំណុចផ្លូវចូលវត្តលើ ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។
លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ផាត ហៅ សាង ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែមនោរម្យ ជាមន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។
លោកស្នងការបានបន្តថា នៅពេលជនរងគ្រោះភ្ជួរដីចម្ការរួច ក៏បើកត្រាក់ទ័រឡើងលើរថយន្តដើម្បីដឹកទៅផ្ទះ ស្រាប់តែឮសម្លេងកាំភ្លើងខ្យល់ ហើយគ្រាប់នោះបានហោះមកត្រូវក្បាលជនរងគ្រោះហូរឈាមស្រោចពេញក្បាល បៀមគ្រាប់ជាប់ជើងសក់ស្តាំ ក្រោយកន្ទុយភ្នែក ។ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងកែច្នៃ ជនរងគ្រោះបានទៅមន្ទីរពេទ្យធ្វើការវះកាត់យកគ្រាប់ចេញ (គ្រាប់នោះគឺជាគ្រាប់ពិដាងកង់ម៉ូតូ) ហើយក៏មកប្តឹងសមត្ថកិច្ច ដើម្បីស្រាវជ្រាវរកអ្នកបាញ់ ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញជនបង្ក ដែលមានឈ្មោះ សាំង ហ៊ាន ភេទប្រុស អាយុ១៥ឆ្នាំ មានទៅលំនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែមនោរម្យ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងវត្ថុតាងអាវុធបាញ់ខ្យល់(ប្រភេទកែច្នៃ)ប្រើគ្រាប់ពិដាងកង់ម៉ូតូ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនកំពុងបាញ់សត្វពពេចស្រាប់តែឮសម្លេងរបស់ជនរងគ្រោះស្រែកថា អាណា បាញ់អាញ់ ទើបខ្លួន(ជនបង្ក)ដឹងថា បានបាញ់ចំមនុស្ស ដោយភ័យខ្លាចក៏យកកាំភ្លើងនោះទៅបោះចោលក្នុងព្រៃ ហើយជិះម៉ូតូគេចខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ