ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចាស់​ចោទ​ប្ដី​ក្មេង​ថា​ជិះ​ម៉ូតូ​ទៅ​ដឹក​ស្រី បង្ក​ជា​ជម្លោះ​វាយតប់​គ្នា​ផ្អើល​ពេញ​ផ្លូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ដែល​មាន​វ័យ​ខុស​គ្នា គឺ​ប្ដី​ក្មេង​ជាង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​ថែម​ទៀត ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រវាយប្រតប់​…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ដែល​មាន​វ័យ​ខុស​គ្នា គឺ​ប្ដី​ក្មេង​ជាង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​ថែម​ទៀត ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រវាយប្រតប់​ដណ្ដើម​យក​ម៉ូតូ​ពី​បុរស​ជា​ប្ដី ដោយ​បាន​ចោទប្រកាន់​ប្ដី​ថា ឆ្លៀតពេល​ដែល​នាង​រវល់​ប្ដី​បាន​លួច​យក​ម៉ូតូ​ជិះ​ចេញ​ពី​ផ្ទះ​ក្នុង​បំណង​ទៅ​ដឹក​ស្រី​ស្នេហ៍​ចូល​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់ ប៉ុន្តែ​នាង​បានដឹង​ទាន់​ក៏​បាន​តាម​ហៅ​ប្ដី​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​​ប្ដី​មិន​ព្រម​មក​តាម ទើប​នាង​ជិះ​ម៉ូតូឌុប​តាម​រហូត​ដល់​ចំណុច​ភ្លើងស្តុប ហើយ​មាន​ជម្លោះ​កើតឡើង​ជាមួយ​គ្នា​តែ​ម្តង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភ្លើងស្តុប តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី កែង​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្ដី​ប្រពន្ធ​មួយគូ​នេះ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ពួក​គាត់​​ឡើយ​សូ​ម្បី​ប៉ូលិស​សួរ​ក៏​មិន​ប្រាប់​ដែរ គឺ​ពួក​គាត់​បាន​លាក់លៀម​ឈ្មោះ​តែ​ម្ដង ដែល​តាម​មើលទៅ​ប្ដី​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ចំណែក​ប្រពន្ធ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ថា ប្តី​របស់​គាត់​ខិលខូច​ណាស់ ល្មោភ​ស្រី​ណាស់ មួយ​ថ្ងៃ​ៗ​មិន​គិត​ជួយ​ការងារ​រកស៊ី​អ្វី​ឡើយ គិតតែ​ពី​ដើរ​ញ៉ែ​ស្រី​ ទាក់​ស្រី មិនតែប៉ុណ្ណោះ​មាន​ពេល​មួយ​នោះ​គ្មាន​លុយ​មួយ​រៀល​ទេ បាន​នាំ​ស្រី​ទៅ​ដេក​នៅផ្ទះ​សំណាក់ គ្មាន​លុយ​ឱ្យ​ស្រី និង​ថ្លៃ​ផ្ទះសំណាក់ គាត់​បាន​ចេញ​លុយ​ឲ្យ​ថែម​ទៀត​ផង ។ ការ​ធ្វើ​បែប​នេះ គឺ​បាន​ទុក​មុខ​ឲ្យ​ប្ដី​មិន​ចង់​ឲ្យ​ប្ដី​បាក់មុខ​ខ្មាស់​គេ ហើយ​គាត់​តែងតែបាន​លួង​លោម​ប្ដី​ឲ្យ​កែខ្លួន តែ​គាត់​មិន​ព្រម​កែ​ទាល់តែ​សោះ ជាង​នេះ​ទៅ​ទៀត​ធ្លាប់​បាន​លក់​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ មួយ​គ្រឿង​យក​លុយ​ទៅ​ដើរ​លេង​ស៊ីចាយ​អស់​ទៀត​ផង ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ដែល​គាត់​កំពុង​ជាប់រវល់​ការងារ ប្ដី​បាន​លួច​យក​ម៉ូតូ ម៉ាក ហុងដា អាយ​ខុន ពណ៌​ខ្មៅ​លាយ​ផ្កាឈូក​១​គ្រឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1C-3200 ដោយសារ​កន្លង​មក​ប្ដី​ក្មេង​ធ្លាប់​ខូច​បែប​នេះ ទើប​ក្រោយ​ពី​បានដឹង​ថា ប្ដី​ជិះ​ម៉ូតូ​ចេញពីផ្ទះ គាត់​បាន​ជិះ​ម៉ូតូឌុប​តាម​ក្នុង​បំណង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ប្ដី​មិន​ព្រមទៅ ទើប​ពេល​តាម​ទាន់​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​បែប​នេះ​តែ​ម្ដង ។ ចំណែក​បុរស​ជា​ប្ដី​វិញ​បាន​បដិសេធ​រាល់​អ្វី​ដែល​ប្រ​ព្ធ​បាន​ចោទប្រកាន់​ទាំងអស់ ដោយ​គាត់​និយាយ​ថា ប្រពន្ធ​គាត់​ចេះ​តែ​និយាយ​បង្ខូច​គាត់​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប ហើយ​បាន​ណែនាំ និង​សម្រុះសម្រួល មួយសន្ទុះ​ទើប​ត្រូវរ៉ូវ​គ្នា​វិញ រួច​ហើយ​នាង​ជា​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ដឹក​ប្ដី​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ខេត្តកំពង់ស្ពឺ​វិញ ប៉ុន្តែ​មិន​មាន​នរណា​បានដឹង​ថា​ថ្ងៃក្រោយ​មាន​អ្វី​កើតឡើង​ទៀត​នោះ​ឡើយ ៕