រាជធានីភ្នំពេញ ៖ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់«កោះសន្តិភាព»មុននេះបន្តិចថា អាជ្ញាធររាជធានីភ្នំពេញមិនបានប្រកាសតាមចាប់ខ្លួនបុរសជនជាតិបរទេសដែលបានគូរគំនូររូបស្ត្រីម្នាក់កាន់ចេស និងម្ជុលដេរ នៅលើជញ្ជាំងអគារប៊ូឌិញនោះទេ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចន្លោះរាត្រីថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញាធរសង្កាត់ទន្លេបាសាក់ បានលុបរូបភាពដ៏ធំមួយរបស់ស្ត្រីម្នាក់ ដែលជាអ្នកសិល្បៈ និងវប្បធម៌ រស់នៅលើអគារប៊ូឌិញ ហើយត្រូវបានវិចិត្រករបរទេសគូសលើផ្ទាំងជញ្ចាំងអគារប៊ូឌិញ ជ្រុងខាងជើងចោល ដោយចាត់ទុកថា គ្មានច្បាប់អនុញ្ញាត ។
លោក ខាត់ ណារិទ្ធិ ចៅសង្កាត់ទន្លេបាសាក់ បានមានប្រសាសន៍ប្រាប់«កោះសន្តិភាព»តាមទូរស័ព្ទថា ដំបូងឡើយ មានតំណាងអង្គការ សង្គមស៊ីវិល មកសុំលោកលាបថ្នាំអគារប៊ូឌិញ និងសុំច្បាប់គូររូបភាពស្ត្រីម្នាក់ដែលជាមន្ត្រីសិល្បៈ និងវប្បធម៌ នៅលើជញ្ជាំងអគារប៊ូឌិញ ដោយប្រាប់ថា សាលាក្រុងអនុញ្ញាតហើយ ។ ការសុំផ្ទាល់មាត់បែបនេះលោកចៅសង្កាត់ក៏មិនទាន់បានឯកភាពថាឲ្យគូរ ឬក៏ហាមឃាត់ដែរ ស្រាប់តែប៉ុន្មានថ្ងៃថ្មីៗនេះឃើញមានរូបភាពស្ត្រីម្នាក់នៅលើជញ្ចាំងអគារប៊ូឌិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារបណ្តាញសង្គមហ្វេសបុកថតបង្ហោះតៗគ្នា ។ ដូច្នេះនៅពេលដែលលោកចុះសួរនាំទើបដឹងថាគ្មានច្បាប់អនុញ្ញាត ហើយលោកសម្រេចលុបចោលវិញតែម្តង ។ ចំពោះម្ចាស់រូបភាពខាងលើនេះ គឺជាអ្នករស់នៅក្នុងអគារប៊ូឌិញតែម្តង ។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានចាត់ទុកថា ការគូររូបភាពខាងលើនេះគឺគ្មានច្បាប់អនុញ្ញាត ដូច្នេះលោកសម្រេចឲ្យលុបចោលវិញ ជៀសវៀងការយល់ច្រលំក្នុងរឿងអ្វីផ្សេងៗ ។ ហើយរូបភាពនេះបញ្ជាក់អំពីស្ត្រីម្នាក់មានកាន់ចេស និងម្ជុលដេរ ដោយមិនដឹងថា មានអត្ថន័យលំអិតក្នុងកម្រិតណាឡើយ ៕
ចែករំលែកព័តមាននេះ