រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យសិល្បៈបុរាណខ្មែរលោក អៀង ស៊ីធុល បានជួបឧប្បទ្ទវហេតុ រអិលធ្លាក់ពីជណ្តើរ ខណៈពេលលោកឡើងទៅពិនិត្យដំបូលផ្ទះរបស់លោកបណ្តាលឱ្យរបួសជើងមិនអាចដើរ ឬអង្គុយបានឡើយ។
ដំណឹងអំពីគ្រោះថ្នាក់របស់ព្រឹទ្ធាចារ្យសិល្បៈបុរាណរូបនេះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ។
បើតាមលោក សុះ ម៉ាច បានឱ្យដឹងថា លោកអៀង ស៊ីធុល ព្រឹទ្ធាចារ្យសិល្បៈបុរាណ និងជាអតីតប្រធានសមាគមសិល្បករខ្មែរពេលនេះមានទុក្ខលំបាកជាទម្ងន់ពុំអាចដើរ ឬអង្គុយបាន និងមានអការចុកចាប់ដោយលោកក្រោយពីគ្រោះថ្នាក់ចរាចរដោយសារម៉ូតូបុក ឥឡូវត្រូវគ្រោះថ្នាក់ចៃដន្យធ្លាក់ពីលើជណ្តើរទៀត។
លោកបញ្ជាក់ថា តាមរយៈការពិនិត្យរបួសលោក អៀង ស៊ីធុល អាចនឹងសម្រាកព្យាបាលរយៈពេល២ខែ ទើបអាចវិលមកកាន់សភាពដើមវិញ។ ក្នុងនាមប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច នៅថ្ងៃច័ន្ទ ទី២១ខាងមុខនេះ លោកនឹងដឹកនាំក្រុមប្រឹក្សាទៅសួរសុខទុក្ខលោក អៀង សីធុល ដោយផ្ទាល់ ដោយសារកន្លងមកលោកមានគុណបំណាច់ធ្លាប់យកអំណោយជួយដល់អ្នកសិល្បៈក្រលំបាកឈឺថ្កាត់របួស ពិការ ស្លាប់ អំឡុងពេលលោកនៅកាន់ជាប្រធានសមាគមសិល្បករខ្មែរ៕
ចែករំលែកព័តមាននេះ