ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ នូវករណីលួចដែលចោរមួយក្រុមមានគ្នា៤នាក់បានបន្លំចូលលួចក្នុងហាងយីហោ ជីន លី ប្តូរប្រាក់ និងបង់រំលស់អស់ទឹកប្រាក់ជាច្រើន និងកាតទូរស័ព្ទមួយចំនួន រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹកថ្ងៃទី១៤ ធ្នូ ២០១៥ ស្ថិតនៅផ្ទះលេខ៥៨ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តប្រាប់កោះសន្តិភាពកាលពីរសៀលថ្ងៃទី១៤ ធ្នូ ២០១៥ នេះថា ក្រោយពីមានម្ចាស់ហាងបានរាយការណ៍មកកម្លាំងកងរាជហត្ថខេត្ត ទើបលោកបានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវដល់កន្លែងកើតហេតុភ្លាមៗ ។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងជំនាញក៏បានប្រតិបត្តិតាមដានស្រាវជ្រាវស្វែងរក។
លោកបន្តថា ក្រោយពីចោរបានចូលលួចក្នុងហាងខាងលើ ត្រូវបានម្ចាស់ហាងប្រាប់សមត្ថកិច្ចថា ចោរមានគ្នា៤នាក់ក្នុងនោះមានស្រីម្នាក់ជាជនជាតិវៀតណាមបានបន្លំដូរលុយ និងម្នាក់ទៀតបន្លំទិញពូកសុវត្ថិភាព និងកាតទូរស័ព្ទ ហើយពួកគេបានធ្វើសកម្មភាពដោយមានម៉ូតូចំនួន៣គ្រឿងពីជនរងគ្រោះឈ្មោះមឿន ស្រីផល អាយុ៣៥ឆ្នាំ មុខរបរប្តូរប្រាក់ និងបង់រំលស់ ។
លោកបានបញ្ជាក់ទៀតថា ជនរងគ្រោះបានបាត់បង់សម្ភារមានដូចជាប្រាក់ដុល្លារចំនួន៦.០០០ដុល្លារ ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល កាតទូរស័ព្ទចំនួន២០០ដុល្លារ ។ លោកថា ក្រោយពីធ្វើសកម្មភាពរួច ក្រុមចោរទាំង៤នាក់បានជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ ដោយសុវត្ថិភាព ។
ចែករំលែកព័តមាននេះ