ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​អ្នកលក់​មាស​កណ្ដាល​ក្រុង​បាត់ដំបង​អស់​​ជាង​១០ម៉ឺន​ដុល្លារ ចាប់​ជនសង្ស័យ​បាន​២​នាក់​ហើយ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ក្នុង​ផ្សារណាត់​ម្នាក់ ត្រូវ​ក្រុម​ចោរហារយ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​តាម​ស្ទាក់​បា.ញ់​ចំនួន​៣​គ្រាប់​ប្លន់​យក​គ្រឿងអលង្ការ​ចម្រុះ​អស់​៤​កេស​…

ខេត្តបាត់ដំបង ៖ អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ក្នុង​ផ្សារណាត់​ម្នាក់ ត្រូវ​ក្រុម​ចោរហារយ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​តាម​ស្ទាក់​បាញ់​ចំនួន​៣​គ្រាប់​ប្លន់​យក​គ្រឿងអលង្ការ​ចម្រុះ​អស់​៤​កេស និង​លុយ​២​កាបូប រូ​ច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ធ្នូ ២០១៥ ខណៈ​ដែល​ជន​រង​គ្រោះ​បើករថយន្ត​ដឹក​មាសប្រាក់​ទាំងនោះ​ចេញពី​ផ្សារ​ទៅ​ដល់​ខាង​មុខ​ផ្ទះ ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។ ប៉ុន្តែ​ក្រោយ​ពី​ការ​តាម​ប្រមាញ់​អស់​ពេល​ជា​ច្រើន​ម៉ោង កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​ដ៏​ព្រហើន​នេះ ថែម​ទាំង​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ផង ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ា​ន់ ផា អាយុ​៥៤​ឆ្នាំ​នៅ​ភូមិ​ស្ដៅ​អែម ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បាន​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ធ្នូ នៅ​ក្នុង​ឃុំ​កកោះ ស្រុក​ម៉ោង​ឫស្សី រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ នៅ រស់ មានស្រុក​កំណើត​នៅ​ខេត្តកោះកុង ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពេល​ពួក​គេ​ព្យាយាម​រត់គេច​ខ្លួន ។

លោក​បាន​បន្ត​ថា ក្រុម​ចោរ​កាំភ្លើងខ្លី​ទាំងនេះ​មាន​បក្ខពួក​ចំនួន​៥​នាក់ ប្រើប្រាស់​កាំភ្លើងខ្លី​២​ដើម ជិះ​ម៉ូតូ​៣​គ្រឿង បាន​តាម​ស្ទាក់​បាញ់​ប្លន់​អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ផ្សារណាត់ ពេល​បើករថយន្ត​ដឹក​គ្រឿងអលង្ការ​ទាំងនោះ​មក​ដល់​ខាង​មុខ​ផ្ទះ រួច​ចុះ​ពី​រថយន្ត​បម្រុង​ទៅ​បើកទ្វារ​បង ។

ជន​រង​គ្រោះ​ដោយ​អំពើ​ប្លន់​នេះ​ឈ្មោះ ហេង ជី​ឃាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​លក់​មាស និង​ដូរ​លុយ​នៅ​ផ្សារណាត់ ក្រុង​បាត់ដំបង និង​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​និយាយ​ប្រាប់​បន្ទាប់​ពី​កើតហេតុ​ថា គាត់​មិន​បានដឹង​ថា មាន​មនុស្ស​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រថយន្ត​លោក​ទេ លុះ​មក​ដល់​មុខ​ផ្ទះ​ពេល​លោក​ចុះ​ពី​រថយន្ត​បម្រុង​ទៅ​បើកទ្វារ​បង ក៏​ត្រូវ​ក្រុម​ចោរ​ស្ទុះ​មក​ភ្ជង់​តែ​ម្ដង ។ គាត់​និយាយ​ទៀត​ថា ក្រុម​ចោរ​មាន​គ្នា​ប្រហែល​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ។ ពួក​វា​មួយ​ចំនួន​ចុះ​ធ្វើ​សកម្មភាព​ប្លន់ តែ​មួយ​ចំនួន​អង្គុយ​លើ​ម៉ូតូ​ចាំ​ការពារ​គ្នា​វា ។

លោក ហេង ជី​ឃាង បាន​ប្រាប់​ថា ក្រុម​ចោរ​ទាំងនោះ​សុទ្ធតែ​បិត​ម៉ាស់​មុខ បាន​ដក​កាំភ្លើងខ្លី​បាញ់​ដី​គំរាម​ចំនួន​៣​គ្រាប់ និង​វាយ​ប្រពន្ធ​គាត់​ដណ្ដើម​យក​កាបូប និង​ខ្លះ​ដណ្ដើម​យក​កេស​ដាក់​គ្រឿងអលង្ការ តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ទេ ។ លោក ជី​ឃាង បាន​បញ្ជាក់​ប្រាប់​ដំបូង​ថា ក្រុម​ចោរ​បាន​ប្លន់​យក​គ្រឿងអលង្ការ​ចម្រុះ​អស់​៤​កេស​ដែក កាបូបស្ពាយ​ដាក់​លុយ​ចំនួន​២ និង​នាឡិការ​ខ្សែ​ប្លា​ទិន​១​គ្រឿង ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ក្រោយ​ពី​សមត្ថកិច្ច​សួរ​បញ្ជាក់​អំពី​ការ​បាត់បង់​ទ្រព្យ​ពិតប្រាកដ ជន​រង​គ្រោះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ប្រាក់​ខ្មែរ​៨​លាន​រៀល ប្រាក់​ដុល្លារ​៩០០​ដុល្លារ ប្រាក់​ថៃ​៤០០០​បាត រីឯ​គ្រឿងអលង្ការ​ទាំង​៤​កេស​នោះ​គិត​ជា​ទឹកប្រាក់​ប្រហែល​ជាង​១០​ម៉ឺន​ដុល្លារ ។

ជុំវិញ​ករណី​ក្រុម​ចោរហារយ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ជា​ច្រើន​ដើម​ថ្លើមធំ​ហ៊ាន​តាម​ស្ទាក់​បាញ់​ប្លន់​អា​ជីវ​ករលក់​មាស​ដល់​ផ្ទះ​នៅ​កណ្ដាល​ក្រុង​បាត់ដំបង​នេះ ត្រូវ​គេ​មើលឃើញ​ថា ក្រុម​ចោរ​ហាក់​បង្ហាញ​ពី​សកម្មភាព​ដ៏​ព្រហើន​ថែម​ទាំង​ផ្គើន​នឹង​កម្លាំង​សមត្ថកិច្ច​បំផុត ព្រោះ​ទីតាំង​ដែល​ប្លន់​ស្ថិត​នៅ​ខាងត្បូង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ប្រហែល​ជាង​២០០​ម៉ែត្រ​ប៉ុណ្ណោះ ។

កម្លាំង​សមត្ថកិច្ច​ក្រុង និង​ខេត្ត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ផ្អើល​ឆោឡោ ។ នៅ​ក្នុង​ស្ថានភាព​កំពុង​ជ្រូ​ល​ច្របល់ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ​ទីតាំង​ជា​ច្រើន​កន្លែង​ដែល​គេ​សង្ស័យ​ថា​ក្រុម​ជនសង្ស័យ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ ដូច​ជាស​ណ្ឋា​គារ «​ឡេ​ង​សេង​ណា​» នៅ​ក្បែរ​ផ្សា​រលើ, នៅផ្ទះ​សំណាក់​«៩៩៩» និង​ផ្ទះល្វែង​មួយ​កន្លែង​ទៀត​នៅ​ក្បែរ​ផ្សារណាត់ ។

ជាមួយនឹង​ការ​ឡោម​ព័ទ្ធ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ជា​បន្តបន្ទាប់ ក្នុង​នោះ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ចំនួន​៣​នាក់​មាន​ស្ត្រី​ម្នាក់​ផង​នៅ​ក្នុង​ស​ណ្ធា​គារ​«​ឡេ​ង​សេង​ណា​» រីឯ​បុរស​ម្នាក់​ទៀត​ត្រូវ​កម្លាំង​ស្នងការ​ខេត្ត​ឃាត់​បាន​នៅ​តាម​ផ្លូវ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ធ្នូ សមត្ថកិច្ច​បាន​អះអាង​ថា ជន​សង្ស័យ​ទាំងនោះ​ទំនង​មិន​ជាប់​ពាក់​ព័ទ្ធ​ក្នុង​អំពើ​ប្លន់​អាជីវករ​លក់​មាស​ទេ ប៉ុន្តែ​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​ជនសង្ស័យ​៣​នាក់​ដែល​ឃាត់ខ្លួន​នៅ​ក្នុង​ស​ណ្ធា​គារ​«​ឡេ​ង​សេង​ណា​» ថែម​ទាំង​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ជា​វត្ថុ​តាង ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​អំពី​ករណី​ប្លន់​នេះ​ថា គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣​ធ្នូ​នេះ ទាំង​កម្លាំង​នគរបាល ទាំង​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ហើយ ដែល​ជនសង្ស័យ​អះអាង​ថា ក្រុម​ពួក​គេ​មាន​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង និង​មាន​កាំភ្លើងខ្លី​ចំនួន​២​ដើម ពេល​ធ្វើ​សកម្មភាព ។ លោកស្នងការ​រង​បាន​ថ្លែង​ថា ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ខាងលើ​នេះ​មែន ថែម​ទាំង​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៀត​ផង ។ លោក​បញ្ជាក់​ថា ពេល​នេះ​ក្រុម​ចោរ​៣​នាក់​ទៀត​កំពុង​គេចខ្លួន តែ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទាំង​នៅ​ក្នុង​ក្រុង និង​នៅ​តាម​បណ្ដា​ស្រុក​នានា​ផង​កំពុង​ប្រឹងប្រែង​សហការ​ប្រទាក់ក្រឡា​គ្នា ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​នានា ដើម្បី​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ ។

សូម​បញ្ជាក់​ថា ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​គ​គ្លើ​ន​បំផុត​នៅ​ក្នុង​ខេត្តបាត់ដំបង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ធ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុ​វត្ថិភាព ។ ជា​ពិសេស​ក្នុង​ករណី​ប្លន់​អាជីវករ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​ទាំង​ថ្ងៃ​ខាងលើ​នេះ​តែ​ម្ដង ។ បើ​តាម​របាយការណ៍​គិត​ចាប់ពី​ថ្ងៃ​ទី​០៥​ដល់​ថ្ងៃ​ទី​១២​ធ្នូ​២០១៥​នេះ ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ចំនួន​៣​លើក​ផ្ទូ​ន​ៗ ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​សមត្ថកិច្ច​ត្រូវ​ធ្វើការ​ដោះស្រាយ នេះ​មិន​ទាន់​គិតដល់​អំពើ​ប្លន់​ដែល​បាន​កើតឡើង​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​២០១៥​កន្លង​មក​ផង ៕