រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជើងឆើតម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅសហការជាមួយក្រុមអាជីវករប្ដូរប្រាក់ ចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងបន្ទាប់ពីស្ត្រីរូបនោះបានយកលុយដុល្លារក្លែងក្លាយ៨០០ដុល្លារអាមេរិក ប៉ុន្តែទើបតែប្ដូរបាន១០០ដុល្លារប៉ុណ្ណោះ ត្រូវបានអាជីវករដឹងទាន់ក៏បានហៅអ្នកលក់ដូរតូបជិតគ្នានៅក្នុងផ្សារនោះឲ្យទៅជួយមើល និងបានប្ដឹងឲ្យប៉ូលិសចុះទៅចាប់ខ្លួនបានតែម្ដង ។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងផ្សារទួលពង្រដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ស្ត្រីរូបនោះឈ្មោះ ចក់ នាង អាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងភូមិជ្រោយអំពិល២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុខាងលើស្ត្រីរូបនោះបានធ្វើដំណើរទៅកាន់ផ្សារទួលពង្រ បន្ទាប់មកបានយកលុយក្រដាស់១០០ដុល្លារក្លែងក្លាយទៅដូរយកលុយរៀលនៅតូបអាជីវករប្ដូរប្រាក់នៅក្នុងផ្សារខាងលើ លុះដូរបានហើយបម្រុងដើរចាកចេញ ប៉ុន្តែភ្លាមៗនោះខាងអាជីវករបានពិនិត្យមើលលុយម្តងទៀត ទើបដឹងថា ជាលុយក្លែងក្លាយ ។ ក្រោយពេលដឹងថាជាលុយក្លែងក្លាយ អាជីវកររូបនោះបានហៅគ្នីគ្នាដែលជាអាជីវករដូចគ្នានៅក្នុងផ្សារនោះឲ្យជួយមើល និងបានទូរស័ព្ទទៅសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅឲ្យជួយឃាត់ខ្លួនស្ត្រីរូបនោះ ដើម្បីយកទៅសាកសួរ និងកសាងសំណុំរឿង ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចប៉ូលិសបានដកហូតកាបូបស្ពាយមួយ និងរកឃើញនៅក្នុងកាបូបនោះមានលុយដុល្លារក្រដាស់១០០ដុល្លារក្លែងក្លាយចំនួន៧សន្លឹក(ស្មើនឹង៧០០ដុល្លារ)ទៀត ដែលជាលុយមិនទាន់បានដូរ បន្ទាប់មកប៉ូលិសបានដកហូតវត្ថុតាងរួចបានបញ្ជួនស្ត្រីរូបនោះបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ