រាជធានីភ្នំុពេញ ៖ សាមណេរមួយអង្គបានក្លាយជាសង្ឃបរាជិក ដោយសារចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់រហូតបានសម្រេច កាលពីពេលថ្មីៗកន្លងមកនេះ ហើយភ្លាមៗនោះត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងប៉ូលិសឱ្យជួយរកយុត្តិធម៌ ហើយអាជ្ញាធរ និងកម្លាំងប៉ូលិសមូលដ្ឋានបានចុះទៅកាន់វត្តនោះដែរ ប៉ុន្តែមិនបានចាប់សង្ឃអង្គនោះផ្តន្ទាទោសឡើយ ព្រោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់។
គិតមកដល់វេលារសៀលថ្ងៃទី២០ វិច្ឆិកា នេះមានរយៈពេល១០ថ្ងៃគត់ទើបឈានដល់ការចាប់ខ្លួនសង្ឃអង្គនោះមកផ្សឹកនៅក្នុងវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលជាវត្តព្រះអនុគណខណ្ឌ បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យលើក្មេងស្រីរងគ្រោះឃើញថា មានសកម្មភាពចាប់រំលោភពិតប្រាកដមែន។
សាមណេរសង្ឃដែលប៉ូលិសចាប់ខ្លួនឈ្មោះអន គឹមហាក់ មានអាយុ១៤ឆ្នាំ ទើបតែបួសជានេនបានជាង១ខែប៉ុណ្ណោះ គឺនៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ២០១៥ នៅក្នុងវត្តគោកខ្សាច់ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
នៅថ្ងៃនោះសង្ឃអង្គនោះបានល្បួងក្មេងស្រីរងគ្រោះឱ្យចូលទៅក្នុងកុដិ ខណៈពេលនាងកំពុងដើរលេងជាមួយបងស្រីម្នាក់ទៀតដែលមានអាយុ៧ឆ្នាំ បន្ទាប់មកបានដេញបងស្រីនាងចេញ និងបានបិទទ្វារកុដិ ហើយឱ្យនំកញ្ចប់ និងទឹកក្រូចមួយកំប៉ុងទៅនាងរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច។
ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះបានប្រាប់ឪពុកម្តាយទើបធ្វើឱ្យមានការភ្ញាក់ផ្អើល និងនាំនាងទៅប្តឹងប៉ូលិសភ្លាមៗដែរ ដោយទាមទារសំណងចំនួន៣.០០០ដុល្លារ៕
ចែករំលែកព័តមាននេះ