ខេត្តសៀមរាប ៖ ជម្ងឺផ្តាសាយបក្សី(សត្វទា)ដែលបានឆ្លងមេរោគរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានៅស្រុកពួក ត្រូវបានមន្ត្រីជំនាញខាងពេទ្យសត្វ និងមន្ទីរសុខាភិបាល សហការគ្នាគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយដោយមិនមានឆ្លងដល់មនុស្សទេ ។
លោក ព្រំ វ៉ិច ប្រធានការិយាល័យបសុព្យាបាល និងផលិតកម្ម នៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃទី១៨វិច្ឆិកានេះថា ករណីផ្ទុះជំងឺផ្តាសាយបក្សីទៅលើសត្វទាប្រមាណ១ពាន់ក្បាល នៅក្នុងភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក គឺសត្វទាប្រមាណ១ពាន់ក្បាលក្នុងចំណោម៤ពាន់ក្បាលត្រូវបានកំចាត់ និងសម្លាប់ចោលអស់ហើយ ។
លោកបន្តថា ដើម្បីគ្រប់គ្រងស្ថានការណ៍នេះឱ្យបានល្អ គឺខាងមន្ត្រីជំនាញបានសម្រេចសម្លាប់សត្វទាទាំងអស់ដោយយកទៅកប់ក្នុងដី និងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងតំបន់នោះមិនឱ្យរាលដាលជំងឺនេះបន្តទៀតនោះទេ ។ លោកបានបញ្ជាក់ថា ក្រៅពីសត្វទាចំនួន១ពាន់ក្បាលដែលមានជំងឺផ្តាសាយបក្សីនេះ គ្មានមនុស្សណាម្នាក់ឆ្លងមេរោគនេះទេ ដោយសារតែកន្លែងចិញ្ចឹមទាដែលមានជំងឺផ្តាសាយបក្សីនេះស្ថិតនៅវាលស្រែឆ្ងាយដាច់ពីភូមិប្រជាពលរដ្ឋរស់នៅ ។
ជុំវិញករណីខាងលើនេះដែរ លោក មឿង សុនិត្យា ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប «កោះសន្តិភាព»មិនអាចសុំការពន្យល់បានទេនៅល្ងាចថ្ងៃទី១៨វិច្ឆិកានេះ ដោយលោកថា កំពុងជាប់រវល់ខ្លាំងណាស់ ។
ចំណែកលោក ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានក៏បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨វិច្ឆិកានេះថា ករណីនេះខាងលោកបានចុះណែនាំ និងទប់ស្កាត់បានហើយ ដោយមិនមានការឆ្លងរាលដាលដល់មនុស្ស ឬសត្វផ្សេងៗទៀតឡើយ ។
សូមរំលឹកផងដែរថា ករណីដែលមានជំងឺផ្តាសាយបក្សីនេះបានកើតឡើងនៅអំឡុងថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ត្រូវបានមន្ត្រីជំនាញខិតខំរកវិធីទប់ស្កាត់បានទាន់ពេលវេលា ដើម្បីមិនឱ្យឆ្លងទៅដល់មនុស្ស ឬសត្វផ្សេងៗទៀតនោះទេ ហើយបច្ចុប្បន្នជំងឺផ្តាសាយបក្សីនេះមានសភាពធម្មតាឡើងវិញហើយ ៕
ចែករំលែកព័តមាននេះ