រាជធានីភ្នំពេញ ៖ អស់ពេលជាយូរគួរសមមកហើយដែលកំពូលតារាចម្រៀងរៃកណ្តឹងអ្នកនាងម៉េង កែវពេជ្ជតា មិនទាន់មានបទចម្រៀងថ្មីៗចេញលក់នៅលើទីផ្សារបំពេរអារម្មណ៍ប្រិយមិត្តឲ្យអណ្តែតអណ្តូងដូចប៉ុន្មានឆ្នាំមុនឡើយ។
ដោយមិនបារម្ភពីភាពស្ងប់ស្ងាត់អ្នកនាងម៉េង កែវពេជ្ជតា នៅតែប្រកាន់ជំហរមុតមាំមិនច្រៀងចម្រៀងណាដែលចម្លងចេញពីបរទេសជាដាច់ខាតដើម្បីកុំឲ្យខូចឈ្មោះជាតារាចម្រៀងដែលមហាជនទទួលស្គាល់។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងឱកាសចូលរួមពិធីខួបកំណើតក្មួយស្រីអ្នកនាងព្រំ រដ្ឋា កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានឱ្យដឹងពីមូលហេតុមិនទាន់ចេញបទថ្មីៗដែលទស្សនិកជនរង់ចាំស្តាប់ថា ចំពោះបញ្ហាចម្រៀង គឺនៅតែមានចេញជូនពុកម៉ែបងប្អូនដដែលដូចពីមុន។ ប៉ុន្តែមនុស្សយើងម្នាក់ៗមានទស្សនៈខុសៗគ្នា អ្នកខ្លះគាត់ធ្វើអ្វីមួយ គឺបង្ខំយកបរិមាណតម្រូវតាមចំណង់ចំណូលចិត្តបច្ចុប្បន្ន គឺគេផ្តោតលើបរិមាណជាមុនសិនត្រូវការអ្វី គឺភ្លាមៗ។
ចំពោះអ្នកនាង គឺជាមនុស្សចាស់ទុំម្នាក់ដែលប្រឡូកសិល្បៈក្បែរ៣០ឆ្នាំមកហើយ ដោយមិនចង់ធ្វើអ្វីតាមចរិតក្មេងនោះទេ។ អ្នកនាងចង់ធ្វើអ្វីតាមគំនិតចាស់ទុំបន្តិចទើបការងារនោះបានយូរអង្វែង នេះជាការយល់ឃើញ និងទស្សនៈរបស់អ្នកនាងប៉ុណ្ណោះ។
ប្រសិនបើនិយាយទៅមានការប៉ះពាល់ដល់បងប្អូន គឺសូមអធ្យាស្រ័យ។ តារាចម្រៀងដែលរក្សាបានប្រជាប្រិយភាពអស់ជាច្រើនមកហើយរូបនេះបន្តលើកឡើងថា បទចម្រៀងឥឡូវនេះរាល់ថ្ងៃមានការចេញលក់ច្រើនមែន តែបើនិយាយពីគុណភាពទៅលើសម្លេង ស្នាដៃនិពន្ធ គឺភាគច្រើនចម្លងពីគេ។ អ៊ីចឹងបើថ្ងៃណាមួយអន្តរជាតិគេត្រូវការសម្លេងពិតប្រាកដនោះយើងអាចមានវិបត្តិ។
អ្នកនាងចង់ឲ្យបងប្អូនខ្មែរទាំងអស់ទទួលបានអ្វីដែលមានគុណភាពពិតប្រាកដ អត់ចង់ធ្វើអ្វីតាមចំណង់ចំណូលចិត្តអ្នកទស្សនាភ្លាមៗនោះទេ គឺចង់ធ្វើឲ្យទស្សនិកជនស្តាប់បទចម្រៀងយើង តែមិនបុរាណពេកសម័យមិនឈ្លើយ បុរាណមិនយឺត គឺយើងបញ្ចូលសិល្ប៍វិធីក្នុងនោះក្នុងការនិពន្ធ និងច្រៀង។
គោលបំណងរបស់អ្នកនាំងគឺចង់ឲ្យប្រជាជនស្តាប់អ្វីជាស្នាដៃខ្មែរ របស់ខ្មែរ ហើយជាអ្វីដែលពិត គឺមិនចង់ឲ្យគេធ្វើអ្វីដែលលាយឡំនោះទេ ។ អ្នកនាងសង្កតធ្ងន់ទៀតថា សព្វថ្ងៃនេះមិនអត់ទេ អ្នកអញ្ជើញអ្នកនាងចូលច្រៀង គឺនៅតែមាន ប៉ុន្តែអ្នកនាងចង់បានបទជាស្នាដៃខ្មែរ ព្រោះថាបទចម្រៀងរបស់អ្នកនាងដែលច្រៀងកន្លងមាន៨៥ទៅ៩០%ជាស្នាដៃខ្មែរទាំងទំនុក និងបទភ្លេង។
ម្ល៉ោះហើយទើបមានចិត្តចង់បានបែបនេះមកវិញដូចពីមុន ដោយចិត្តស្រឡាញ់វប្បធម៌ខ្មែរ អ្នកនាងគ្មានបំណងបន្ទោសបង្អាប់អ្នកណានោះទេ។ មនុស្សយើងបើស្រឡាញ់អ្វីស្រឡាញ់ឲ្យស្មោះចង់ឲ្យខ្មែរយើងមានឧត្តមភាពឡើងវិញដូចជំនាន់លោកតា ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ឋា ប៉ែន រ៉ន អ្វីក៏ជាខ្មែរដែរ៕
ចែករំលែកព័តមាននេះ