ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​ជលផល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​ខេត្ត​ចំនួន​៤​ក្នុង​ថ្ងៃ​តែ​មួយ

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នាយកដ្ឋាន​ជលផល ដែល​ដឹកនាំ​ដោយ​លោក យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ២០១៥ បាន​សហការ​ជាមួយ​មន្ត្រី​ជលផល​ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាយកដ្ឋាន​ជលផល ដែល​ដឹកនាំ​ដោយ​លោក យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ២០១៥ បាន​សហការ​ជាមួយ​មន្ត្រី​ជលផល​ខេត្តព្រៃវែង បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដង​ទន្លេ និង​ក្នុង​ដែន​អតីត​ឡូត៍​នេសាទ​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការពារ​ប្រភព​ធនធាន​ម​ច្ច​ជាតិ​ឱ្យ​នៅ​គង់វង្ស ។

លោក យុទ្ធ ភូ​ថង បានឱ្យ​ដឹង​ថា នាយកដ្ឋាន​ជលផល​បាន​បែងចែក​មុខព្រួញ​សំខាន់​ៗ​ចំនួន​៣​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ព្រម​ៗ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី​១ កញ្ញា​នេះ ដោយ​សកម្មភាព​ចុះ​បង្ក្រាប​នៅ​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ណៅ ធួ​ក​, នៅ​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​លោក​អធិការ​ទន្លេមេគង្គ និង​នៅ​ខេត្តកណ្តាល​-​ព្រៃវែង ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា នា​ពេល​កន្លង​មក មន្ត្រី​ជំនាញ​ជលផល​គ្រប់​ជាន់ថ្នាក់​បាន​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​តាម​គ្រប់​រូបភាព និង​គ្រប់​ទីកន្លែង ប៉ុន្តែ​មក​ដល់​ពេល​នេះ​សកម្មភាព​នៃ​បទល្មើស​ទាំងនោះ​ហាក់​មិន​មានការ​ថយ​ចុះ​សោះ ដូច្នេះ​ហើយ​ទើប​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ពិសេស​នាយកដ្ឋាន​ជលផល បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​ចុះ​បង្ក្រាប និង​តាមដាន​ជា​ប្រចាំ​នៅ​តាម​តំបន់​សំខាន់​ៗ​ដែល​កើត​មាន​បទល្មើស​ក្នុង​ខេត្ត​ទាំង​៤​ខាងលើ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១ កញ្ញា​នេះ សម្រាប់​ខេត្តព្រៃវែង មន្ត្រី​ជំនាញ​ជល ផល​បាន​ធ្វើការ​បង្ក្រាប និង​ដកហូត​បាន​មាត់​លូ​ស្បៃ​មុង​ចំនួន​ជាង​១០០​មាត់​លូ និង​កាត់​បំផ្លាញ​របាំង​ស្បៃ​មុង​បាន​ចំនួន​ជិត​៣​ពាន់​ម៉ែត្រ ព្រមទាំង​ព្រ​លែង​កូន​ត្រី​ដែល​ជាប់​នៅ​ក្នុង​លូ​ស្បៃ​មុង​ចូល​ទៅ​ក្នុង​ទន្លេ​វិញ​បាន​ចំនួន​ជិត​១​ពាន់​គីឡូក្រាម ។

លោក យុទ្ធ ភូ​ថង បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​តាម​តំបន់​នេសាទ​ក្នុង​ខេត្ត​ទាំង​៤​ខាងលើ មន្ត្រី​ជំនាញ​ជលផល​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា បទល្មើស​នេសាទ​ដែល​ប្រើ​ប្រាស់​របាំង​ស្បៃ​មុង ដើម្បី​ចាប់​យក​កូន​ត្រី គឺ​មាន​មិន​ទាប​ជាង​១​ម៉ឺន​មាត់​លូ​ស្បៃ​មុង​នោះ​ទេ ហើយ​១​មាត់​លូ​ក្នុង​១​ថ្ងៃ​បំផ្លាញ​អស់​ប្រមាណ​ជា​១០​គីឡូ​ក្រាម​ត្រី​យ៉ាងតិច ដូច្នេះ​បាន​ន័យ​ថា លូ​ស្បៃ​មុង​១​ម៉ឺន​មាត់​លូ​នោះ​ក្នុង​១​ថ្ងៃ​បាន​បំផ្លាញ​កូន​ត្រី​អស់​១០០​តោន ត្រី​ទាំងនេះ​បើ​ទុក​រយៈពេល​៣​ខែ​ទៀត វា​នឹង​ធំ​កើន​បរិមាណ​ពី​៥០​ទៅ​១០០​ដង ដូច្នេះ​បើ​ទូទាត់​ទៅ​គឺ​ស្មើនឹង​យើង​ត្រូវ​បាត់បង់​ត្រី​ប្រមាណ​ជា​៥​ពាន់​តោន​ក្នុង​១​ថ្ងៃ ដែល​នេះ​ជា​ការ​បាត់បង់​ដ៏​ធំធេង​បំផុត ។

ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​កុំឱ្យ​មានការ​វិនាស​បាត់បង់​តទៅ​ទៀត រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ជលផល សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ សូម​មេត្តា​បញ្ឈប់​រាល់​សកម្មភាព​នេសាទ​ខុស​ច្បាប់​គ្រប់​រូបភាព​ទាំងអស់ ព្រោះ​ធនធាន​មច្ឆជាតិ​ទាំង​អស់នេះ​គឺជា​ភោគផល​របស់​ប្រជាពលរដ្ឋ​យើង សហគមន៍​យើង ប្រទេស​ជាតិ​យើង ហើយ​បើ​យើង​នាំ​គ្នា​បំផ្លាញ​របៀប​នេះ វា​ក៏​ដូច​ជា​បំផ្លាញ​ជាតិ​យើង បំផ្លាញ​ឆ្នាំងបាយ​យើង និង​ធ្វើ​ឱ្យ​យើង​កាន់តែ​ក្រីក្រ​ថែម​ទៀត​ផង ។

ជាមួយនឹង​ការ​សំណូមពរ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ចំពោះ​ក្រុម​អ្នក​ដែល​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស និង​អ្នក​ចរាចរ​ ទាំង​អ្នកលក់ និង​អ្នកទិញ បើសិនជា​មាន​មន្ត្រី​ជលផល​បាន​ចុះ​ទៅ​ឃើញ​នោះ មន្ត្រី​ជំនាញ​ជលផល និង​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ហើយ​នេះ​គឺជា​ការ​ជូនដំណឹង​ទុកជា​មុន ដូច្នេះ​សូម​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​មេត្តា​យោគយល់ និង​ចូលរួម​សហការ​ទាំងអស់​គ្នា ក្នុង​ន័យ​ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​របស់​យើង​ឱ្យ​បាន​គង់វង្ស និង​កាន់តែ​សំបូរហូរហៀរ​ថែម​ទៀត ៕