ខេត្តបាត់ដំបង ៖ បុរសម្នាក់បែកពពុះមាត់ និងចេញឈាមតាមរោមដោយសារតែពុលពងគីង្គក់ ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចជួយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល គាត់បានស្លាប់នៅពាក់កណ្ដាលផ្លូវ កាលពីព្រឹកថ្ងៃទី២៦ សីហា នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។
បុរសរងគ្រោះឈ្មោះ សង អឿន អាយុ៣៥ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ច បានឱ្យដឹងថា បុរសរងគ្រោះស្លាប់ដោយសារតែពុលពងគីង្គក់ ដែលគាត់ចាប់យកទៅធ្វើម្ហូប ក្រោយពីភ្លក្សរួចក៏បែកពពុះមាត់ និងមានឈាមចេញតាមរោម ដែលមិនអាចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។
អ្នកភូមិបាននិយាយថា គេឃើញ សង អឿន ចេញទៅរកចាប់គីង្គក់ពេលមេឃកំពុងរលឹមតិចៗ ហើយក្រោយមកគាត់បានយកទៅធ្វើម្ហូប ឃើញគាត់ចម្អិនបណ្ដើរ ភ្លក្សបណ្ដើរ លុះបន្តិចក្រោយមកក៏មានការភ្ញាក់ផ្អើលថា គាត់មានអាការៈមិនស្រូល ស្រាប់តែបែកពពុះមាត់ ថែមទាំងមានឈាមចេញតាមរោមតិចៗផងនោះ អ្នកភូមិបានហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ដឹកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលបញ្ជូនដល់ពាក់កណ្ដាលផ្លូវគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ ។
សមត្ថកិច្ចដែលបានចុះទៅពិនិត្យ បាននិយាយថា សមាជិកក្នុងក្រុមគ្រួសារមិនទាន់មាននរណាម្នាក់បានហូបសម្លគីង្គក់នេះទេ បុរសរងគ្រោះទើបតែបានភ្លក្សម្នាក់ឯងប៉ុណ្ណោះ ក៏ពុលបែកពពុះមាត់រហូតដល់ស្លាប់តែម្ដង ។
មន្ត្រីដដែលបញ្ជាក់ថា គេឃើញមានពងគីង្គក់ជាច្រើននៅក្នុងសម្ល បុរសរងគ្រោះអាចពុលដោយពងគីង្គក់នេះ បើហូបសាច់មិនអីនោះទេ តែគាត់ហូបដោយទាំងពង ទើបបណ្តាលឱ្យពុលស្លាប់បែបនេះ ៕
ចែករំលែកព័តមាននេះ