រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ដែលប្រដាប់ដោយអាវុធខ្លីម៉ាកឡុក ព៌ណខ្មៅ មួយដើម ដាក់ជាប់នឹងខ្លួន ជាជនសង្ស័យគាស់ទ្វាររថយន្តលួចយកទ្រព្យសម្បត្តិ ត្រូវបានកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចំការមនក្របួចបាន នៅពេលដែលជិះរថយន្តស៊េរីទំនើបមួយគ្រឿង មកធ្វើសកម្មភាពគាស់ទ្វាររថយន្តបាឡែន ១គ្រឿង របស់ភ្ញៀវម្នាក់ យកទ្រព្យសម្បតិ្តក្នុងរថយន្ត កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៥ សីហា ស្ថិតនៅចំណតរថយន្តផ្សារទំនើបអ៊ីអន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា បុរសសង្ស័យឈ្មោះ វ៉ាន់ ប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវបានកដរាជអាវុធហត្ថឃាត់ខ្លួនបាននៅពេលដែលជិះរថយន្តស៊េរីទំនើបម៉ាកវ៉ុលវ៉ាហ្គេន១៥កៅអី ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង មកធ្វើសកម្មភាពគាស់ទ្វាររថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខបាត់ដំបង ២A-៦៣៦៨ មួយគ្រឿ របស់ភ្ញៀវយកទ្រព្យសម្បត្តិនៅក្នុងរថយន្ត ។
បុរសជាម្ចាស់រថយន្តរងគ្រោះឈ្មោះ កុំ ហាក់ អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានជិះរថយន្តរបស់ខ្លួនទៅចតក្នុងចំណតរថយន្តផ្សារទំនើបអ៊ីអន ក៏ត្រូវបុរសសង្ស័យខាងលើគាស់ទ្វារយកអស់ប្រាក់ចំនួន ២៥.៨២០បាត និងទូរស័ព្ទដៃម៉ាក Iphine5 មួយគ្រឿង ។
ក្រោយពេលឃាត់ខ្លួន បុរសសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីសាកសួរ និងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ