រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក សីហា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ដនីតិវិធី សហការជាមួយការិយាល័យនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ និងនគរបាលខណ្ឌដូនពេញ ដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យក្នុងការដ្ឋានសំណង់របស់ធនាគារមួយ ដែលស្ថិតនៅតាមផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០១៥ ។
មន្ត្រីនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ដនីតិវិធីបានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចរកឃើញកម្មករជនបរទេសជាង១០០នាក់ ក្នុងនោះជនជាតិវៀតណាមមានជាង១០០នាក់ ជាជនជាតិម៉ាឡេស៊ី៦នាក់ ជនជាតិហ្វីលីពីន២នាក់ និងជនជាតិកូរ៉េខាងត្បូងចំនួន៥នាក់ ។
ក្រោយពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានរកឃើញថា ជនជាតិវៀតណាមចំនួន៣៨នាក់ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ដូច្នេះត្រូវ បញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បន្ដការសាកសួរនាំ និងរៀបចំសំណុំរឿងបណ្ដេញចេញពីប្រទេសកម្ពុជា ។
ប្រតិបត្ដិការចុះឆែកឆេរ និងត្រួតពិនិត្យការរស់នៅ និងធ្វើការរបស់ជនបរទេស ជាពិសេសជនជាតិវៀតណាមនៅលើទឹកដីកម្ពុជា ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់តាមបណ្ដារាជធានី-ខេត្ដ ដើម្បីអនុវត្ដច្បាប់ជនអន្ដោប្រវេសន៍ប្រកបដោយប្រសិទ្ធភាព ពោលមិនអនុញ្ញាតឱ្យជនបរទេសណាម្នាក់ រស់នៅដោយខុសច្បាប់នោះឡើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ