រាជធានីភ្នំពេញ ៖ នារីម្នាក់កំពុងតែអង្គុយញ៉ាំអីជាមួយមិត្តភក្តិ ក៏លិចមុខក្រុមចោរឆក់២នាក់ ម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀតរត់ចូលមកឆក់កាបូបពីនារីរងគ្រោះរត់ឡើងម៉ូតូបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញតាមទាន់វាយស្ទើរស្លាប់ ។ ហេតុកាណ៍នេះកើតនៅវេលាម៉ោង៩យប់ ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៥ នៅទល់មុខសាកលវិទ្យាល័យបញ្ញាសាស្ត្រ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំកាមន ។
ចោឆក់ទាំង២នាក់មានឈ្មោះ គង់ ប៊ុនហាក់ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំជើងឯក មុខរបរសន្តិសុខ និងម្នាក់ទៀតឈ្មោះ ណា រ៉ាត់ អាយុ២៣ឆ្នាំ ស្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត ទើបតែមកភ្នំពេញបានមួយថ្ងៃ ។ ចំណែកនារីរងគ្រោះឈ្មោះ ប៉ាក់ រស្មី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០ ផ្លួវ២០០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះកំពុងតែអង្គុយញ៉ាំពងមាន់អាំងជាមួយមិត្តភក្តិនៅមុខសាកលវិទ្យាល័យបញ្ញាសាស្ត្រ តែនៅពេលដែលកំពុងតែញ៉ាំនារីរងគ្រោះបានទុកកាបូបស្ពាយនៅលើភ្លៅ ភ្លាមៗនោះក៏លេចមុខក្រុមចោរឆក់រាសីដាក់២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE-3779 បានមកឈប់ក្បែរកន្លែងកើតហេតុ ម្នាក់ចាំម៉ូតូ និងម្នាក់ទៀតរត់ចូលមកឆក់កាបូបពីនារីរងគ្រោះ ដែលក្នុងកាបូបនោះមានលុយត្រឹមតែ១៥០០០រៀន និងទូរស័ព្ទស៊េរីចាស់២គ្រឿងតែប៉ុណ្ណោះ ។ បន្ទាប់ពីឆក់បានហើយចោរឆក់នៅក៏បានរត់ឡើងម៉ូតូរបស់គ្នីគ្នា និងបានបើករត់គេចខ្លួន តែដោយប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍ ហើយដោយម្នាក់ៗមានចិត្តគុំគួននឹងពួកចោរដែលតែងតែធ្វើសកម្មភាពឆក់កាបូបគេ និងបណ្តាលឱ្យជនរងគ្រោះជាច្រើននាក់ខ្លះរបួសស្រាល ខ្លះរបួសធ្ងន់ និងអ្នកខ្លះទៀតបាត់បងទ្រព្យសម្បត្តិ ក៏នាំគ្នាជិះម៉ូតូដេញតាមក្រុមចោរឆក់ទាំង២នាក់នោះរហូតដល់ចំណុចផ្លូវលេខ៥៧ កែងផ្លូវលេខ៣២២ ខណៈនោះក្រុមចោរឆក់ក៏បានជិះម៉ូតូទៅបុកនឹងរថយន្ត១គ្រឿងបណ្តាលឱ្យដួល ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយស្ទើរស្លាប់ កុំតែសមត្ថកិច្ចមកឃាត់ទាន់ បើមិនចឹងទេនោះចោរឆក់រាសីដាក់ទាំង២នាក់នេះនឹងត្រូវប្រជាពលរដ្ឋកាត់ទោសជាមិនខាន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១បានយកចោរឆក់ទាំង២នាក់ទៅប៉ុស្តិ៍បឹងកេងកង១ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីកសាងសំណុំរឿង និងបញ្ជូនចោរឆក់ទាំង២នាក់នៅទៅតុលាកាត់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ