ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខ្លួន​សម្តែង​របស់​ឱ​ក សុគន្ធ​កញ្ញា​ និង​មាស សុខ​សោភា​ មួយ​ណា​ខ្ពស់​ជាង ?

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​២​ដួង​នៅ​ផលិតកម្ម​ផ្សេង​គ្នា គឺ​ហង្ស​មាស និង​ថោ​ន ត្រូវ​មហាជន​កត់សម្គាល់​ឃើញ​ថា មាន​ប្រជាប្រិយភាព​ប្រដេញ​គ្នា ។ ស្ថិត​ក្នុង​លំដាប់​កំពូល​ដូច​គ្នា ដូច្នេះ​តារាចម្រៀង​ស្រី​២​ដួង​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​២​ដួង​នៅ​ផលិតកម្ម​ផ្សេង​គ្នា គឺ​ហង្ស​មាស និង​ថោ​ន ត្រូវ​មហាជន​កត់សម្គាល់​ឃើញ​ថា មាន​ប្រជាប្រិយភាព​ប្រដេញ​គ្នា ។ ស្ថិត​ក្នុង​លំដាប់​កំពូល​ដូច​គ្នា ដូច្នេះ​តារាចម្រៀង​ស្រី​២​ដួង​នេះ​មាន​តម្លៃ​ខ្លួន​ច្រៀង​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ ។

តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា មាន​ទឹកដម​សំឡេង​ពីរោះ និង​រំលេច​ដោយ​ក្បាច់​រាំ ប្លែក​ៗ​ចេះ​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាង​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ដោយសារ​បែប​នោះ​ហើយ​តារាចម្រៀង​រូប​នេះ​រក្សា​បាន​តំណែង​ជា​តារាចម្រៀង​មានការ​គាំទ្រ​ច្រើន ។ ពេញ​មួយ​ឆ្នាំ ឱ​ក សុគន្ធ​កញ្ញា​មានការ​ងារ​ច្រើន​ដែល​ត្រូវ​បំពេញ និង​បែងចែក​ពេលវេលា​ច្បាស់លាស់ ។ ជា​ការ​កត់សម្គាល់​ក្នុង​មួយ​ឆ្នាំ​ៗ​ស្រី​ស្អាត​ឱ​ក សុគន្ធ​កញ្ញា ដែល​មាន​និស្ស័យ​សិល្បៈ​តាំងពី​កុមារភាព​មក​ត្រូវ​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​ទាក់ទង​ឱ្យ​ផ្សព្វផ្សាយ​ផលិតផល ។

ក្រុមហ៊ុន​ទាំងនោះ​មាន​ទាំង​ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុន​ទឹក​ផ្លែ​ឈើ ហាង​លក់​សម្លៀក​បំពាក់ ហាង​កាត់ដេរ ក្រុមហ៊ុន​សំឡី​អនាម័យ និង​ម្សៅ​ជាដើម​។ បន្ថែម​ពី​នេះ​ក្នុង​ពិធី​សម្ពោធ​រោង​ភាពយន្ត ឬ​ខួបកំណើត​រោង​ភាពយន្ត​ជាដើម សុគន្ធ​កញ្ញា​ចូលរួម​ច្រៀង ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ទៅ​តាម​លំដាប់​កេរ្តិ៍ឈ្មោះ ។

ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ឱ​ក សុ​គ​ន្ឋ​កញ្ញា បើ​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​យក​តម្លៃ​ខ្លួន​៣​ពាន់​ដុល្លារ ។ ចំពោះ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មាន​កិច្ចសន្យា​វិញ​រយៈពេល​មួយ​ឆ្នាំ​តម្លៃ​២៥.០០០​ដុល្លារ ដោយ​តម្លៃ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​នាង​អាច​ចុះ​ជាង​នេះ ឬ​យ៉ាងណា​ទេ ដោយ​មិន​មានការ​បញ្ជាក់​ពី​សាមីខ្លួន ឬ​ខាង​ផលិតកម្ម​ហង្ស​មាស ។ ទោះបីជា​យ៉ាងណា​ក្តី កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ត្រូវ​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ការងារ​សម្តែង​ខ្ពស់​ជាងគេ​ដោយ​ផ្អែក​ទៅ​លើ​ទេព​កោសល្យ​សិល្បៈ ព្រមទាំង​ការ​គោរព​ពេលវេលា វិន័យ និង​អត្ត​ចរិតល្អ ។

ចំណែក​តារាចម្រៀង​មនោសញ្ចេតនា​មាស សុខ​សោភា​វិញ តាំង​តែ​ពី​ចូល​ផលិតកម្ម​ថោ​ន​មក​មាន​សន្ទុះ​ទីផ្សារ​សិល្បៈ​ខ្លាំង​មិន​អន់​ជាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា​ប៉ុន្មាន​ឡើយ ។ មាស សុខ​សោភា ត្រូវ​ទស្សនិកជន​យល់​ឃើញ​ថា​មានការ​ប្រជែង​គ្នា​យ៉ាង​ប្រកៀក​ប្រកិត​ជាមួយ​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​។ ទោះជា​តារា​ស្រី​២​ដួង​នេះ​មិន​មានគំនិត​ឈ្នះ​ចាញ់​គ្នា តែ​ផ្អែក​ការងារ​សិល្បៈ​របស់​តារា​ទាំង​២​នាក់​នេះ​បោះពួយ​ទៅ​មុខ​ស្ទើរតែ​ដូច​គ្នា​ទាំង​ការ​ច្រៀង​និង​ថត​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​នានា ។
មាស សុខ​សោភា ត្រូវ​ក្រុមហ៊ុន ធំ​ៗ ហាង​សម្លៀក​បំពាក់ ក្រុមហ៊ុន​ម្សៅ និង​ក្រុមហ៊ុន​ផ្សេង​ទៀត កក់​ធ្វើ​ជាតា​រា​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​មិន​ចាញ់​ឱ​ក សុគន្ធ​កញ្ញា​ទេ ។ មាស សុខ​សោភា មាន​តម្លៃ​ខ្លួន​ចេញ​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ចំនួន​២.៥០០​ដុល្លារ ។ ចំពោះ​ការ​ថត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​មាន​ចុះ​កិច្ចសន្យា​ក្នុង​មួយ​ឆ្នាំ សោភា​ទទួល​បាន​តម្លៃ​ខ្លួន​១៥.០០០​ដុល្លារ ប៉ុន្តែ​បើ​ស្ប៉ត​ពាណិជ្ជកម្ម​មិន​មាន​កិច្ចសន្យា​តម្លៃ​ខ្លួន​១២.០០០​ដុល្លារ ។ តម្លៃ​នេះ​បញ្ចេញ​ឲ្យ​ដឹង​តាម​រយៈ​លោក​មាស សុខ​រតនៈ​ជា​បងប្រុស​របស់​មាស សុខ​សោភា ។ 

លោក​មាស សុខ​រតនៈ ឱ្យ​ដឹង​ថា «​តម្លៃ​ខ្លួន​របស់​មាស សុខ​សោភា​ក្នុង​កម្រិត​នោះ​ជា​ការណ៍​ពិត តែ​ជា​តម្លៃ​ដែល​ដាក់​ចេញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ គិត​ជា​មធ្យម​ទេ​ដែល​មាស សុខ​សោភា ចេញ​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មាន​តម្លៃ​២.៥០០​ដុល្លារ ប៉ុន្តែ​ក៏​មាន​តម្លៃ​ទាប​ជាង​នេះ​ចាប់ពី​១.៥០០​ដុល្លារ​ឡើង ។ ចំពោះ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មាស សុខ​សោភា​ទទួល​តម្លៃ​ពី​១៥.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​ដែល​នាង​ទើបតែ​ដំឡើង​ក្នុង​ឆ្នាំ​២០១៤​និង​២០១៥​នេះ​» ៕