ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់លោកពោលថា ជង់មិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជង់ ជាក់ស្តែងជនជាប់ចោទម្នាក់ដែលគេធ្លាប់ដឹង និងស្គាល់ថា ជាជើងកាប់ចាក់យ៉ាងសាហាវឲ្យតែមានទំនាស់ជាមួយគូបដិបក្ខរបស់ខ្លួន ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអនុវត្តតាមដីកាចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី១៧ សីហា នេះពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើគូទំនាស់របស់ខ្លួនឲ្យរងរបួសធ្ងន់ រួចរត់គេចទៅសម្ងំលាក់ខ្លួននៅខេត្តសៀមរាបរយៈពេលជាង៧ខែកន្លងមក ។
លោកវរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ អ៊ុន ភារុន ហៅអារ.កទា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ ជននេះរួមទាំងបក្ខពួកគេមានគ្នា៣នាក់ បានធ្វើសកម្មភាពកាប់ប្រហារទៅលើគូទំនាស់របស់ខ្លួនឈ្មោះ យឹម តុលា ហៅមៀវ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅចំណុចមុខផ្សាររាត្រី ស្ថិតក្នុងភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា បណ្តាលឲ្យរបួសថ្ពាល់ខាងឆ្វេង ដាច់ស្លឹកត្រចៀកខាងឆ្វេង ចំក្បាលចំហៀងខាងឆ្វេង និងកែងដៃខាងឆ្វេង រងរបួសធ្ងន់ ។ ក្រោយពីធ្វើសកម្មភាពរួចជននេះបានរត់គេចខ្លួនមួយរយៈ ពេលត្រឡប់មកវិញត្រូវបាននគរបាលចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ឃាត់ខ្លួនរបស់តុលាការខេត្តបន្ទាយមានជ័យ ។ នេះគឺជាជនទី២ក្នុងចំណោមបក្ខពួកគេ៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគឺពិតជាបានកាប់ទៅលើឈ្មោះ យឹម តុលា ហៅមៀវ ពិតប្រាកដមែនកាលពីអំឡុងខែមករា ឆ្នាំ២០១៥ បន្ទាប់ពីកាប់រួចគេក៏បានរត់គេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តសៀមរាបបានរយៈពេលជាង៧ខែ ពេលត្រឡប់មកវិញក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។
លោកស្នងការរងបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ អ៊ុន ភារុន ហៅអារ.កទា ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត រង់ចាំបើកសវនាការកាត់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ