រាជធានីភ្នំពេញ ៖ ប្រព័ន្ធលូតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលបន្សល់ទុកកាលពីសម័យបារាំងរាប់សិបឆ្នាំមកហើយនោះ ពេលនេះពិតជាមានសភាពចាស់ទ្រុឌទ្រោម និងបាក់ស្រុតជាបន្តបន្ទាប់ ហើយម្យ៉ាងជាប្រភេទលូដែលមានទំហំតូចផងនោះ សាលារាជធានីភ្នំពេញបាននិងកំពុងដំណើរការដាក់បណ្តាញលូថ្មី ទំហំអង្កត់ផ្ចឹត១ម៉ែត្រ បណ្តោយ១២៨០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៧០ ដល់ផ្លូវលេខ១០៦ ត្រង់ចំណុចមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ក្នុងខណ្ឌដូនពេញ ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកឱ្យហូរបានលឿន កាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀង ។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាទឹកលិចលើដងមហាវិថីព្រះមុនីវង្ស និងដោយសារបណ្តាញលូមហាវិថីព្រះមុនីវង្សមានទំហំលូតូច ចាស់ទ្រុឌទ្រោម បាក់ស្រុត មិនដំណើរការតាមទីតាំងមួយចំនួន សាលារាជធានីភ្នំពេញបាននិងកំពុងដាក់បណ្តាញលូថ្មីទំហំអង្កត់ផ្ចឹតលូ១ម៉ែត្រ ប្រវែង១២៨០ម៉ែត្រ លើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវលេខ១០៦ ចំណុចមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ក្នុងខណ្ឌដូនពេញ ។ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ការដ្ឋានដាក់លូសម្រេចបានប្រវែង៥៣៨ម៉ែត្រលើប្រវែងសរុប ១២៨០ម៉ែត្រ ត្រូវជា៤២%នៃគម្រោង ។
មន្ត្រីមន្ទីរសាធារណការបានបញ្ជាក់ថា ការងារដាក់ប្រពន្ធ័លូនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនេះគ្រោង បញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០១៥នេះ ។
សាលារាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរនៅទីតាំងការដ្ឋាន ៕
ចែករំលែកព័តមាននេះ