ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានបើកប្រតិបត្តិការចុះបង្ក្រាបបានមុខសញ្ញាចោរឆក់ និងលួចមួយសំបុកធំ រហូតឈានឃាត់ខ្លួនបានជាបន្តបន្ទាប់ ដែលមានប្រុស-ស្រីចំនួន១១នាក់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ។
លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់«កោះសន្តិភាព»ឱ្យដឹងថា ក្រុមចោរឆក់ និងលួច ដែលបង្ក្រាបបាននេះពុំមែនជាមុខសញ្ញាចាស់ ឬមានការចាត់ចែងពីមេខ្លោងណានោះទេ ពួកគេគឺចេញពីប្រភពញៀនថ្នាំ និងគ្មានមុខរបរពិតប្រាកដ ហើយមួយចំនួនទៀតគឺចាកចេញពីផ្ទះសម្បែងចោលឪពុក-ម្តាយផងដែរ ហើយសកម្មភាពនេះពួកគេបានផ្លាស់ប្តូរគ្នាដើរលួច និងឆក់នៅក្នុងសង្កាត់ចំនួន៤ នៃក្រុងសៀមរាប ។
លោកបន្តថា ប្រតិបត្តិការចុះបង្ក្រាបនេះគឺមានការលំបាកបន្តិច ប៉ុន្តែត្រូវបានលោកឧត្តសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានផ្តល់ជូននូវថវិកាចំនួន៨០ម៉ឺនរៀល និងលោក ព្រហ្ម សាគុណ (នាយកក្រុមហ៊ុនឯកជនឈ្មោះ រ៉ូយាល់ អវតា ឌីវេលុបមិន) ក៏បានផ្តល់ថវិកាចំនួន២០ម៉ឺនរៀលដែរសម្រាប់លើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចរបស់ការិយាល័យជំនាញ ។ ប្រាក់ដែលបានពីការឧបត្ថម្ភនេះលោកបានផ្តល់ទៅឱ្យលោកអនុសេនីយ៍ទោ ជា ប៊ុនឡុង ចំនួន២០ម៉ឺនរៀល និង៦០ម៉ឺនរៀលទៀតផ្តល់ឱ្យកម្លាំងសម្ងាត់ក្នុងមូលដ្ឋាន ដែលសហការបានល្អ និងស្ងាត់ស្ងៀម ទើបឈានដល់ឃាត់ខ្លួនប្រុស-ស្រីបាន១សំបុកធំយ៉ាងដូច្នេះ ។
លោកបានបញ្ជាក់ថា ជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ដែលបានឃាត់ខ្លួននេះមាន ទី១-ឈ្មោះ ស៊ុន ដារ៉ា ហៅទេព្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប, ទី២-ឈ្មោះ ឆន ស៊ីរដ្ឋា ហៅជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប, ទី៣-ឈ្មោះ ហម ធីតា ហៅហ្កិច ភេទស្រី អាយុ២៣ឆ្នាំ គ្មានមុខរបរ ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម, ទី៤-ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ, ទី៥-ឈ្មោះ សាន្ត ស៊ីម ហៅទឹកកក ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម, ទី៦-ឈ្មោះ អ៊ឹង សុខា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ, ទី៧-ឈ្មោះ ឈុន មេងរ៉ូ ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ, ទី៨-ឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក, ទី៩-ឈ្មោះ ឡៃ រដ្ឋម៉ាណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍បុស្ស ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប, ទី១០-ឈ្មោះ អ៊ួង គន្ធា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និងទី១១-ឈ្មោះ គង់ ស្រីលក្ខ ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅក្នុងក្រុងសៀមរាប ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ១គ្រឿងរបស់ជនសង្ស័យដែលជាមធ្យោបាយធ្វើសកម្មភាពលួច និងឆក់ ព្រមទាំងសម្ភារមួយចំនួនទៀតរបស់ភ្ញៀវក្នុងក្រុងសៀមរាប ។
បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យប្រុស-ស្រីចំនួន១០នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ លើកលែងតែឈ្មោះ គង់ ស្រីលក្ខ ម្នាក់ដែលកម្លាំងជំនាញបានបញ្ជូនទៅមណ្ទលកែប្រែ ដោយសាតែនាងជាអនីតិជន៕
ចែករំលែកព័តមាននេះ