រាជធានីភ្នំពេញ ៖ កញ្ញាទឹម រដ្ឋា បាន ទទួលធ្វើជាតារាបង្ហាញម៉ូដឲ្យក្រុមហ៊ុនល្បី ឈ្មោះមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានសាខាថ្មីនៅភ្នំពេញ ។ ក្រុមហ៊ុននោះឈ្មោះ ELIUS ។
ក្នុងកម្មវិធីបង្ហាញម៉ូដសម្ពោធក្រុមហ៊ុន ELIUS ប្រចាំនៅកម្ពុជា ដោយសហការជាមួយក្រុម ALLURE នោះ កញ្ញាទឹម រដ្ឋា ដ៏ស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញបានទទួលបង្ហាញម៉ូដសម្លៀកបំពាក់ធ្វើអំពីសូត្រ ហើយមានការកោតសរសើរមិនដាច់ពីមាត់ពីទស្សនិកជនចំពោះរូបរាង និងទេពកោសល្យនៃការដើរម៉ូដដ៏ល្អរបស់នាង ។
ក្នុងនាមតំណាងឲ្យក្រុមហ៊ុន ELIUS នៅកម្ពុជា ជាសាខាទី២បន្ទាប់ពីនៅប្រទេសបារាំង កញ្ញាទឹម រដ្ឋា ប្រាប់ឲ្យដឹងថា នាងត្រូវម្ចាស់ក្រុមហ៊ុនឱ្យធ្វើជាអ្នកដើរបង្ហាញម៉ូដប្រចាំក្រុមហ៊ុន ។ ជាងនេះទៅទៀតរដ្ឋាធ្វើជាអ្នកបង្រៀនដើរម៉ូដប្រចាំក្រុមហ៊ុនផងដែរ ។
តារាបង្ហាញម៉ូដ ទឹម រដ្ឋា បញ្ជាក់ថា មូលហេតុដែលនាងសម្រេចដើរម៉ូដឲ្យក្រុមហ៊ុន ELIUS ព្រោះជាក្រុមហ៊ុនល្បីឈ្មោះ បោះសំឡេងលើការច្នៃម៉ូដសម្លៀកបំពាក់ ចំណែកការធ្វើជាគ្រូដើរម៉ូដវិញ មកពីនៅប្រទេសកម្ពុជាមិនសូវមានសាលាបង្រៀនផ្នែកបង្ហាញម៉ូដទេ ។
បច្ចុប្បន្ននៅកម្ពុជាមានការខ្វះខាត គ្រូ បង្ហាត់ផ្នែកបង្ហាញម៉ូដ ដូច្នេះក្រុមហ៊ុនបារាំងសម្រេចឲ្យទឹម រដ្ឋា ធ្វើជាគ្រូ ហើយនាងយល់ថា ជាការល្អណាស់ មិនតែប៉ុណ្ណោះនាងនឹងខិតខំបង្រៀនសិស្សឲ្យបានល្អ សម្រាប់ការដើរម៉ូដមិនឲ្យចាញ់តារាបរទេសទេ ។
កញ្ញាទឹម រដ្ឋា និយាយថា «តាមខ្ញុំដឹងក្រុមហ៊ុននេះជាសាខាទី២បន្ទាប់ពីនៅប្រទេសបារាំងដែលបានបង្កើតឡើងយូរណាស់មកហើយ និងមានផលិតផលច្រើន ។ ខ្ញុំមកធ្វើការឲ្យក្រុមហ៊ុននេះគឺជាប់កិច្ចសន្យាជាមួយគាត់ ព្រោះថាខ្ញុំបានផុតកិច្ចសន្យាជាមួយក្រុមដើរម៉ូដស៊ុបពើម៉ូដែលហើយ អុីចឹងខ្ញុំប្រហែលជាឈប់កន្លែងចាស់ហើយ ប៉ុន្តែក្រុមហ៊ុនថ្មីក៏អនុញ្ញាតឲ្យនាងខ្ញុំដើរម៉ូដ ផ្សេងៗដែរ ប៉ុន្តែគ្រាន់តែប្រាប់គាត់មុនដើរម៉ូដបែបណា និងត្រូវប្រាប់ថាខ្ញុំមកពីក្រុមហ៊ុនណា» ។
កញ្ញាទឹម រដ្ឋា ឲ្យដឹងថា ក្រុមហ៊ុនដែលនាងដើរម៉ូដ និងធ្វើជាគ្រូបង្ហាត់នេះ បាននាំចូលសម្ភារប្រើប្រាស់ និងតុបតែងខ្លួន ដូចជា ក្រវាត់ក សម្លៀកបំពាក់ធ្វើអំពីសូត្រ និងសម្ភារជាច្រើនទៀតពីប្រទេសជប៉ុន ។ ចំពោះការបង្ហាត់ផ្នែកបង្ហាញម៉ូដនេះមានបង្រៀនការដើរម៉ូដ របៀបនិយាយស្តី និងសុជីវធម៌ ៕
ចែករំលែកព័តមាននេះ