ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាមជិត១០០នាក់បាននាំគ្នាជួលអង្រឹងដេកនៅក្នុងរោងជាប់ព្រំដែនកម្ពុជា-វៀតណាមខាងក្រោយផ្សាររាត្រីនៅក្បែរអង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតចម្ងាយ១០០ម៉ែត្រ។ ជនជាតិវៀតណាមទាំងនេះត្រូវគេសង្ស័យថា ជាជនអន្តោប្រវេសន៍ខុសច្បាប់គ្មានលិខិតឆ្លងដែន ហើយលួចចូលមកតាមច្រករបៀងនានាក្នុងក្រុងបាវិតទៅលេងល្បែងនៅក្នុងកាស៊ីណូក្រុងបាវិត រួចពេលយប់ក៏នាំគ្នាទៅជួលអង្រឹងដេកទម្រាំដល់ភ្លឺពួកគេនឹងចាកចេញទៅប្រទេសវៀតណាមវិញ ឬក៏ចាកចេញទៅទីណាក៏គ្មានអ្នកណាដឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២ សីហា ២០១៥ នៅចំណុចក្រោយផ្សាររាត្រីក្បែរទីស្នាក់ការអង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
បើតាមជនជាតិវៀតណាមម្នាក់បានឱ្យដឹងថា គាត់ឈ្មោះយឿង ហ្វាងយុង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ពួកគេ៥នាក់បានមកប្រទេសកម្ពុជា៣ថ្ងៃហើយ គឺចូលតាមច្រករបៀងក្នុងក្រុងបាវិត ហើយបានបង់ប្រាក់ឱ្យប៉ុស្តិ៍ច្រករបៀង១៥ម៉ឺនដុង។
ពួកគេចូលមកកម្ពុជាក្នុងគោលបំណងមកលេងល្បែងក្នុងកាស៊ីណូក្រុងបាវិត។ ប្រភពដដែលបន្តថា ពួកគេចូលលេងល្បែងនៅក្នុងកាស៊ីណូនៅវេលាម៉ោង៩ព្រឹករហូតដល់ម៉ោង២យប់ទើបពួកគេ និងអ្នកមកលេងល្បែងដទៃទៀតនាំគ្នាទៅជួលអង្រឹងដេករហូតដល់ម៉ោង៩ព្រឹកវិញទើបចាកចេញ ហើយកន្លែងជួលអង្រឹងដេកនោះគ្រាន់តែទិញកាហ្វេផឹក និងទិញបាយ ឬមីស្រុះមួយចានអាចដេកបានហើយមិនចាំបាច់ភ័យខ្លាចអ្វីទាំងអស់ ៕
ចែករំលែកព័តមាននេះ