«រ៉យទ័រ» ផ្សាយថា តុលាការអាមេរិក បានសម្រេចឱ្យម្ចាស់ហាងនំមួយនៅរដ្ឋអូរ៉េហ្គុន បង់ប្រាក់ជំងឺចិត្តចំនួន១៣៥.០០០ដុល្លារ ដល់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាពីបទបដិសេធការបញ្ជាទិញនំអាពាហ៍ពិពាហ៍របស់ពួកគេកាលពីឆ្នាំ២០១៣ ។
ការសម្រេចរបស់លោកចៅក្រម អាឡាន មេកខាឡាហ្វ កាលពីសប្តាហ៍មុនអាចនឹងធ្វើឱ្យលោកអ៊ែរ៉ុន និងលោកស្រីមេលីហ្សា ក្លៃ ២នាក់ប្តី-ប្រពន្ធដែលបើកហាងនំក្នុងទីក្រុងផតលែន ត្រូវបង់ប្រាក់សំណង៦០.០០០ដុល្លារដល់លោកឡូរ៉េល បូមេន និង៧៥.០០០ដុល្លារដល់លោករ៉ាសេល បូមេន គ្រីយ័រ ។
កាលពីឆ្នាំ២០១៣ លោកឡូរ៉េល បូមេន និងលោករ៉ាសេល បូមេន គ្រីយ័រ បានបញ្ជាទិញនំអាពាហ៍ពិពាហ៍ពីហាងនោះ ប៉ុន្តែម្ចាស់ហាងបដិសេធដោយមានអំណះអំណាងថា ប្រឆាំងនឹងសាសនាគ្រឹស្ត ។ លោកឡូរ៉េល និងលោករ៉ាសេល បានរៀបការសមតាមបំណងនៅក្នុងឆ្នាំ២០១៤ ក្រោយពីចៅក្រមសាលាដំបូងចេញបញ្ជាឱ្យលុបចោលបម្រាមរៀបការភេទដូចគ្នា ។
តាមច្បាប់របស់រដ្ឋអូរ៉េហ្គុន អាជីវករគ្មានសិទ្ធិរារាំង ឬបដិសេធលក់អ្វីមួយដល់អតិថិជនដែលស្រលាញ់ភេទដូចគ្នាឡើយ ។ លោកប៉ូល ថុមសុនមេធាវីរបស់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាបញ្ជាក់ថា បច្ចុប្បន្ននៅមិនអាចផ្តល់ការយល់ឃើញបែបណាមួយបានទេ ព្រោះរឿងក្តីនៅបន្ត ចំណែកមេធាវីម្ចាស់ហាងនំក៏មិនទាន់ផ្តល់បទសម្ភាសន៍ដែរ ។
រីឯ២នាក់ប្តី-ប្រពន្ធម្ចាស់ហាងជំទាស់នឹងការសម្រេចរបស់ចៅក្រមដោយសុំជំនួយនៅតាមប្រព័ន្ធវេបសាយ GoFund Me ប៉ុន្តែប្រព័ន្ធនេះបានបិទកាលពីចុងសប្តាហ៍មុន ។
ទោះជាបែបណាក៏ដោយ អង្គការ «Samaritan’s Puse» ជាមូលនិធិជួយសង្គ្រោះគ្រឹស្តសាសនិកអន្តរជាតិស្ថិតនៅរដ្ឋន័រឃែរ៉ូឡៃណា បានប្រកាសផ្តល់ទុនជួយដល់ក្រុមគ្រួសារម្ចាស់ហាងលក់នំ ដោយបង្ហាញក្នុងប្រព័ន្ធវេបសាយថា «យើងនឹងជួយដល់ក្រុមគ្រួសារគ្រឹស្តសាសនិក ក្នុងរដ្ឋអូរ៉េហ្គុន ដែលត្រូវគេប្តឹងទារសំណង» ៕
ចែករំលែកព័តមាននេះ