ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីឡា​អតីត​អភិបាលខេត្ត​ជាប់ពិរុទ្ធ​ ចោរ​គាស់​យក​ហ្មត់

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ វីឡា​ដ៏​ប្រណីត​មួយ​របស់​លោក ខាំ ឃឿ​ន អតីត​អភិបាលខេត្ត​ដែល​រត់ចោលស្រុក ត្រូវ​ម្ចាស់​វា​បោះបង់​ចោល ស្ទើរ​ក្លាយជា​ផ្ទះ​ខ្មោច​ទៅ​ហើយ​នោះ​ត្រូវ​ចោរលួច​គាស់​យក​អស់​ទ្វារ ប​ង្អូ​ច និង​ដំបូល​ប្រក់​ក្បឿង

ខេត្តរតនគិរី ៖ វីឡា​ដ៏​ប្រណីត​មួយ​របស់​លោក ខាំ ឃឿ​ន អតីត​អភិបាលខេត្ត​ដែល​រត់ចោលស្រុក ត្រូវ​ម្ចាស់​វា​បោះបង់​ចោល ស្ទើរ​ក្លាយជា​ផ្ទះ​ខ្មោច​ទៅ​ហើយ​នោះ​ត្រូវ​ចោរលួច​គាស់​យក​អស់​ទ្វារ ប​ង្អូ​ច និង​ដំបូល​ប្រក់​ក្បឿងស្ទើរ​អស់រលីង​ដែល​មើល​ពី​ក្រៅ​ទៅ នៅ​សល់​តែ​តួ​ឈរ​ត្រមង់​ត្រមោច​ក្នុង​ដី​ឡូត៍ ដែល​មានព្រៃ​និង​ស្មៅ​ដុះ​ទ្រុប​ទ្រុល ។ ខុស​ពី​ពេល​មុន​ដែល​ជា​អ្នកមាន​សក្ដានុពល​នៅ​ក្នុង​ខេត្ត សូ​ម្បី​តែ​ដើរ​ក្បែរ​ក៏​មិន​ហ៊ាន​ផង ។ វីឡា​ស្ដុកស្ដម្ភ​មួយ​នេះ ស្ថិត​នៅ​ទល់មុខ​សាលា​បឋម​សិក្សា​ឡា​បាន​សៀ​ក​២ ក្នុងភូមិ​អូរ​កន្សែង សង្កាត់​អូរ​កន្សែង ក្រុង​បាន​លុង ដែល​ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ផ្លូវ​ឆ្ពោះទៅ​ស្រុក​អូរ​ជុំ ។

តាម​ការ​សង្កេត​ឃើញ និង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ឋាន​ក្បែរ​វីឡា​អតីត​អភិបាលខេត្ត​លោក ខាំ ឃឿ​ន បានឱ្យ​ដឹង​ថា វីឡា​មួយ​នេះ​មាន​រចនា​ម៉ូ​ដ​ដ៏​ល្អ​ប្រណីត​មាន​កម្ពស់​២​ជាន់ ដំបូល​ប្រក់​ក្បឿងក្បាច់​ពណ៌​ក្រហម ។ បច្ចុប្បន្ន​នេះ​ត្រូវ​ចោរលួច​គាស់​យក​ដំបូល​ក្បឿង​ផ្នែក​ខាងក្រោយ អស់​មួយ​ចំនួន​ធំ​ដោយ​សុវត្ថិភាព​ទៅ​ហើយ ។ ចំណែក​ទ្វារ​ដែល​ធ្វើ​ពី​ឈើ​ប្រណីត ក៏​ត្រូវ​ចោរលួច​គាស់​អស់ទាំង​ទ្វារ​ខាងក្រៅ​និង​ខាងក្នុង ។ រីឯ​បង្អួច​ធ្វើ​ពី​គ្រោង​ដែក​មាន​កញ្ចក់​ពណ៌​ខ្មៅ ក៏​ត្រូវ​ចោរលួច​គាស់​អស់​គ្មាន​សល់​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា វិឡា​ដ៏​ស្កឹមស្កៃ​នេះ ធ្វើ​អស់ប្រាក់​រាប់​សែន​ដុល្លារ​គួរ​ណាស់​មាន​បងប្អូន​សាច់ញាតិ​ជួយ​មើលថែ ប៉ុន្តែ​ទំនងជា​មិន​មាន​អ្នក​ណា​ហ៊ាន​ចេញ​មុខ​មើលថែ​ទេ ដោយសារ​អតីត​អភិបាលខេត្ត​រូប​នេះ​ជាប់​ទោស​ជា​ឧក្រឹដ្ឋ​ជន​ព្រៃឈើ និង​កំពុង​ត្រូវ​បាន​ស្វែងរក​ចាប់ខ្លួន​តាម​អំណាច​ដីកា​តុលាការ ។ គេ​មិនដឹង​ថា លោក ខាំ ឃឿ​ន អតីត​អភិបាលខេត្ត​រូប​នេះ​កំពុង​លាក់ខ្លួន​ពួន​អាត្មា​នៅ​កន្លែង​ណា​នោះ​ទេ ទំនង​ដូរ​ដី​ពី​ស្រុក​ខ្មែរ ឆ្លង​ដែន​ទៅ​រស់នៅ​ប្រទេស​ឡាវ ដែល​មានត្រកូល​«​ខាំ​»​ដូច​គ្នា​ផង​ក៏​មិនដឹង គឺ​គេច​ផុត​ពី​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​យ៉ាង​រំភើយ ។

លោក ខាំ ឃឿ​ន អតីត​អភិបាលខេត្ត​រូប​នេះ​បាន​ជាប់ចោទ​ជា​មេខ្លោង​ក្នុង​ការ​កាប់​ឈើ​យ៉ាង​រង្គាល​នៅ​តំបន់​កន្ទុយ​នាគ​ក្នុង​អំឡុង​ឆ្នាំ​២០០០ ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្នុង​ឋានៈ​ជា​អភិបាលខេត្ត​នា​សម័យ​នោះ ។ ចំណែក​ភរិយា​របស់​គាត់​តាម​ដំណឹង​ថា មាន​ប្ដី​ថ្មី​ទៀត​ទៅ​រស់នៅ​ឆ្ងាយ​ទើប​គ្មាន​អ្នក​ថែទាំ​ផ្ទះ​របស់​គាត់ ។ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ ឬ​កូនចៅ​របស់​លោក ខាំ ឃឿ​ន បាន​ទេ គ្រាន់តែ​អ្នក​ជិតខាង​មានការ​សោកស្ដាយ​ជុំវិញ​ចោរលួច​គាស់​សម្ភារ​ក្នុងផ្ទះ ដែល​បាន​បោះបង់​ចោល​នេះ​តែ​ប៉ុណ្ណោះ ៕