រាជធានីភ្នំពេញ ៖ បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងជាច្រើនលើកច្រើនសារហើយ តែមិនបានសម្រេចដោយសារតែឳពុករបស់គេបានឃើញ និងជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីម្តាយ និងយាយបង្កើតរបស់គេទើបតែស្លាប់បានរយៈពេល២ថ្ងៃ។
ករណីប៉ុនប៉ងធ្វើអត្តឃាតឯងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៦ មេសា ២០១៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥០៨ស្ទួន ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីបុរសវ័យចំណាស់ជាឪពុកបុរសរងគ្រោះបានប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះស៊ឹម ឃឿន អាយុ៣៥ឆ្នាំ មុខរបរជាកម្មករលីសែង ហើយសព្វថ្ងៃរស់នៅតែពីរនាក់ឪពុក និងកូន ។ មុនពេលកើតហេតុក្រោយពេលបាយរួចរូបគាត់បានចេញពីផ្ទះទៅផឹកកាហ្វេបាត់ លុះគាត់ត្រឡប់មកដល់ផ្ទះវិញក៏បានប្រទះឃើញកូនប្រុសរបស់គាត់កំពុងតែដេកបែកពពុះមាត់ម្នាក់ឯងនៅលើផ្ទះ ដោយមានថ្នាំពេទ្យមួយប្រអប់ និងទឹកសាប៊ូមួយផ្តិលផងដែរ។
ពេលដែលឃើញសភាពបែបនេះ រូបគាត់ក៏បានរត់ចេញមកក្រៅស្រែកឆោឡោឡើងឱ្យអ្នកភូមិមកជួយមើល និងជួយសង្គ្រោះ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា កាលពីថ្ងៃម្សិលមិញកូនប្រុសរបស់គាត់រូបនេះបានព្យាយាមចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងម្តងរួចមកហើយ តែរូបគាត់បានដឹង និងហាមឃាត់ទាន់ពេលាវេលា។
លុះនៅព្រឹកថ្ងៃទី២៦ មេសា នេះ កូនប្រុសរបស់គាត់ក៏បានប៉ុនប៉ងសម្លាប់ខ្លួនដោយយកថូស្រាបៀរទៅបោកនឹងក្បាលបែកហូរឈាមម្តងទៀត តែមិនស្លាប់ លុះមុនពេលកើតហេតុនេះឆ្លៀតពេលដែលគាត់ចេញទៅផឹកកាហ្វេបាត់ហើយរូបគេនៅផ្ទះតែម្នាក់ឯងនោះ ក៏បានលេបថ្នាំ និងផឹកទឹកសាប៊ូម្តងទៀត តែត្រូវរូបគាត់បានឃើញ និងដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតទាន់ពេល។
មូលហេតុដែលធ្វើឱ្យកូនប្រុសរបស់គាត់ព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនឯងម្តងហើយម្តងទៀតបែបនេះ គឺដោយសារតែរូបគេតូចចិត្តនឹងម្តាយរបស់គេដែលមានជំងឺហើយស្លាប់ចោលកាលពី២ថ្ងៃមុន មិនតែប៉ុណ្ណោះមុនម្តាយរបស់គេស្លាប់ប៉ុន្មានថ្ងៃមុននេះយាយបង្កើតរបស់គេក៏បានស្លាប់នៅឯស្រុកកំណើតផងដែរ។
ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានឪពុក និងអ្នកភូមិបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ហើយថ្លៃសាហ៊ុយដែលដឹកជនរងគ្រោះទៅសង្គ្រោះនោះត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ផ្សាដើមថ្កូវជាអ្នកចេញជំនួស ដោយសារតែគ្រួសារមួយនេះរស់នៅមានភាពក្រីក្រ និងគ្មានលទ្ធភាពឡើយ៕
ចែករំលែកព័តមាននេះ