ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃទី២៤ មេសា ២០១៥ ក្នុងពិធីឡើងគេហដ្ឋានរបស់លោកឆេង វុទ្ធា ស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន មានករណីផ្ទុះហិង្សាដោយចេតនាដែលបង្កឡើងដោយបុរសម្នាក់យកកែវស្រាវាយទៅលើស្ត្រីម្នាក់ដែលជាស្ត្រីកំណាន់របស់ឪពុកខ្លួនបណ្តាលឱ្យបែកក្បាលហូរឈាមដេរជាច្រើនថ្នេរ រួចបើករថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2J5545 រត់គេចទៅដល់ចំណុចមាត់ស្ទឹងព្រៃប្រស់ ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ទើបឈប់រថយន្តចុះរត់គេចខ្លួនបាត់។
ជនដែលវាយស្ត្រីកំណាន់ឪពុករបស់ខ្លួនឱ្យរបួស មានឈ្មោះ ចាន់ លាងហៃ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់លោក ចាន់ កុកលន់ ថៅកែរោងម៉ាស៊ីនកិនស្រូវ ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកស្ត្រីរងគ្រោះឈ្មោះ ស៊ឹម ម៉ាលី អាយុ៤៩ឆ្នាំ ជាថៅកែរកស៊ីទិញស្រូវនៅភូម-ឃុំជាមួយគ្នា ដែលគេស្គាល់ថា ជាស្រីកំណាន់ចិត្តរបស់ឪពុកឈ្មោះ ចាន់ កុកលន់ ។ ស្ត្រីរូបនេះត្រូវកូនប្រុសលោកចាន់ កុកលន់ វាយមួយកែវស្រាចំកណ្តាលថ្ងាសបែកហូរឈាមជោកពេញខ្លួន ។
ប្រភពបានឱ្យដឹងថា មូលហេតុដែលជនសង្ស័យបង្ករបួសស្នាម ដោយសារឈឺចិត្តជំនួសអ្នកម្តាយរបស់ខ្លួនដែលធ្លាប់តែរស់នៅមានសេចក្តីសុខក្នុងរង្វង់គ្រួសារ លុះចាប់តាំងពីលោកឪពុករូបនេះបែកចិត្តមានស្រីណាន់ចិត្តខាងលើមក ក្នុងគ្រួសារនេះពុំមានសេចក្តីសុខនោះទេ ធ្វើឲ្យភរិយាដែលជាប្រពន្ធស្របច្បាប់ឈឺចាប់គ្រាំគ្រា ចំណែកកូនប្រុសពេលឃើញម្តាយកើតទុក្ខ ទ្រាំពុំបានតទៅទៀតក៏ពន្លះស្ត្រីខាងលើមួយកែវទុកជាការព្រមានទៅ។
ករណីខាងលើនេះភាគីទាំងសងខាងកំពុងតែរកមេធាវីរៀងៗខ្លួន៕
ចែករំលែកព័តមាននេះ