រាជធានីភ្នំពេញ ៖ ដំបូលនៃអគារសាលារាជ្យបណ្ឌិតសភាកម្ពុជា ដែលធ្វើអំពីដែកប្រក់ក្បឿងមានទំហំ៨ម៉ែត្រ គុណនិង២៦ម៉ែត្រ បានបាក់ធ្លាក់សង្កត់លើរថយន្ដដែលកំពុងចត បណ្ដាលឱ្យរងការខូចខាតចំនួន២គ្រឿង បន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ប៉ុន្តែទោះបីបែបណានៅក្នុងហេតុការណ៍នោះ មិនបណ្ដាលឱ្យមានមនុស្សណាម្នាក់ទទួលរងគ្រោះ ថ្នាក់នោះឡើយ ហើយមិនទាន់ដឹងថា តើនរណាជាអ្នកទទួលខុសត្រូវលើការខូចខាតរថយន្តទាំង២គ្រឿងនោះដែរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាយប់ថ្ងៃទី២២ មេសា ២០១៥ ដែលអគាររាជ្យបណ្ឌិតសភានេះ មានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្ត្រីប៉ូលិសម្នាក់បានឱ្យដឹងថា រថយន្តដែលទទួលរងការខូចខាតដោយការបាក់ដំបូលអគារនោះ មាន១-ម៉ាកតូយ៉ូតា វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AA-6694 ហើយម្ចាស់រថយន្តនេះត្រូវបានស្គាល់ឈ្មោះសួន ឱសថ ជាបុគ្គលិកបម្រើការងារនៅក្នុងរាជ្យបណ្ឌិតសភាកម្ពុជា និង២-ម៉ាកតូយ៉ូតា ឡិចស៊ីសRX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-6343 ជាកម្មសិទ្ធិរបស់ ឈ្មោះមុត សុម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងរាជ្យបណ្ឌិតសភាកម្ពុជានោះដែរ ។
តាមប្រភពបានឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃកើតហេតុ មេឃបានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង លាយឡំជាមួយខ្យល់បោកបក់ខ្លាំងរហូតដល់វេលាយប់ ទើបរាំងស្ងប់ស្ងាត់ទៅវិញ ខណៈនោះបានធ្វើឱ្យដំបូលអាគារសាលារាជ្យបណ្ឌិតសភាកម្ពុជានោះ បាក់ធ្លាក់សង្កត់រថយន្តទាំង២គ្រឿងនោះទាំងកំរោលតែម្ដង ។
ក្រោយពេលកើតហេតុ រថយន្តនោះមិនត្រូវបានម្ចាស់យកចេញពីកន្លែងកើតហេតុនោះភ្លាមៗឡើយ គឺទុកនៅកន្លែងនោះរហូតដល់ព្រឹកថ្ងៃទី២៣ មេសា ហើយមិនទាន់ដឹងថា មាននរណាម្នាក់ចេញមុខមកទទួលខុសត្រូវនោះឡើយ ។
ចែករំលែកព័តមាននេះ