ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​៨​នាក់​ដែល​ឆ្មក់​គប់​អ្នកដំណើរ​នៅ​ពេល​យប់

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ក្មេង​ទំនើង​១​ក្រុម​ដែល​មាន​គ្នា​ចំនួន​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​អ្នកដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​បណ្តាល​អោយ​បែក​កញ្ចក់​រថយន្ត​របស់​អ្នកដំណើរ​ជា​ញឹកញាប់​ ។

ខេត្ត​ព្រៃវែង ៖ ក្មេង​ទំនើង​១​ក្រុម​ដែល​មាន​គ្នា​ចំនួន​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​អ្នកដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​បណ្តាល​អោយ​បែក​កញ្ចក់​រថយន្ត​របស់​អ្នកដំណើរ​ជា​ញឹកញាប់​ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៨​នាក់​នេះ​មាន ១-​ឈ្មោះ​កុ​ល គឿ​ន អាយុ​១៧​ឆ្នាំ ២-​ឈ្មោះសុខ សំ​អឿ​ន អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ​សុង សាម​ឌី អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ​អ៊ុ​ច វណ្ណ​ដា អាយុ​១៦​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៩​ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨​ ខែ​មេ​សា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក​ ។ ៥-​ឈ្មោះ​ផេង វិ​ជ្ជ​រ៉ា អាយុ​២០​ឆ្នាំ ៦-​ឈ្មោះអ៊ិ​ន សា​វី អាយុ​១៨​ឆ្នាំ ៧-​ឈ្មោះវ៉ា​ន់ ថុ​នា អាយុ​២០​ឆ្នាំ និង​៨-​ឈ្មោះ​ញ៉ិល ស្នា អាយុ​២០​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩​ ខែ​មេ​សា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​-​ឃុំ​-​ស្រុក​កំពង់ត្របែក​ ។

លោក​វរសេនីយទោអ៊ុំ ចំរើន អធិការ​នគរបាល​ស្រុក​កំពង់ត្របែក​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​៨​នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយ​​វត្ថុ​តាង​ជាក់ស្តែង​រួម​មាន ដុំ​ថ្ម កាំ​បិត និងព្រនង់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ពួន​សំងំ​នៅ​ក្នុង​គុ​ម្ពោធ​​ព្រៃ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ឆ្មក់​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​អ្នកដំណើរ​ដែល​ឆ្លងកាត់​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នា​ពេល​កន្លង​មក​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ធ្លាប់​ធ្វើ​សកម្មភាព​ពួន​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​អ្នកដំណើរ​ដែល​ឆ្លងកាត់​ច្រើន​ដង​មក​ហើយ ហើយ​កម្លាំង​របស់​លោក​ក៏​ធ្លាប់​តាម​ចាប់​ជា​ច្រើន​ដង​មក​ហើយដែរ​ ប៉ុន្តែ​ចាប់​មិន​ដែល​បាន​គឺ​រហូត​មក​ដល់​យប់​ថ្ងៃ​កើតហេតុ​នេះ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំ​បិត​តាំង​តោ​គប់​ចំ​ក្បាល​នារី​រង​គ្រោះ​ម្នាក់​ឈ្មោះ​ស្រី​មុំ អាយុ​៤២​ឆ្នាំ ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្តី​ និង​កូន​ៗ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ​ជ្រលង ឃុំ​ប្រាសាទ បណ្តាល​ឱ្យ​​នារី​រង​គ្រោះ​បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន ហើយ​ត្រូវ​បាន​ប្តី​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ជួយ​អន្តរាគម​ន៍​ ទើប​សមត្ថកិច្ច​ចេញ​តាម​ស្វែងរក រហូត​រក​ឃើញ​ក្មេង​ទំនើង​ទាំងនេះ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​ ។

បច្ចុប្បន្ន​ នារី​រង​គ្រោះ​ឈ្មោះ​ ស្រីមុំ​ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក ចំណែក​ក្រុម​ក្មេង​ទំនើង​ទាំង​៨​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ ៕