រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរសាលាដំបូរាធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនខ្មាន់កាំភ្លើងម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឃាតកម្មដោយអចេតនា ។
សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ១២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខ្មាន់កាំភ្លើងម្នាក់បានឈ្លោះគ្នាជាមួយស្រីស្នេហ៍ក្រោយពេលផឹកស៊ីស្រឹងធ្លាក់ភ្នែក
ហើយបានដកកាំភ្លើងខ្លីបាញ់គំរាមចូលទៅក្នុងផ្ទះ បណ្ដាលឲ្យគ្រាប់កាំភ្លើងនោះផ្លាតទៅត្រូវចំកណ្ដាលដើមទ្រូងក្មេងស្រីម្នាក់អាយុ៦ឆ្នាំ ដែលជាកូនស្រីម្ចាស់ផ្ទះ និងជាកូនភ្លោះ ក្នុងកម្មវិធីផឹកស៊ីនោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្មេងស្រីរងគ្រោះ ឈ្មោះហ៊ឹម វណ្ណនីទៀង អាយុ៦ឆ្នាំជាកូនភ្លោះ មានទីលំនៅក្នុងផ្ទះកើតហេតុខាងលើ ត្រូវគ្រាប់កាំភ្លើងទម្លុះដើមទ្រូងធ្លាយពីម្ខាងទៅម្ខាង និងបានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកខ្មាន់កាំភ្លើង ដែលបានបាញ់គំរាមស្រីស្នេហ៍ត្រូវក្មេងស្រីរងគ្រោះ រហូតដល់ស្លាប់នោះឈ្មោះលឹម ឡាយ ហៅលី អាយុប្រហែល៣២ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពបានប្រហែល២ម៉ោង ប៉ុន្តែមិនបានឲ្យក្រុមអ្នកសារព័ត៌មានថតរូបនោះឡើយ ។
មន្ត្រីប៉ូលីសខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុខាងលើស្ត្រីឈ្មោះគង់ ដាណែត អាយុ៣៧ឆ្នាំ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានហៅមិត្តភក្កិស្រីម្នាក់ឈ្មោះចិន ដា អាយុ៣១ឆ្នាំ ដែលជាស្ត្រីមេម៉ាយកូន៣ឲ្យទៅផឹកស៊ីនៅផ្ទះរបស់ខ្លួន ។ លុះមួយសន្ទុះក្រោយមកស្ត្រីឈ្មោះចិន ដា ដែលជាមិត្តភក្កិនោះក៏បាននាំឈ្មោះលឹម ឡាយ ហៅលី ដែលជាប្រុសស្នេហ៍របស់ខ្លួន ដែលទើបទំនាក់ទំនងស្នេហាជាមួយគ្នាថ្មីៗផងទៅជាមួយ ដោយជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សលាយទឹកសមុទ្រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CP-6341 ហើយក៏បានយកកូនប្រុសតូចម្នាក់ទៅជាមួយដែរ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ការផឹកស៊ីនោះបានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ដែលមានគ្នាទាំងអស់ចំនួន៩នាក់ លុះពេលផឹកស្រវឹងមន្ត្រីកងរាជអាវុធហត្ថឈ្មោះលឹម ឡាយ ហៅលី ក៏បានសុំលាស្រីស្នេហ៍ និងមិត្តភក្ដិ ដែលផឹកជាមួយនោះត្រឡប់ទៅផ្ទះមុន ។ ខណៈនោះក្មេងប្រុសម្នាក់ដែលជាកូនស្រីស្នេហ៍បានយំតាម និងស្រែកហៅថាប៉ាៗ ប៉ុន្តែមិនត្រូវបានស្ត្រីជាម្តាយនោះឲ្យទៅជាមួយទេ និងរត់ទៅបានចាប់ទាញកូន ព្រមទាំងវាយដំកូនថែមទៀត ដែលជាហេតុធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថនោះមានការខឹងសម្បារ ក៏បានស្ដីបន្ទោស ហើយបានបង្កឲ្យមានទំនាស់ពាក្យសំដីកើតឡើង។
ប្រភពខាងលើបានបន្តថា ភ្លាមៗនោះជនដៃដល់បានដកកាំភ្លើងខ្លីម៉ាកកា៥៤បាញ់១គ្រាប់ចូលទៅក្នុងផ្ទះល្វែងគំរាមស្រីស្នេហ៍ ហើយគ្រាប់កាំភ្លើងនោះបានប៉ះជញ្ជាំងផ្លាតទៅក្រោយ ត្រូវធុងទឹកសុទ្ធធ្លាយទៅត្រូវកញ្ចក់ទ្វារ បន្ទាប់មកបានផ្លាតទៅត្រូវក្មេងស្រីដែលនៅចំងាយប្រមាណជាង១០ម៉ែត្រ ចំកណ្ដាលដើមទ្រូងធ្លាយពីម្ខាងទៅម្ខាង ដេកដួលនៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះត្រូវក្រុមគ្រួសារដឹកតាមរថយន្តនាំទៅកាន់គ្លីនិកឯកជន ដោយមន្ត្រីកងរាជអាវុធហត្ថ ដែលជាជនបង្កនោះទៅជាមួយដែរ លុះទៅដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជននេះក៏បានលោតចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែរយៈពេលប្រមាណ២ម៉ោងក្រោយមក ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមចាប់ខ្លួនបានវិញ និងនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីប៉ូលីសដដែលបានបន្តថា ចំណែកក្មេងស្រីរងគ្រោះ ក្រោយពេល បញ្ជូនទៅដល់គ្លីនិកឯកជនបានដាច់ខ្យល់ស្លាប់ និងត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅផ្ទះវិញធ្វើបុណ្យតាមប្រពៃណី ដោយឡែកស្ត្រីឈ្មោះចិន ដា ដែលត្រូវជាស្រីស្នេហ៍របស់មន្ត្រីប៉េអឹមនោះ ក៏ត្រូវបានកម្លាំងប៉ូលីសខណ្ឌពោធិ៍សែនជ័យឃាត់សាកសួរផងដែរ ខណៈនោះស្ត្រីខាងលើបានប្រាប់ឲ្យដឹងថា ខ្លួននឹងមន្ត្រីកងរាជអាវុធហត្ថនោះទើបតែទំនាក់ទំនងស្នេហាគ្នាបានរយៈពេលប្រមាណ១អាទិត្យប៉ុណ្ណោះ ដោយមន្ត្រីប៉េអឹមនោះសុំស្រលាញ់នាង ហើយនាងក៏បានស្រលាញ់វិញដែរ ៕
ចែករំលែកព័តមាននេះ