រាជធានីភ្នំពេញ ៖ តារាសម្តែងមេម៉ាយកូនមួយនាងច័ន្ទ សុផានី ប្រតិកម្មចំពោះអ្នកគាំទ្រអតីតគូស្នេហ៍របស់នាងជាតារាចម្រៀងនៅផលិតកម្មហង្សមាស ដែលយល់ខុសថាអតីតគូស្នេហ៍នេះជាអ្នកផ្តល់លុយឱ្យនាងចិញ្ចឹមកូនស្រី ។
នាងច័ន្ទ សុផានី ចាត់ទុកពាក្យសម្តីរបស់អ្នកគាំទ្រអតីតស្វាមីមិនបានរៀបការរបស់នាងថា ជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ព្រោះរូបនាងខិតខំបីបាច់ថែរក្សាកូនស្រីដែលជាតំណក់ឈាមជាមួយអតីតស្វាមីរបស់នាងដោយការលះបង់ផ្ទាល់ខ្លួន ពោលគឺមិនបានមកពីភាគីណាមួយ ឬចំណែកណាមួយពីអតីតស្វាមីរបស់នាងនោះឡើយ ។
សារមួយដ៏វែងត្រូវតារាសម្តែងអ្នកនាង ច័ន្ទ សុផានី សរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីឆ្លើយតបទៅអ្នកគាំទ្រអតីតស្វាមីរបស់នាងដែលយល់ខុសចំពោះនាង និងមិនបានយល់អ្វីដែលនាងខិតខំប្រឹងប្រែងចិញ្ចឹមកូនស្រីនៅក្នុងបន្ទុកនោះ ។
អ្នកនាងច័ន្ទ សុផានី សរសេរថា «ខ្ញុំមិនចង់បង្ហាញអ្វីដែលមិនសប្បាយ ជាពិសេសអ្វីដែលមានទាក់ទង់នឹងអតីតមិត្តប្រុសរបស់ខ្ញុំ ទេ ។ ខ្ញុំចង់សួរទៅអ្នកដែលគាំទ្រគាត់ ហើយមកនិយាយអ្វីដែលអយុត្តិធម៌សម្រាប់ខ្ញុំជាស្រី វាសប្បាយណាស់ទៅឬ ? ឬមួយមកពីខ្ញុំមិនឥតខ្ចោះ សម្រាប់ភ្នែកអ្នកឯងពេក ខ្ញុំសូមប្រាប់អ្នកឯងថាមិនមែនអីុចឹងទេ ខ្ញុំដូចអ្នកឯងអីុចឹងគ្រាន់តែខ្ញុំខុសពីអ្នកឯងត្រង់ខ្ញុំជាមនុស្សថ្លៃថ្នូរមិនបង្ខូចកិត្តិយសអ្នកដទៃ! អ្នកឯងចង់ដឹងអត់រាល់ថ្ងៃខ្ញុំចិញ្ចឹមកូនខ្ញុំដោយការខំប្រឹង និងការលះបង់សេចក្តីសុខផ្ទាល់ខ្លួនរបស់ខ្ញុំ អ្នកឯងមិនបានដឹងទេ អ្នកឯងដើរនិយាយពីខ្ញុំ សួរថា អ្នកឯងបង់ថ្លៃសាលាឱ្យកូនរបស់ខ្ញុំ, ថ្លៃអាហារ, សម្លៀកបំពាក់, មធ្យោបាយធ្វើដំណើរ ផ្សេងៗទៀតមែនទេបានជាអ្នកឯងហាក់ដូចជាឈឺចាប់នឹងសកម្មភាពរបស់ខ្ញុំម៉េះ្ល! ហើយខ្ញុំសូមប្រាប់អ្នកឯងមួយទៀត គឺថាក៏មិនមែនបានជំនួយឧបត្ថម្ភពីអតីតមិត្តប្រុសរបស់ខ្ញុំដូចដែលអ្នកឯងទាំងអស់គ្នានិយាយដែរ ព្រោះថាអ្នកចម្រៀងរូបនោះ គឺគេមិនបានចាំថាគេមានកូននោះទេ គឺគេភ្លេចយូរហើយ ។ កាលដែលអ្នកឯងដើរនិយាយថា តារាចម្រៀងនោះនៅស្រឡាញ់កូន និងនៅតែជួយលុយកាក់នោះ សូមទោសណ៎ ាខ្ញុំមិនដែលបានទទួលទេ ។
ពេលនេះខ្ញុំប្រាប់រឿងអាស្រូវក្នុងគ្រួសារខ្ញុំប៉ុណ្ណឹងអ្នកឯងអស់ចិត្តនៅ ។ ល្មមឈប់និយាយពីខ្ញុំទៀតទៅណ៎ ា ហើយប្រាប់អ្នកដែលអ្នកឯងគាំទ្រផងឈប់យកមុខទៀតទៅ ខ្ញុំមិនដែលបានទទួលលុយពីតារាចម្រៀងរូបនោះឡើយ ទោះខ្ញុំលំបាកក៏អ្នកឯងមិនបានដឹង ទោះខ្ញុំសប្បាយក៏អ្នកឯងមិនបានដឹង អីុចឹងមិនបាច់ខំប្រឹងដើរបង្ខូចខ្ញុំទេ ភ្លើងផ្ទះអ្នកណាគឺភ្លឺផ្ទះអ្នកនោះ ហើយ ។
សូមអភ័យទោសបងប្អូនផង មកពីខ្ញុំខឹងនឹងពួកទាំងនោះពេក មិនគាំទ្រមនុស្សស្រីម្នាក់ដែលខំចិញ្ចឹមកូនដោយលំបាកនោះទេ គិតតែបង្ខូចកិត្តិយសរបស់គេ ។ រៀនស្គាល់ពាក្យជាតិស្ត្រីផងទៅ ព្រោះថាម្តាយរបស់អ្នកឯងក៏ជាស្រី្តដែរ» ។
នៅក្នុងអំឡុងឆ្នាំ២០០៦ នាងច័ន្ទ សុផានី និងតារាចម្រៀងលោកសូណូ បានសម្រេចចិត្តរួមរស់ជាមួយគ្នាជាប្តីប្រពន្ធក្រោមដំបូលផ្ទះតែមួយ ដោយមិនបានរៀបការ ហើយឆ្នាំ២០០៨ នាងបានបង្កើតកូនស្រីម្នាក់ ។ បន្ទាប់ពីកូនស្រីមានអាយុ៤ឆ្នាំ ស្នេហានេះបានបែកបាក់ដោយលេចឮថាក្រុមគ្រួសារខាងប្រុសបំបែកបំបាក់ ៕
ចែករំលែកព័តមាននេះ