ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ថ្មី​ឆឹ​ម សក្ក​ដា រីករាយ​ដែល​អាជីព​កាន់តែ​លូតលាស់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឆឹ​ម សក្ក​ដា មួយ​រយៈ​ចុង​ក្រោយ​នេះ​ឆក់​ឱកាស​បាន​ធ្វើ​ជា​តួឯក​ឱ្យ​ផលិតកម្ម​មួយ​ចំនួន ព្រោះតែ​មាន​រាង​ខ្ពស់​សង្ហា និង​ទេព​កោសល្យ​សម្តែង​ល្អ ។ លើស​ពី​នេះ​តារា​ថ្មី​រូប​នេះ

រាជធានី​ភ្នំពេញ ៖ លោក​ឆឹ​ម សក្ក​ដា មួយ​រយៈ​ចុង​ក្រោយ​នេះ​ឆក់​ឱកាស​បាន​ធ្វើ​ជា​តួឯក​ឱ្យ​ផលិតកម្ម​មួយ​ចំនួន ព្រោះតែ​មាន​រាង​ខ្ពស់​សង្ហា និង​ទេព​កោសល្យ​សម្តែង​ល្អ ។  លើស​ពី​នេះ​តារា​ថ្មី​រូប​នេះ​ត្រូវ​ក្រុមហ៊ុន ធំ​ៗ​មួយ​ចំនួន ទាក់ទង​ឱ្យ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់ ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ លោក​ឆឹ​ម សក្ក​ដា ឱ្យ​ដឹង​ថា ឥឡូវនេះ​រូប​លោក​មមាញឹក​ណាស់ ដោយ​មានកម្ម​វិធី​ចេញ​ទៅ​ថត​ភាពយន្ត​រហូត​ទាំង​នៅ​ជិត​ទាំង​នៅ​ឆ្ងាយ ។ មមាញឹក​នឹង​អាជីព​បែប​នេះ ធ្វើ​ឱ្យ​លោក​សក្ក​ដា បាក់កម្លាំង​និង​ចុះ​ស្គម ។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​សក្ក​ដា​ចាត់​ទុក​ថា​នេះ​ជា​ឱកាស​ដែល​ត្រូវ​បង្វឹក​ខ្លួន​ឱ្យ​មានបទពិសោធន៍​ក្នុង​វិស័យ​សិល្បៈ ។

ចំពោះ​ការ​ច្រៀង ឬ​បង្ហាញ​ម៉ូ​ដ​ក៏​លោក​ឆឹ​ម សក្ក​ដា ចាប់​យក​ដែរ ។ ជា​ពិសេស​លោក​សក្ក​ដា មាន​បំណង​ចង់​ក្លាយជា​អ្នកចម្រៀង និង​អ្នកនិពន្ធ​មួយ​រូប​ដោយសារ​តែ​លោក​មាន​ទឹកដម​សំឡេង​ពីរោះ​ពី​ធម្មជាតិ ។ ទោះជា​យ៉ាងណា​ក្តី លោក​សក្ក​ដា មិន​ទាន់​ទុកចិត្ត​លើ​សមត្ថភាព​ច្រៀង​របស់​ខ្លួនឯង​បាន ដូច្នេះ​ខិតខំ​ហាត់រៀន​សិន ។ បើ​ក្លាយជា​អ្នកចម្រៀង​លោក​សក្ក​ដា​តាំងចិត្ត​មិន​យក​បទ​ចម្លង​ពី​បរទេស​មក​ច្រៀង​ទេ ព្រោះ​លោក​អាច​មាន​សមត្ថភាព​និពន្ធ​បទ​ចម្រៀង​ខ្លួនឯង​បាន ។

ចំពោះ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​វិញ មាន​ក្រុមហ៊ុន​ធំ​ពី​៥​ទៅ​៦​ក្រុមហ៊ុន ទាក់ទង​លោក​ឆឹ​ម សក្ក​ដា​ឱ្យ​ថត ក្នុង​នោះ​មាន​ក្រុមហ៊ុន​វី​ង​ផង​ដែរ ។ លោក​សក្ក​ដា​មិនដឹង​ថា​ការ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ល្បី​មក​លើ​រូប​លោក​មក​ពី​ហេតុ​អ្វី​ឡើយ ព្រោះ​លោក​មិន​ស្គាល់គ្នា​នៅ​ខាងក្រៅ​ទេ តែ​អាច​គេ​ពេញចិត្ត​រូបរាង ទម្រង់​មុខ កម្ពស់ និង​ទេព​កោសល្យ​សម្តែង​របស់​លោក ។ 

លោក​ឆឹ​ម សក្ក​ដា យល់​ថា អ្នកសិល្បៈ​មាន​រូបសម្បត្តិ​ស្អាត​សង្ហា តែ​សម្តែង​អត់​ល្អ មិន​អាច​លូតលាស់​ទៅ​មុខ​បាន​ទេ ។ ម្យ៉ាងទៀត ត្រូវ​មាន​អត្ត​ចរិតល្អ ស្គាល់​ចាស់ទុំ រួសរាយ និង​គោរព​ការងារ គោរព​ពេលវេលា ទើប​រុញ​ឱ្យ​លូត​ឡើង តែបើ​មិន​ដូច្នោះ​ទេ​គឺ​ពិតជា​មិន​អាច​លូត​ទៅ​មុខ​បាន​ឡើយ ។ លោក​សក្ក​ដា ពេល​ទៅ​ថត ម្តង​ៗ បើសិន​គេ​ណាត់​ម៉ោង​ណា​ត្រូវ​ទៅ​ដល់​មុន​ម៉ោង ឬ​ស្មើ​ម៉ោង​ណាត់ ។

លោក​ឆឹ​ម សក្ក​ដា ទើបតែ​បង្ហាញ​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​រឿង «​ហ្វេ​ស​ប៊ុ​ក​ផ្តាច់​វិញ្ញាណ​» របស់​ផលិតកម្ម​អភិមង្គល កាលពី​ពេល ថ្មី​ៗ​កន្លង  មក ។ ពេល​នេះ​លោក​កំពុង​តែ​ថត​រឿង​ថ្មី​បន្ត​ទៀត ។  លោក​សក្ក​ដា​អាច​សម្តែង​បាន​ច្រើន​ទម្រង់​ធ្វើ​ឱ្យ​អ្នកដឹកនាំ​រឿង​យល់​ថា នៅ​ពេល​ខាង​មុខ លោក​អាច​ល្បីឈ្មោះ​ដូច​ជាតា​រា​រៀមច្បង ។

តារា​មាន​ប្រភព​ពី​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​រូប​នេះ យល់​ថា ដោយ​ត្រូវ​ឆ្លងកាត់​ការ​ហាត់ពត់ និង​រៀន​តាម​រៀមច្បង​ជា​ច្រើន​ឆ្នាំ​ទៀត ទើប​អាជីព​លូតលាស់​បាន​ល្អ ៕