ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ពៅ​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បង្កើត​ក្រុម​«​តន្ត្រី​ប្រហុក​»​ជួយ​អ្នកក្រ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ចង់​ចូលរួម​ជួយ​ដល់​អ្នកមាន​ជីវភាព​ខ្វះខាត និង​ជួយ​រំលែក​ការ​លំបាក​មួយ​ចំនួន កូនប្រុស​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​បង្កើត​មូលនិធិ​សម្រាប់​ជួយ​ដល់​ជន​ទាំងនោះ ។

រាជធានី​ភ្នំពេញ ៖  ដោយ​ចង់​ចូលរួម​ជួយ​ដល់​អ្នកមាន​ជីវភាព​ខ្វះខាត និង​ជួយ​រំលែក​ការ​លំបាក​មួយ​ចំនួន កូនប្រុស​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​បង្កើត​មូលនិធិ​សម្រាប់​ជួយ​ដល់​ជន​ទាំងនោះ ។ កូនប្រុស​ពៅ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រូប​នេះ​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ «​ក្រុម​តន្ត្រី​ប្រហុក​» ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៥ លោក​មុត ថា​រី អតីត​តារា​សម្តែង និង​ជា​អ្នកដឹកនាំ​រឿង​ប្រចាំ​ផលិតកម្ម​មុត ថា​រី ភាពយន្ត ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា​កូនប្រុស​ពៅ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន  និង​ជា​ប្អូនថ្លៃ​របស់​លោក​ឈ្មោះ​និល​វឌ្ឍន៍ ប៊ុ​ន​ឈឿ​ន  បច្ចុប្បន្ន​រស់នៅ​ប្រទេស​ន័​រ​វែ​ស បាន​បង្កើត​ក្រុម​ភ្លេង​ឈ្មោះ «​ក្រុម​តន្ត្រី​ប្រហុក​» ។ ក្រម​នេះ​ប្រមូលគ្នា​ថត​ចម្រៀង​ជា​បន្តបន្ទាប់​ដាក់​ឌី​ស្ត និង​បង្ហាញ​តាម​អីុន​ធើ​រ​ណេ​ត​មានការ​ចាប់អារម្មណ៍​ច្រើន ។ គោលដៅ​ដែល​បង្កើត​វង់​តន្ត្រី​នេះ​ដើម្បី​រក​ប្រាក់​ជួយ​ដល់​ជន​ក្រីក្រ ក្មេង​កំព្រា ជន​ចាស់ជរា នៅ​ក្នុងស្រុក​ខ្មែរ ។ ក្នុង​ក្រុម​ភ្លេង​នោះ​មាន​ចៅប្រុស​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​ស្រុក​បារាំង ដែល​ត្រូវជា​កូន​របស់​លោក​មុត ថា​រី ម្នាក់​ដែរ ឈ្មោះ​មុត ណា​រី​រិ​ទ្ធី​យ៉ា ។

ក្រុម​តន្ត្រី​នេះ​ប្រមូលផ្តុំ​គ្នា​ថត​ចម្រៀង​ក្នុង​ពេល​វិស្សមកាល ឬ​យក​ពេល​ណា​ដែល​មិន​ប៉ះពាល់​ម៉ោង​រៀន សម្រាប់​ច្រៀង ។ គម្រោង​របស់​ក្រុម​នេះ​១​ឆ្នាំ​មាន​២​ខែ គឺ​សម្តែង​ខ្លួនឯង ដើម្បី​ប្រមូលប្រាក់​ទុក​ជួយ​ដល់​ជន​ក្រីក្រ កុមារ​កំព្រា​នៅ​កម្ពុជា ។

លោក​មុត ថា​រី ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​លក់​ឌី​ស្ត​បាន​ប្រាក់​មួយ​ចំនួន​មក ក្រុម​តន្ត្រី​ប្រហុក​ខ្មែរ​បាន​សហការ​ជាមួយ​អ្នកស្រី​ប៊ុ​ន​ឈឿ​ន សូ​រី​ដា ជា​បងស្រី​របស់​និល​វឌ្ឍន៍ ប៊ុ​ន​ឈឿ​ន ចែក​ជូន​ក្មេង​៧០​នាក់ និង​អ្នក​ក្រីក្រ​១០​គ្រួសារ​កាលពី​ចុងខែ​កុម្ភៈ ២០១៥ ។ អំណោយ​សម្រាប់​កុមារ​មាន​សៀវភៅ​៤​ក្បាល ប៊ិក​១ ខ្មៅ​ដៃ​១ និង​ប្រាក់​៥​ពាន់​រៀល ចំណែក​អ្នក​ទីទ័ល​ក្រ​ជួយ​អង្ករ​១០​គីឡូក្រាម ទឹក​ស៊ី​អីុ​វ ទឹកត្រី​៥​ដប ប៊ី​ចេ​ង ស្ករស និង​ប្រាក់​២​ម៉ឺន​រៀល ។  នេះ​ជា​ជំហាន​ដំបូង​របស់​ក្រុម​តន្ត្រី​ប្រហុក​។ គោលដៅ​របស់​ក្រុម​តន្ត្រី​ប្រហុក​ទៅ​អនាគត គ្រោង​ជីក​ស្រះ​ទឹក​មួយ ដាក់​ឈ្មោះ «​ស្រះ​ទឹក​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ ប៊ុ​ន​ឈឿ​ន​» ។

ចំណែក​ឪពុក​ម្តាយក្មេក​របស់​លោក​និល​វឌ្ឍន៍ ប៊ុ​ន​ឈឿ​ន ដែល​ជា​ជនជាតិ​ន័​រ​វែ​ស មាន​គម្រោង​មក​ជួយ​សាលា​នៅ​ស្រុក​ខ្មែរ​នា​ពេល​ខាង​មុខ ។ ក្រុម​តន្ត្រី​ប្រហុក​ខ្មែរ​បង្កើត​ឡើង​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​មាន​សមាជិក​ជា​កូន​ខ្មែរ​ទាំងអស់ ។

ក្រុម​ចម្រៀង​នេះ​មាន​ស្ទូ​ឌី​យោ​ខ្លួនឯង​។  ចម្រៀង​កាលណា​អត់​រូប​គឺ​មិនល្អ​ទេ ដូច្នេះ​ហើយ​លោក​មុត ថា​រី ចង់ឱ្យ​រៀបចំ​បញ្ចូល​គ្នា​ធ្វើ​ជា​ខារ៉ាអូខេ​ទៀត ។
ក្រុម​គ្រួសារ ឬ​ត្រកូល​គ​ង្គ ប៊ុ​ន​ឈឿ​ន រៀប​ផែនការ​ជួយ​ដល់​ជន​ខ្វះខាត​ព្រោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មាន​វ័យចាស់ ហើយ​ពេល​នេះ​មិន​អាច​ធ្វើ​អ្វី​ជូន​សង្គម​បាន​ច្រើន​ទេ ប៉ុន្តែ​អ្នក​នៅ​មាន​កម្លាំង​ត្រូវ​តែ​ធ្វើ ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​អ្នក​ឲ្យ​គំនិត ជូន​យោបល់ ។

សព្វ​ថ្ងៃនេះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រស់នៅ​ប្រទេស​ន័​រវេ​ស ហើយ​ប្រទេស​នោះ​ចិញ្ចឹម​គាត់ ។ ទោះជា​យ៉ាងណា​ក្តី លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​តែ​សរសេរ​រឿង សេរ​សេរ​ចម្រៀង​ដដែល ដូច​ជា ថ្មី​ៗ​នេះ​គាត់​បាន​សរសេរ​ចម្រៀង​មួយ​បទ​និយាយ​ពី​កុមារ​ខ្មែរ​នៅ​សម័យ​ប៉ុ​ល ពត ។ ទៅ​មុខ​ទៀត​លោក​មុត ថា​រី រៀបចំ​ថត​ខ្សែភាពយន្ត​រឿង «​បេះដូង​ក្រៅ​ខ្លួន​»​ជូន​ក្រសួង​ព័ត៌មាន​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​តែ​ទៅ​-​មក​ស្រុក​ខ្មែរ​ជា​ស្រុក​កំណើត​តែ​មិនដឹង​ថា គាត់​មក​រស់នៅ​ស្រុក​វិញ​ពេល​ណា​ទេ ។

កូនប្រុស​ពៅ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឈ្មោះ​និល​វឌ្ឍន៍ ប៊ុ​ន​ឈឿ​ន មានការ​ងារ​ផ្នែក​ទីផ្សារ​នៅ​ប្រទេស​ន័​រវេ​ស និង​ការងារ​សិល្បៈ​ផង​ដែរ ។ កូនប្រុស​ពៅ​រូប​នោះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​ជនជាតិ​ន័​រ​វែ​ស និង​មានកូន​ប្រុស​ម្នាក់ តែ​មិន​ទាន់​រៀប​ការ​នៅឡើយ ដោយសារ​តែ​ភរិយា​របស់​គេ​រៀន​មិន​ទាន់​ចប់​មាន​អាយុ​ទើបតែ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ៕