រាជធានីភ្នំពេញ ៖ ទោះបីឆ្លងកាត់អាជីពសិល្បៈជាច្រើនឆ្នាំប្រកបដោយប្រជាប្រិយភាព តារាភាពយន្តជើងចាស់លោកទេព រិនដារ៉ូ នៅតែស្ថិតលើវិថីនេះដដែល ។ ចំណែកឯអ្នកនាងចន ច័ន្ទលក្ខិណា វិញដែលនៅលើវិថីសិល្បៈយូរឆ្នាំដែរនោះសព្វថ្ងៃនៅតែបន្តដដែល។ ក្នុងនាមជាតារាល្បីល្បាញក្រោមសំឡេងគាំទ្រ តារាភាពយន្តប្រុសស្រីទាំង២នាក់នេះបានបង្ហាញពីចំណុច ល្អៗដែលអាចរក្សាតំណែងឲ្យនៅតែខ្លាំង ។
មិនមែនជារឿងធម្មតាទេដែលមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់តារាភាពយន្តទេព រិនដារ៉ូ និងអ្នកនាងចន ច័ន្ទលក្ខិណា តាំងពីដើមមកនៅតែទទួលការស្វាគមន៍ ឲ្យតម្លៃចំពោះស្នាដៃសម្តែងរបស់ពួកគេ ។ បើទោះជាអ្នកទាំងពីរមិនអាចគ្រងតំណែងជាតួអង្គសំខាន់ដូចកាលពីនៅក្មេងក៏ឱកាសសម្តែងភាពយន្តនៅតែក្តាប់បានជាតួអង្គ ផ្សេងៗតាមទម្រង់នៃផ្ទៃរឿងល្អដូចពីមុន ។ បើគិតទៅ ម្នាក់ៗមានបទពិសោធន៍ជាមួយសិល្បៈយូរឆ្នាំនៅតែល្បីល្បាញនិងមហាជននៅតែឲ្យតម្លៃ ។ លោកទេព រិនដារ៉ូ ដែលសាងស្នាដៃក្នុងខ្សែភាពយន្តជាច្រើន ហើយសុទ្ឋតែទទួលបានសំឡេងគាំទ្របានបញ្ជាក់កាលពី ពេលថ្មីៗនេះថា «ការសម្តែងភាពយន្តគឺមានលក្ខណៈសម្តែងច្រើនដូចជាយំមានរបៀបយំ មិនមែននឹកឃើញយំគឺយំទេ។ ការយំតាមសាច់រឿងត្រូវតេដាក់ចិត្តទៅតាមសាច់រឿងទើបយំបាន ។ ចំពោះការរក្សារូបសម្បត្តិក៏ជារឿងមួយសំខាន់ ដូចជារូបខ្ញុំអាចថាមានសំណាងព្រោះកាលនៅពីក្មេងម្តាយខ្ញុំធ្វើពេទ្យ ហើយចេះពីរបៀបទទួលទានអាហារណាល្អ អាហារណាប៉ះពាល់ និងការហាត់ប្រាណជាប្រចាំកុំឲ្យឡើងក្បាលពោះ ។
ចំពោះសមិទ្ធផលដែលបានប្រឡូកសិល្បៈជិត៣០ឆ្នាំគឺខ្ញុំបានទទួលពានមហោស្រពភាពយន្តឆ្នាំ២០០៥ និងពានរង្វាន់អន្តរជាតិមួយឆ្នាំ២០០៧ និងអាណាចក្រតារាជាតួសម្តែងដែលមានប្រជាប្រិយ ។ ចំណុច សំខាន់ៗដែលអាចទទួលបានពានទាំងអស់នោះគឺមានចំណុច ខុសៗគ្នាដូចជា ការសម្តែងថ្វាយព្រះករុណាដោយសារតែបានចូលរួមដង្ហែលោក និងសម្តែងថ្វាយព្រះអង្គជាច្រើនរឿង ។ ចំពោះពានប្រជាប្រិយភាពអាចថាមកពីការសម្តែងកន្លងមកយូរឆ្នាំមហាជនជក់ចិត្តរហូតចេះតែទទួលបានប្រជាប្រិយភាពពីព្រោះប្រជាប្រិយភាពគឺជាការបោះឆ្នោតតាមប្រព័ន្ធវេបសាយ ហើយទទួលបានការគាំទ្រច្រើន» ។
ចំពោះអ្នកនាងចន ចន្ទ័លក្ខិណា វិញបានលើកឡើងពីការរក្សាតំណែងនៅតែល្បីបានយូរថា «បើសិនជាផ្តោតទៅលើការមិនប្រឹងប្រែងខ្លួនឯងនោះមិនអាចទទួលបានលទ្ធផលល្អទេ។ ចំពោះតារាផ្នែកនារីបើមានគ្រួសារហើយប្រជាប្រិយភាពមិនស្ទុះឡើងបានដូចមុនទេខណៈតារាបុរសមិនប៉ុន្មានទេ ។ នារីមានប្តី ប្រជាប្រិយភាពធ្លាក់ចុះ ហើយបើសិនជាមានកូនទៀតរឹតតែធ្លាក់ចុះទៀត ។ ហេតុអ្វីបានជាយើងសម្តែងយំ អ្នកមើលយំជាមួយយើង គឺមានន័យថាគេចូលអារម្មណ៍ជាមួយ ។ ពេលខ្លះតិចតួចគេក៏តាមមើលវិធីសម្តែងជាមួយយើងដែរ ។ បើសិនជាយើងមានប្តី មានកូនហើយ ការសម្តែងរបស់យើងមានសមត្ថភាព មាននិស្ស័យ ការសម្តែងរបស់យើងល្អគឺការគាំទ្រនៅតែមាន ហើយការរក្សាកេរ្តិ៍ឈ្មោះក៏ដូចជាសម្ព័ន្ធភាពល្អជាមួយអ្នកធ្វើការជាមួយយើងតែម្តង ។
ចំពោះនាងខ្ញុំតែងតែគោរពតាមគន្លងបងប្រុសទេព រិនដារ៉ូ ទាំងជាដៃគូរួមការងារជាមួយគ្នា បានន័យថាអត្តចរិតរួសរាយមានការគោរពគ្នានិងមានសម្ព័ន្ធភាពល្អ ។ ដូចនេះហើយបើសិនជាធ្លាក់ប្រជាប្រិយភាពក៏ក្រុមការងារនៅតែលើកស្ទួយ ។ អ្នកសិល្បៈមិនមែន៣០ឆ្នាំល្បីរហូតនោះទេ យើងអាចមានឆ្នាំនេះយើងល្បីបន្តិច ឆ្នាំនេះយើងធ្លាក់ច្រើន ឆ្នាំនេះយើងឡើងខ្លាំង ។ បែបនេះហើយបើនៅក្នុងអំឡុងដែលយើងទទួលបានការគាំទ្រខ្លាំង កំពុងតែល្បីខ្លាំង ហើយបើសិនជាយើងមានប្រជាប្រិយភាពជាមួយទស្សនិកជនតែយើងត្រូវតែធ្វើខ្លួនជាអ្នកសិល្បៈម្នាក់ដែលមានមិត្តភាពល្អមានសម្ព័ន្ធភាពល្អជាមួយអ្នកធ្វើការនៅក្នុងផលិតកម្ម ពីព្រោះអ្នកទាំងអស់នោះហើយបានធ្វើឲ្យយើងល្បី ។ ពេលដែលយើងលែងទទួលការគាំទ្រ តែគេស្រឡាញ់យើងក្រុមការងារស្រឡាញ់យើង ស្រឡាញ់ការសម្តែងរបស់យើង ស្រឡាញ់ការធ្វើការរបស់យើងនោះគេនៅតែគាំទ្រយើង ។ បើកាលណាក្រុមការងារគាំទ្រទស្សនិកជនក៏នៅតែគាំទ្រដូចគ្នា ។
២០ឆ្នាំជាមួយសិល្បៈទីមួយមានគេស្គាល់ច្រើនថាជាចន ច័ន្ទលក្ខិណា ទី២បានទទួលនូវបទពិសោធន៍ការងាររៀងរហូត គឺយើងផ្លាស់ប្តូរការងារ ថ្មីៗរហូតនៅក្នុងវិស័យសិល្បៈ ។ លើសពីនេះយើងមិនអាចបំភ្លេចបានកាលពីយើងទទួលបាននូវពានរង្វាន់ និងសម្តែងភាពយន្តថ្វាយព្រះករុណាចំនួន៣រឿង និងទទួលបានមេដាយថ្នាក់សេនា និងបានទទួលតំណែងជាតារាសម្តែងឆ្នើមប្រចាំប្រទេសឆ្នាំ២០០៥ជាពានរង្វាន់ថាសមាស និងបានទទួលកាក់មាសពីចាងហ្វាងផលិតកម្មដែលគាត់បានផ្តល់ឱកាសសម្តែងរហូតធ្វើឲ្យភាពយន្តគាត់ចំនួន២រឿងបានកេរ្តិ៍ឈ្មោះខ្លាំង ចំណូលច្រើនព្រោះគោរពការងារពេលវេលា ធ្វើឲ្យគាត់ពេញចិត្ត និងមានប័ណ្ណសរសើរជាមួយពានរង្វានអប្សរាឆ្នាំ២០១៣» ៕
ចែករំលែកព័តមាននេះ