ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​ស្ទូច​ស្លាក​ប៉ាណូ​តម្លៃ​២០០​ដុល្លារ ពេល​ធ្លាក់​បាក់​ទារ​សង​២៥០០ដុល្លារ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​រថយន្ត​ស្ទូច ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ស្លាក​យីហោ ខេ​ម​បូ​អាត ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន

ខេត្តកំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​រថយន្ត​ស្ទូច ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ស្លាក​យីហោ ខេ​ម​បូ​អាត ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដោយសារ​ម្ចាស់​ក្រុមហ៊ុន​បាន​ជួល​ឱ្យទៅ​ស្ទូច​ប៉ាណូ​ស្លាក​យីហោ តែ​បាន​ធ្វើ​ឱ្យ​ធ្លាក់​បាក់​ប៉ាណូ​នោះ​មក​ដី ខូចខាត​អស់ ។

ហេតុការណ៍​ធ្លាក់​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ កុម្ភៈ ស្ថិត​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។
ផ្ទាំង​ស្លាក​ប៉ាណូ​ដែល​ធ្លាក់​មកនេះ ជា​របស់​ក្រុម​ហ៊ុន​ខេ​ម​បូ​អាត ដែល​ជា​ក្រុមហ៊ុន​ដំឡើង​ស្លាក​ប៉ាណូ​នានា ដែល​មាន​តំណាង​របស់​ក្រុមហ៊ុន គឺ​លោក តេ​ង ហឿ​ន អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉​ប្រ៉​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ម្ចាស់​រថយន្ត​ស្ទូច ឈ្មោះ តា​ពុ​យ អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

តាម​សម្តី​របស់​លោក ធី ឆៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើ​​ត​ហេតុ ម្ចាស់​ក្រុមហ៊ុន​បាន​ទៅ​ជួល​រថយន្ត​ស្ទូច​នេះ​ក្នុង​តម្លៃ​២០០​ដុល្លារ មក​ស្ទូច​ស្លាក​យីហោ​ខាងលើ​ចុះ​ដើម្បី​ឱ្យ​គេ​ចាក់​ដី នៅ​ពេល​ចាក់​រួចរាល់​ទើប​យក​មក​ដាក់​វិញ ។ ប៉ុ​ន្តែ​នៅ​ពេល​រថយន្ត​កំពុង​ស្ទូច​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​ដែល​មាន​ទម្ងន់​៣​តោន​នោះ ស្រាប់តែ​ជើង​ទប់​របស់​រថយន្ត​ផុង​ដី បណ្តាល​ឱ្យ​ធ្លាក់​ស្លាក​យីហោ​មក បាក់​ខូចខាត ។ ពេល​នោះ​ម្ចាស់​ក្រុមហ៊ុន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ម្ចាស់​រថយន្ត ដែល​ធ្វើ​ឱ្យ​ខូចខាត​នោះ ដោយ​ទារ​សំណង​ចំនួន​២.៥០០​ដុល្លារ ហើយ​តម្លៃ​ប៉ាណូ​ទាំងមូល​គឺ​៥.០០០​ដុល្លារ ។ ប៉ុ​ន្តែ​នៅ​ពេល​ដោះស្រាយ​គ្នា​នោះ ម្ចាស់​រថយន្ត​មាន​លទ្ធភាព​សង​ត្រឹមតែ​១.២០០​ដុល្លារ​ប៉ុ​ណ្ណោះ ដោយ​ចរចា​មិន​ត្រូវ​គ្នា ត្រូវ​លោក ធី ឆៃ ឃាត់​រថយន្ត​ស្ទូច​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​សិន រង់ចាំ​ដោះស្រាយ​បន្ត​ទៀត ៕