រាជធានីភ្នំពេញ ៖ នាងអឿន ស្រីមុំ បន្ទាប់ពីទៅរស់នៅបរទេស ហើយមានហេតុផលត្រលប់មករស់នៅស្រុកខ្មែរវិញ បានស្រវាការងារសិល្បៈយ៉ាងមមាញឹក ។ ក្រៅពីចាប់អាជីពចម្រៀងឡើងវិញ អឿន ស្រីមុំ ថែមទាំងបន្ថែមអាជីពថ្មី គឺចូលរួមសម្តែងភាពយន្តក្នុងរឿង «ពូជខ្ញុំអីុចឹង» កាលពីពេលកន្លងមក ។
នាងអឿន ស្រីមុំ ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ពូជខ្ញុំអុីចឹង» របស់ផលិតកម្មរ៉ុកនោះ បានសម្រេចចិត្តដកថយពីពិភពសិល្បៈភាពយន្តទាំងសោកស្តាយ ។ មូលហេតុដែលនាងស្រីមុំមិនអាចស៊ូទ្រាំជាមួយអាជីពសម្តែងភាពយន្ត មកពីឈុតឆាកសម្តែងលំបាកជាងច្រៀងដែលជាជំនាញរបស់នាង។ ជាតួសម្តែង ស្រីមុំថា ត្រូវពូកែសម្តែងគ្រប់ស្ថានភាព និងទន្ទេញឱ្យចាំភាសាសន្ទនា ដើម្បីប្រមូលអារម្មណ៍សម្តែងឱ្យដូចភាពជាក់ស្តែង ។ ម្ល៉ោះហើយនាងអឿន ស្រីមុំ ដែលស៊ាំនឹងអាជីពចម្រៀងជាច្រើនឆ្នាំមិនអាចបន្តអាជីពជាតួសម្តែងភាពយន្តបានទៀតទេ ។
អ្នកចម្រៀងមានសំឡេងរដឺនអឿន ស្រីមុំ បញ្ជាក់កាលពីពេល ថ្មីៗនេះថា នាងទើបតែដឹងថាធ្វើជាតួកុនមិនមែនងាយស្រួលដូចធ្វើជាតារាចម្រៀងទេ ។ ក្លាយជាតួសម្តែងម្នាក់ដែលមានសមត្ថភាពល្អ មហាជនទទួលស្គាល់ត្រូវចេះសម្តែងគ្រប់ទម្រង់ទាំងជាតួកម្សត់ យំ កំប្លែង កាច ឆ្នាស តួខ្មោច និងឆ្កួតជាដើម ។ ចំណុចនេះហើយដែលស្រីមុំមិនអាចធ្វើបានតទៅទៀត ។
អឿន ស្រីមុំ និយាយថា «សម្រាប់តួគេល្បីឈ្មោះផ្នែកសម្តែង នាងខ្ញុំពិតជាទ្រាំសរសើរមិនបាន ។ ទី១គាត់ត្រូវប្រើទឹកមុខប្រែប្រួលលឿនតាមស្ថានភាពដូចជាកំពុងយំ សុខៗ ស្រាប់តែត្រូវសើចវិញ ។ ក្រៅពីនេះពួកគាត់ត្រូវចំណាយពេលយូរថ្ងៃចេញទៅថតនៅតាមទីជិតទីឆ្ងាយ ដូចជាតាមខេត្តជាដើម ដែលត្រូវប្រយុទ្ធជាមួយនឹងអាកាសធាតុមានក្តៅ ត្រជាក់យ៉ាងលំបាក ទម្រាំយកឈុតឆាកទាំងនោះបានដាក់បញ្ចាំងឱ្យអ្នកមើលជួយគាំទ្រនោះ ។ អីុចឹងហើយទើបនាងខ្ញុំសម្រេចចិត្តមិនថតទៀតទេ មកពីចេះតែគិតថាយើងនៅស្ទើរបទពិសោធន៍ ណាមួយអាចនិយាយថា អត់ចេះស៊ូទ្រាំជាមួយនឹងអាកាសធាតុខាងក្រៅក៏ថាបានដែរ ។ ម្យ៉ាងទៀតការថតភាពយន្តត្រូវទៅបាត់ពីផ្ទះ យូរៗដែលនាងខ្ញុំមានភារកិច្ចមើលការខុសត្រូវក្នុងផ្ទះសម្បែងដែរ ព្រោះធ្លាប់ដឹងពេលថតរឿងមុន គឺចេញបាត់ពីផ្ទះ ឬត្រឡប់មកវិញយប់ជ្រៅពេកដែលពិបាកនឹងបើកបរ ។ បែបនេះហើយទើបគិតថា ជាតារាភាពយន្តលំបាកមែន ខុសពីជាអ្នកចម្រៀងត្រូវទៅច្រៀងមួយ ភ្លែតៗនៅតែលើឆាកសម្តែងមានម្លប់ត្រជាក់ស្រួល ហើយបានបើកលុយមកផ្ទះដែលជារឿងមួយខុសពីតួកុនត្រូវទ្រាំចាំថតយូរ ។ ដូច្នេះហើយទើបនាងខ្ញុំមិនអាចចុះកិច្ចសន្យាថតជាមួយខាងណាបាន ។ នាងខ្ញុំមិនមែនមិនឱ្យតម្លៃភាពយន្តខ្មែរយើងនោះទេ ប៉ុន្តែធ្លាប់ហែលឆ្លងដែរទើបដឹងថាលំបាកបំផុត ព្រមទាំងមិនសរសើរមិនបាននោះទេចំពោះបណ្តាសិល្បករទាំងអស់ដែលចាប់អាជីពជាតារាសម្តែងយូរមកហើយនោះនៅតែបន្តថតមកដល់ពេលនេះ ។ ដូច្នេះសូមបងប្អូនយើងជួយគាំទ្រពួកគាត់បន្តទៀតដើម្បីបានជាកម្លាំងចិត្ត» ។
នាងអឿន ស្រីមុំ នៅតែរស់នៅក្នុងនាមជាស្ត្រីមេម៉ាយ ក្រោយពីបែកបាក់ស្នេហ៍ជាមួយអ្នករស់នៅប្រទេសបារាំងមានមុខរបរជាអ្នករត់តាក់ស៊ីមក ៕
ចែករំលែកព័តមាននេះ