ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចម្រៀង​ចាប៉ី​ពិការ​ភ្នែក​ព្រួយចិត្ត​ដ្បិត​មិន​មាន​អ្នក​ជួល​ច្រៀង

9 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកចម្រៀង​ចាប៉ី​ពិការ​ភ្នែក​ឈ្មោះ​កែ ពេជ្រ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក​តោក​យ៉ា​ក ដ្បិត​មហាជន​មិន​និយម​រាប់រក​ជួល​គាត់​ទៅ​សម្តែង ។

ខេត្តកំពត ៖ អ្នកចម្រៀង​ចាប៉ី​ពិការ​ភ្នែក​ឈ្មោះ​កែ ពេជ្រ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក​តោក​យ៉ា​ក ដ្បិត​មហាជន​មិន​និយម​រាប់រក​ជួល​គាត់​ទៅ​សម្តែង ។

លោក​កែ ពេជ្រ ដឹង​តាម​ឪពុក​ម្តាយ​របស់​គាត់​ប្រាប់​ថា គាត់​ពិការ​ភ្នែក​តាំងពី​អាយុ​៣​ឆ្នាំ​មក​ម្ល៉េះ ។ មូលហេតុ​បែប​អបិយ​ជំនឿ​ត្រូវ​ឪពុក​ម្តាយ​អះអាង​ថា គាត់​ពិការ​ភ្នែក​ដោយសារ​ខុស​ដូនតា ។

នៅ​របប​ខ្មែរក្រហម លោក​កែ ពេជ្រ ស្ថិត​ក្នុង​វ័យ​កុមារ ហើយ​អង្គការ​ឱ្យ​អារ​អុស​ជា​ដៃគូ​ជាមួយ​កុមារ​ម្នាក់​ទៀត​ដែល​មាន​ភ្នែក​ភ្លឺ ។

ក្រោយ​ថ្ងៃ​រំដោះ​រួច​រស់​ពី​របប​ប្រល័យពូជសាសន៍ ឪពុក​ម្តាយ​បានឱ្យ​លោក​កែ ពេជ្រ ទៅ​រៀន​ចាប៉ី​ពី​លោកតា​គង់ ណៃ ដែល​នៅផ្ទះ​ជិត  គ្នា ។ អំឡុង​ពេល​នោះ គាត់​រៀន​ច្រៀង​បទ​ប្រពៃណី និង​រៀន​កូតទ្រ​ផង​ដែរ ។

បច្ចុប្បន្ន​គ្រួសារ​របស់​លោក​កែ ពេជ្រ មាន​ជីវភាព​ខ្សត់ខ្សោយ ព្រោះ​ប្រពន្ធ និង​កូន​មិន​មាន​ជំនាញ​អ្វី​អាច​រក​ប្រាក់​កម្រៃ​បាន​ទេ ។

លោក​កែ ពេជ្រ បាន​រៀប​ការ​ក្នុង​ឆ្នាំ​១៩៩១ និង​មានកូន​៦​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ ហើយ​បាន​បួស​ជា​សង្ឃ ។

ក្នុង​អាជីព​ជា​អ្នកចម្រៀង​ចាប៉ី លោក​កែ ពេជ្រ ធ្លាប់​ចូលរួម​ប្រលង​ទទួល​បាន​ជ័យ​លា​ភី​ចំនួន​២​លើក ។

អ្នកចម្រៀង​ចាប៉ី​ពិការ​ភ្នែក​រូប​នេះ បាន​និយាយ​ត្អូញត្អែរ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា «​ទោះបីជា​ខ្ញុំ​បាន​ទទួល​ជ័យ​លា​ភី​ខាង​ចាប៉ី​ក៏​ដោយ ក៏​មិន​មាន​អ្នក​ណា ឬ​អង្គភាព​ណា ហៅ​ខ្ញុំ​ទៅ​ច្រៀង​អ្វី​ទេ ។ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ស្ងៀមស្ងាត់​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ ។ រីឯ​នៅ​ជនបទ​ឯណោះ​វិញ ក៏​មិន​មាន​គេ​ជួល​ឱ្យទៅ​ច្រៀង​ចាប៉ី​ក្នុង​កម្មវិធី​អ្វី​ដែរ ។ និយាយ​រួម​ដូច​ជា​គេ​មិន​រាប់រក​អ្នក​ចាប៉ី ប៉ុន្តែ​ខ្ញុំ​ពឹងផ្អែក​ភ្លេង​ប្រពៃណី​វិញ ព្រោះ​ខ្ញុំ​មាន​វង់ភ្លេង​ប្រពៃណី​គ្រាន់​បាន​ប្រាក់​បន្តិចបន្តួច​គ្រាន់​សម្រួល​ជីវភាព​» ។

លោក​កែ ពេជ្រ បាន​អំពាវនាវ​រក​ការ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់ ដ្បិត​សព្វថ្ងៃ​គ្មាន​បង្គន់​អនាម័យ​ទេ ។

លោក​លន់ រម្យ​នា ប្រធាន​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​កំពង់ត្រាច ឱ្យ​ដឹង​ថា អ្នក​ចាប៉ី​ដង​វែង​នៅ​ស្រុក​កំពង់ត្រាច មាន​២​នាក់ ក្នុង​នោះ​លោក​កែ ពេជ្រ ធ្លាប់​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រលង ប៉ុន្តែ​ជីវភាព​គ្រួសារ​គាត់​នៅ​តែ​ខ្វះខាត ៕