ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អ៊ុំ គ​ន្ធា​អំពាវនាវ​រក​ការ​ផ្តល់​ឱកាស​បាន​ច្រៀង​តាម​ទូរទស្សន៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចាក​ចេញពី​មណ្ឌល​កែប្រែ​គ្រឿងញៀ.ន​មក អតីត​តារាចម្រៀង​យេ​យេ នាង​អ៊ុំ គ​ន្ធា បាន​អំពាវនាវ​ដល់​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ផ្តល់​ឱកាស​ឱ្យ​នាង​បាន​ច្រៀង​ឡើង​វិញ ខណៈ​ពេល​ដែល​សុខភាព​របស់​នាង​បាន​ប្រសើរ​ជាង​មុន ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ចាក​ចេញពី​មណ្ឌល​កែប្រែ​គ្រឿងញៀន​មក អតីត​តារាចម្រៀង​យេ​យេ នាង​អ៊ុំ គ​ន្ធា បាន​អំពាវនាវ​ដល់​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ផ្តល់​ឱកាស​ឱ្យ​នាង​បាន​ច្រៀង​ឡើង​វិញ ខណៈ​ពេល​ដែល​សុខភាព​របស់​នាង​បាន​ប្រសើរ​ជាង​មុន ។

នាង​អ៊ុំ គ​ន្ធា ធ្លាក់ខ្លួន​ញៀន​ថ្នាំ​ដល់​កម្រិត និង​ផ្ទុកមេរោគ​កាច​សាហាវ​នៅ​ក្នុង​ខ្លួន បន្ទាប់​ពី​នាង​បាក់បែក​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​លោក​ផា​ន សុ​ផាត ។ ភាព​រុងរឿង​នៃ​ជីវិត​ជា​តារាចម្រៀង​របស់​នាង​បាន​ធ្លាក់​ក្រខ្សត់​រហូត​ដល់​ថ្នាក់​បេះ​ត្រកួន និង​រាវ​ខ្យង ខ្ចៅ លក់​ដើម្បី​ចិញ្ចឹម​ម្តាយ និង​កូន​ពីរ​នាក់​ក្នុង​បន្ទុក ។

អតីត​តារាចម្រៀង​អ៊ុំ គ​ន្ធា ត្រូវ​ក្រុម​គ្រួសារ​រួម​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​លោក​សុះ ម៉ាច ជា​ប្រធាន​នាំ​យក​ទៅ​មណ្ឌល​កែប្រែ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​នាង​ទទួល​បាន​សភាព​ដូច​ធម្មតា​វិញ ។ ក្រោយ​ពី​បាន​ចូល​មណ្ឌល​ក្រែ​ប្រែ​គ្រឿងញៀន​មួយរ​យៈមក នាង​អ៊ុំ គ​ន្ធា បាន​វិល​មក​រក​សភាព​ដើម​វិញ ហើយ​នាង​បាន​អង្វរករ​ដល់​ក្រុម​គ្រួសារ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រក​ការងារ​ធ្វើ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

ការ​ថែរក្សា​សុខភាព និង​ព្យាយាម​ផ្តាច់​ចេញ​ឲ្យ​ឆ្ងាយ​ពី​សារជាតិ​ញៀន ធ្វើ​ឱ្យ​នាង​អ៊ុំ គ​ន្ធា វិល​មក​សភាព​ដើម​វិញ ។ ទន្ទឹម​នេះ​នាង​បាន​អំពាវនាវ​ដល់​ស្ថានីយទូរទស្សន៍​នានា ផ្តល់​ឱកាស​ដល់​នាង​បាន​ចូលរួម​ច្រៀង​ផង ដើម្បី​បាន​កម្រៃ​ចិញ្ចឹមជីវិត ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​សុះ ម៉ាច អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ថា បច្ចុប្បន្ន​អ្នក​នាង​អ៊ុំ គ​ន្ធា បាន​វិល​មក​រក​សភាព​ដើម​ច្រើន​ហើយ បន្ទាប់​ពី​នាង​ចេញពី​មណ្ឌល​ក្រែ​ប្រែ​មួយ​រយៈ​មកនេះ ។ ឆ្លងកាត់​ការ​លំបាក ទីបំផុត​នាង អ៊ុំ គ​ន្ធា ត្រូវ​អង្គការ​មួយ​ដែល​តែងតែ​ផ្តល់​ថ្នាំ​ឲ្យ​នាង​លេប​ជា​រៀង​រាល់​ខែ​ទទួលយក​ឲ្យ​ទៅ​ធ្វើការ​នៅ​ទីនោះ ដោយ​ក្នុង​មួយ​ខែ​បាន​ប្រាក់​៣០០​ដុល្លារ ។ ទន្ទឹម​នឹង​ទទួល​បាន​ប្រាក់ខែ​ពី​អង្គការ​នោះ នាង​អ៊ុំ គ​ន្ធា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១០០​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ការ​សិក្សា​របស់​កូន​នាង ពី​មិត្តភក្តិ​ម្នាក់​របស់​លោក ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​សុះ ម៉ាច បើ​ទោះបីជា​នាង​អ៊ុំ គ​ន្ធា ទទួល​បាន​ប្រាក់ខែ​ក្នុង​កម្រិត​នោះ​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​បាន សម្រាប់​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នាងទេ ។ ដូច្នេះ​ហើយ​នាង​គ​ន្ធា​បាន​ពឹងពាក់​លោក​សុះ ម៉ា​ច ជួយ​សុំ​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ឲ្យ​ផ្តល់​ឱកាស​ដល់​នាង​ចូលរួម​ច្រៀង ដើម្បី​បាន​ប្រាក់​កម្រៃ​សម្រាប់​ទប់ទល់​ជីវភាព​គ្រួសារ​របស់​នាង ។

ក្នុង​នាម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច អំពាវនាវ​ដល់​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ឱ្យ​ផ្តល់​ឱកាស​ដល់​នាង​អ៊ុំ គ​ន្ធា បាន​ចូលរួម​ច្រៀង​ផង បន្ទាប់​ពី​នាង​ខកខាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

លោក​សុះ ម៉ាច បញ្ជាក់​ថា តាមតែ​លោក​សង្កេត​សុខភាព​របស់​នាង​អ៊ុំ គ​ន្ធា ទំនងជា​មិន​មាន​បញ្ហា​សម្រាប់​ការ​ឡើង​ច្រៀង​ឡើយ ខណៈ​ដែល​សាច់ឈាម និង​ពណ៌​សម្បុរ​របស់​នាង​ស្រស់ថ្លា​ជាង​មុន ៕