ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ថន ស្រី​ណៃ គ្រង​មកុដ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ឆ្នាំ​2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មកុដ​ជ័យ​លា​ភី​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២០១៤ បាន​ទៅ​លើ​កញ្ញា​ថន ស្រី​ណៃ ។ ពិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន Aplus Asia Network ជា​អ្នក​រៀបចំ​បាន​អញ្ជើញ​តំណាង​ពី​

រាជធានី​ភ្នំពេញ ៖ មកុដ​ជ័យ​លា​ភី​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២០១៤ បាន​ទៅ​លើ​កញ្ញា​ថន ស្រី​ណៃ ។ ពិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន Aplus Asia Network ជា​អ្នក​រៀបចំ​បាន​អញ្ជើញ​តំណាង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន អ្នកការទូត និង​ជា​ពិសេស​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ កញ្ញា Tan Sri Danny Ooi ជា​ភ្ញៀវ​កិត្តិយស ។

អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន Aplus Asia Network លោក Alger Keh មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ជ្រើសរើស​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​នេះ ដើម្បី​លើកកម្ពស់​វប្បធម៌​កម្ពុជា និង​លើកទឹកចិត្ត​ស្ត្រី​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ពួក​គេ​នៅ​ក្នុង​សង្គម ។ ការ​ប្រកួត​វគ្គ​ចុង​ក្រោយ​នេះ​មាន​បេ​ក្ខ​នារី​២៣​រូប​ប្រកួតប្រជែង ដោយ​មានការ​ចូលរួម​វិនិច្ឆ័យ​ផ្តល់​ពិន្ទុ​ទាំង​៨​ចំណុច​របស់​គណៈមេប្រយោគ ដែល​យោង​ទៅ​លើ​សម្រស់ ភាព​ទាក់ទាញ ដំណើរ ទេព​កោសល្យ របៀប​ស្លៀកពាក់​បែប​ប្រពៃណី របៀប​ស្លៀកពាក់​ផ្លូវការ របៀប​ឈរ ព្រមទាំង​កិច្ច​សម្ភាស​បុគ្គល​ដោយ​ផ្ទាល់ ។

លោកស្រី​ម៉ិ​ញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ជា​មន្ត្រី​មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពិតជា​មាន​មោទនភាព​ដោយ​បានដឹង​ថា ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Aplus Asia Network ព្យាយាម​ជួយ​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សម្រស់​របស់​នារី​កម្ពុជា ។ ក្រសួង​វប្បធម៌​សូម​លើកទឹកចិត្ត​ដល់​បេ​ក្ខ​នារី​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ដែល​នឹង​លើក​ស្ទួយ​ដល់​វិស័យ​សម្រស់​នៅ​កម្ពុជា ។ ពេល​នេះ​យើង​មាន​តារា​ម៉ូ​ដែល ជា​អ្នកតំណាង​ឱ្យ​ប្រទេស​កម្ពុជា​ជា​អន្តរជាតិ នៅ​ពេល​ដែល​គាត់​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​តារា​ម៉ូ​ដែល ដែល​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​មិត្តភាព ។ លើស​ពី​នេះ មាន​បេ​ក្ខ​នារី​ខ្លះ​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា ខ្លះ​ជាតា​រា​ម៉ូ​ដែល ខ្លះ​មាន​ជំនាញ​វិជ្ជាជីវៈ និង​ខ្លះ​បាន​បញ្ចប់​ការ​សិក្សា និង​ខ្លះ​ជា​វេជ្ជបណ្ឌិត​ដែល​បញ្ជាក់​ថា នារី​ខ្មែរ​ពិតជា​ឆ្លាត និង​ក្លាហាន​ប្រកបដោយ​ចំណេះដឹង​» ។

ព្រឹត្តិការណ៍​ជ្រើសរើស​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ មាន​ប្រទេស​ចូលរួម​ប្រមាណ​ពី​៦០ ទៅ​៨០​ប្រទេស​ក្នុង​ពិភពលោក ដោយ​បញ្ជូន​តំណាង​របស់​ខ្លួន​ដើម្បី​ចូលរួម ។ ការ​ប្រកួតប្រជែង​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ លើក​ទី​១៨ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ២០១៤ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ដោយ​ផ្អែក​លើ​ការ​រៀបចំ ពី​មុន​នៃ​ការ​ជ្រើសរើស​បេ​ក្ខ​នារី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ គណៈកម្មការ​បាន​ជ្រើសរើស​បេ​ក្ខ​នារី​ដែល​ផ្អែក​ទៅ​លើ​មូលដ្ឋាន​មនោ​គម ភាព​ទាក់ទាញ និង​ភាព​ឆ្លាត​វៃ​របស់​ពួក​នាង មិនមែន​គ្រាន់តែ​ផ្អែក​ទៅ​លើ​ភាព​ស្រស់​ស្អាត​មួយ​ទេ ។ អ្នក​ដែល​ឈ្នះ​នឹង​ត្រូវធ្វើ​ដំណើរ​ជា​អ្នកតំណាង​ឱ្យ​កម្ពុជា ទៅ​ប្រកួត​ជា​លក្ខណៈ​ពិភពលោក​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​៣​ស​ប្តា​ហ៍​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​មិត្តភាព ។

បេ​ក្ខ​នារី​ជ័យ​លា​ភី​៨​រូប​ដែល​ចូល​ដល់​វគ្គ​ចុង​ក្រោយ​បាន​ទទួល​រង្វាន់​ប្រាក់សុទ្ធ និង​អាហារូបករណ៍ ។ ចំណែក​ជ័យ​លា​ភី​លេខ​១ នឹង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី រយៈពេល​២២​ថ្ងៃ នា​ខែធ្នូ ក្រោម​ការ​ឧបត្ថម្ភ​គ្រប់យ៉ាង​ដើម្បី​ចូលរួម​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៨ ដ៏​អស្ចារ្យ ។ លើស​ពី​នេះ​ទទួល​បាន​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ អាហារ​គ្រប់ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា និង​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដែល​មាន​តម្លៃ​សរុប​ជាង​១៥.០០០​ដុល្លារ​អា​មេ​រិ​ក ។

ជ័យ​លា​ភី​គ្រង​មកុដ​កញ្ញាឯក​ទេសចរណ៍ អន្តរជាតិ​កម្ពុជា​ឆ្នាំ​២០១៤​នេះ គឺ​កញ្ញា​ថន ស្រី​ណៃ ពាក់​ស្លាក​លេខ​១៩ ។ ចំណាត់ថ្នាក់​លេខ​លេខ​២ កញ្ញា​ពិសិដ្ឋ រ៉ូ​ស្សា ជា​អ្នកបម្រើ​ការ​នៅ​លើ​យន្តហោះ ។ ចំណាត់ថ្នាក់​លេខ​៣ កញ្ញា​អៀម ច័ន្ទ​ពិសី មាន​កម្ពស់​១,៦៤​ម៉ែត្រ ជា​គ្រូបង្រៀន ។ 

ម្ចាស់​ជ័យ​លា​ភី​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២០១៤ ដែល​គ្រង​មកុដ​ក្នុង​ទឹកមុខ​ស្រស់​សោភា បាន​ថ្លែង​ថា «​មនុស្ស​យើង​ត្រូវ​តែ​មាន​ក្តី​ស្រមៃ បើ​មាន​ក្តី​ស្រមៃ​នោះ​ពិតជា​មាន​ទឹកចិត្ត​តស៊ូ ហើយ​ទទួល​បាន​ជ័យ​លា​ភី និង​អាច​យកជ័យ​ជម្នះ​រាល់​ការ​លំបាក​បាន ។ នេះ​ជា​គោល​គំនិត​ដែល​នាង​ខ្ញុំ​តែងតែ​នឹកគិត ហើយ​ពិតជា​ផ្តល់​តម្លៃ​ដល់​រូប​នាង​ខ្ញុំ​ស្ទើរតែ​នឹក​និយាយ​មិន​ចេញ ។

នាង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​រៀបចំ​កម្មវិធី​ដែល​បង្កើត​កម្មវិធី​នេះ​ឡើង​ឱ្យ​ស្ត្រី​ខ្មែរ​មានឱកាស​បង្ហាញ​ភាព​ក្លាហាន​លើ​ឆាក​ជាតិ និង​អន្តរជាតិ ។ នាង​ខ្ញុំ​នឹង​ខិតខំ​បង្ហាញ​ទេព​កោសល្យ​ជា​បន្ត​ទៀត​នៅ​ពេល​ប្រកួត​លំដាប់​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ទាក់ទាញ​ដូច​ជា​អង្គរវត្ត និង​ឆ្នេរសមុទ្រ​កម្ពុជា​ជាដើម​» ៕