ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​សង្ឃឹម​ថា ប្រាក់ឈ្នួល​កម្មករ​​អាច​លើស​121$ ខណៈ​ពេលរង់ចាំ​អ៊ុត​លទ្ធផល​ពី​ក្រុមប្រឹក្សា​​ការងារ​

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ដែល​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី មាន​ភាគី​និយោជក​៩​នាក់ និយោជិត​៩​នាក់​(​សហជីព​) និង​រាជរដ្ឋាភិបាល​៩​នាក់​ពី​រឿង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ សម្រាប់​ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃ​ទី​២០ តុលា រហូត​មក​ដល់​ថ្ងៃ​ទី​៣០ តុលា នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ ។ ប៉ុន្តែ​ក្រុម​សហជីព​មាន​សុទិដ្ឋិ​

​រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ដែល​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី មាន​ភាគី​និយោជក​៩​នាក់ និយោជិត​៩​នាក់​(​សហជីព​) និង​រាជរដ្ឋាភិបាល​៩​នាក់​ពី​រឿង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ សម្រាប់​ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃ​ទី​២០ តុលា រហូត​មក​ដល់​ថ្ងៃ​ទី​៣០ តុលា នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ ។ ប៉ុន្តែ​ក្រុម​សហជីព​មាន​សុទិដ្ឋិ​និយម​ថា ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​នឹង​លើស​ពី​ចំនួន​១២១​ដុល្លារ ដែល​រាជរដ្ឋាភិបាល​កំណត់ ។

ការ​មាន​សុទិដ្ឋិនិយម​របស់​ក្រុម​សហជីព​បាន​ធ្វើ​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​បញ្ចប់​របស់​ក្រុមការងារ​ត្រីភាគី កាលពី​ថ្ងៃ​ទី​៣០ តុលា កន្លង​មក ។ ក្នុង​កិច្ចប្រជុំ​ត្រីភាគី​លើក​ចុង​ក្រោយ ភាគី​និយោជក និយោជិត និង​រាជរដ្ឋាភិបាល បាន​លើក​សំអាង​រៀង​ៗ​ខ្លួន​ចំពោះ​ការ​ស្នើ​សុំ និង​លទ្ធភាព​ដែល​អាច​ផ្តល់​មាន​ភាព​តឹងតែង ប៉ុន្តែ​មិន​បាន​អនុម័ត​ក្នុង​ចំនួន​ណាមួយ​ពិតប្រាកដ​នោះ​ទេ ។បញ្ហា​តានតឹង​បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ពិភាក្សា​ផ្ទៃក្នុង​រយៈពេល​ប្រមាណ​ជា​១០​នាទី​រួច​ចូល​បន្ទប់​ប្រជុំ​វិញ និង​បាន​ជជែក​គ្នា​បន្ត​រហូត​ឈាន​ដល់​ការ​បោះ​ឆ្នោត​ដើម្បី​កំណត់​យក​តួលេខ​ណាមួយ​សម្រាប់​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រេច ។ 

លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ តុលា នៅ​ទីស្តីការ​ក្រសួង​ការងារ​ថា កិច្ចប្រជុំ​នេះ​មាន​ភាព​តឹងតែង​ដាក់​គ្នា​ខ្លាំង​ដោយ​មិន​មានការ​ព្រមព្រៀង​ណាមួយ​ពី​ភាគី​ទាំង​អស់នោះ​ទេ និង​បាន​សម្រេច​បោះ​ឆ្នោត​ដើម្បី​កំណត់​ចំនួន​តួលេខ​ណាមួយ​សម្រាប់​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​អ្នក​សម្រេច​នៅ​ខែវិច្ឆិកា ២០១៤ ខាង​មុខ​នេះ ។ ក្នុង​ការ​បោះ​ឆ្នោត​ត្រីភាគី​និយោជក​បាន​ដាក់​ចំនួន​១១០​ដុល្លារ ទទួល​បានការ​គាំទ្រ​ទាំង​៩​សំឡេង​លើ​២១​សំឡេង ។ ចំណែក​ភាគី​រដ្ឋាភិបាល​វិញ បាន​ដាក់​ចំនួន​១២១​ដុល្លារ ក្នុង​សមាជិក​ទាំង​៩​សំឡេង​លើ​២១​សំឡេង បាន​បោះ​ឆ្នោត​គាំទ្រ​ទាំងអស់ ។ ដោយឡែក ភាគី​សហជីព​ដែល​បាន​ដាក់​ចំនួន​១៤០​ដុល្លារ ទទួល​បានការ​គាំទ្រ​តែ​៧​សំឡេង​លើ​២១​សំឡេង គឺ​មាន​២​សំឡេង មិន​បាន​បោះ​ឆ្នោត​គាំទ្រ​ចំនួន​១៤០​ដុល្លារ​នោះ​ទេ ។

លោក សៀង សម្បត្តិ បន្ត​ថា សហជីព​២​ដែល​មិន​បាន​បោះ​ឆ្នោត​គាំទ្រ គឺជា​សហជីព​គាំទ្រ​រាជរដ្ឋាភិបាល​និង​និយោជក ដោយ​បោះ​ឆ្នោត​ជា​អនុបវាទ ។ សហជីព​២​នាក់​នោះ​មិន​បាន​គិត​ប្រយោជន៍​របស់​កម្មករនិយោជិត​ទេ គេ​បែរជា​គិត​ប្រយោជន៍​របស់​រាជរដ្ឋា​ភិបាល និង​និយោជក​ទៅ​វិញ ។ យ៉ាងណា​ក៏​ដោយ សហជីព​នៅ​មាន​សុទិដ្ឋិនិយម​ថា ចំនួន​តួលេខ​ដែល​បាន​បោះ​ឆ្នោត​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​នោះ​មិន​ស្ថិត​នៅ​ចំនួន​១១០ និង​១២១​ដុល្លារ​នោះ​ទេ គឺ​សង្ឃឹមថា គណៈកម្មការ​ប្រឹក្សា​ការងារ​ពិនិត្យ​បន្ថែមចំនួន​តួលេខ​លើស​ពី​នេះ ។

លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​លើក​ឡើង​ថា ទោះបី​តួលេខ​ដែល​សហជីព​ដាក់​ចំនួន​១៤០​ដុល្លារ​មិន​បាន បញ្ជូន​ទៅ​គណៈកម្មការ​ប្រឹក្សា​ជា​អ្នក​កំណត់​ក៏​ដោយ ក៏​តួលេខ​ដែល​បញ្ជូន​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ចំនួន​១១០​ដុល្លារ និង​១២១​ដុល្លារ​នោះ សហជីព​ទាំងអស់​យល់​ឃើញ​ថា ជា​ចំនួន​ស្ថិត​នៅ​បន្ទាត់​ភាព​ក្រីក្រ​នៅឡើយ ។ ដូច្នេះ ក្រុម​សហជីព​មាន​សុទិដ្ឋិនិយម​ថា គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​សម្រេច​បន្ថែម​តួលេខ​ផ្សេង​ពី​ចំនួន​តួលេខ​ដែល​ដាក់​ជូន ។

លោក ប៉ាវ ស៊ី​ណា បញ្ជាក់​ថា «​តួលេខ​គឺជា​ចំនួន​មួយ​សម្រាប់​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា ប្រសិនបើ​ឲ្យ​ចំនួន​តួលេខ​ណាមួយ​នោះ កម្មករ​នឹង​ជួប​បញ្ហា​ការ​រស់នៅ​របស់​ពួក​គាត់ ។ អ៊ីចឹង​ហើយ គណៈកម្មការ​ប្រឹក្សា​ការងារ​ដឹង​ហើយ​ថា សហជីព​មាន​ជំហរ​ក្នុង​ចំនួន​តួលេខ​១៤០​ដុល្លារ ប្រសិនបើ​ការ​សម្រេច​ណាមួយ​មិន​ស្រប​តាម​តម្រូវការ​របស់​កម្មករ​នោះ ខ្ញុំ​គិត​ថា គណៈកម្មការ​ប្រឹក្សា​ការងារ​នឹង​ទទួលខុសត្រូវ​។ សហជីព​បង្ហាញ​ជំហរ​ហើយ គឺ​ចាប់ពី​១៧៧​ដុល្លារ​រហូត​ដល់​១៤០​ដុល្លារ​ហ្នឹង​បាន​បោះ​ឆ្នោត​ទៀត ។ ក្រុម​សហជីព​យើង​ថា តួលេខ​ដែល​ដាក់​ទៅ​នោះ​ជា​តួលេខ​មួយ ហើយ​អ្វី​ដែល​សម្រេច​នោះ គឺ​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​អ្នក​សម្រេច​»​។

ចំណែក​លោកស្រី​យ៉ាង សោ​ភណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​រហូត​មក បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ចំនួន​តួលេខ​ដែល​បោះ​ឆ្នោត​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ ។ លោកស្រី​បញ្ជាក់​ថា តាម​ពិត​ទៅ​យើង​មិន​ពេញចិត្ត​ទេ ព្រោះថា​សហជីព​របស់​យើង​តាំងពី​ដំបូង​មក ដាក់​ចំនួន​១៧៧​ដុល្លារ ប៉ុន្តែ​ដោយសារ​អ្នក​ទាំងអស់​គ្នា​សម្រេច​បោះ​ឆ្នោត ទើប​យើង​សម្រេចចិត្ត​យក​តួលេខ​១៤០​ដុល្លារ​ក្នុង​ការ​បោះ​ឆ្នោត និង​មួយវិញទៀត​ខ្លាច​បាត់បង់​សំឡេង​ឆ្នោត​ដើម្បី​សម្រេច​យក​ទៅ​ដាក់​គណៈកម្មការ​ប្រឹក្សា​ការងារ​។ ចុង​ក្រោយ​យើង​ត្រូវ​ចាញ់ឆ្នោត ព្រោះ​សហជីព​មួយ​ចំនួន​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​ចំនួន​១៤០​ដុល្លារ​នោះ​ទេ ។

ទោះបីជា​មាន​ចំនួន​តួលេខ​សម្រាប់​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​យ៉ាងណា​ក្តី តំណាង​សហជីព​ទាំងអស់​មិន​អស់ចិត្ត និង​អះអាង​ថា ពួក​គេ​នៅ​មាន​សិទ្ធិ​តវ៉ា និង​លើស​ពី​នេះ​នឹង​ធ្វើ​ប្រជាមតិ​ចំពោះ​សមាជិក​របស់​ខ្លួន​ថា តើ​ព្រម​ទទួលយក​ចំនួន​តួលេខ​ដែល​ដាក់​ទៅ​ក្រុមប្រឹក្សា​ការងារ ឬ​យ៉ាងណា ។  ដោយឡែក លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​បាន​លើក​ឡើង​ថា ការ​កំណត់​ចំនួន​តួលេខ​របស់​រាជរដ្ឋាភិបាល បាន​ផ្តល់​អត្ថប្រយោជន៍​ជូន​កម្មករ​រហូត​ដល់​១០%​លើ​បញ្ហា​សុខភាព និង​អនុគ្រោះ​ពន្ធ​មួយទៀត ។ លោក​ថា ប្រ​សិន​រាជរដ្ឋាភិបាល​មិន​ដាក់​ចេញ​នូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទេ កម្មករនិយោជិត​នឹង​ត្រូវ​ចំណាយ​១០% ស្មើនឹង​១២​ដុល្លារ​នៃ​ប្រាក់​ឈ្នួល​គោល​លើ​ការងារ​រ៉ាប់រង​សុខភាព ចំណែក​ពន្ធ​វិញ កម្មករ​អាច​រួច​ផុត​ពី​ការ​បង់ពន្ធ​ចំនួន​៧​ដុល្លារ​ស្មើនឹង​ប្រមាណ​៦%​នៃ​ប្រាក់​ឈ្នួល​គោល ។

តាម​ការ​អះអាង​របស់​លោក ហេង សួរ ថា រាជរដ្ឋាភិបាល​មិន​បាន​បដិសេធ​ចំពោះ​តម្រូវការ​របស់​កម្មករនិយោជិត​នោះ​ទេ ។ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ផ្តល់​ប្រាក់​ឈ្នួល​នេះ​ដើម្បី​ឲ្យ​អ្នក​វិនិយោគ​មើលឃើញ​ថា ប្រាក់​ឈ្នួល​កម្មករនិយោជិត​កម្ពុជា​ទាប ទើប​គេ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ។លោក​បញ្ជាក់​ថា «​ធាតុ​ពិត​ប្រសិនបើ​យើង​ផ្តល់​ចំនួន​១៤០​ដុល្លារ ហើយ​ដក​ការ​បង់​លើ​បញ្ហា​សុខភាព ដក​លើ​ការ​បង់ពន្ធ​នោះ ចុង​ក្រោយ​កម្មករនិយោជិត​ទាំងអស់​នៅ​សល់​ប្រាក់​ឈ្នួល​ប្រហែលជា​១២០​ដុល្លារ​ដដែល ។ ប៉ុន្តែ​បើ​យើង​ផ្តល់​១៤០​ដុល្លារ​នោះ អ្នកបញ្ជា​ទិញ​នឹង​មើលឃើញ​ថា តួលេខ​ខ្ពស់ តែបើ​យើង​ដាក់​១២១​ដុល្លារ​នោះ កម្មករ​មិន​មាន​កាតព្វកិច្ច​បង់ពន្ធ និង​បង់​លើ​បញ្ហា​សុខភាព​នោះ គាត់ សល់​១២១​ដុល្លារ​» ។

ទោះជា​លើក​ហេតុផល​យ៉ាងណា​ក្តី លោក ហេង សួរ ថា ចំនួន​តួលេខ​ដែល​កំណត់​ដោយ​ការ​បោះ​ឆ្នោត​នឹង​ស្ថិត​នៅ​លើ​ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ (LAC) ដែល​គណៈកម្មការ​នេះ​នឹង​ពិភាក្សា​សម្រេច​ក្នុង​ខែវិច្ឆិកា គឺ​អាច​ដឹង​លទ្ធផល​នៅ​ក្រោយ​ថ្ងៃ​បុណ្យអុំទូក ។

លោក គង់ អាទិត្យ តំណាង​សហជីព​ស៊ី​ខៅ​ឌូ ក៏​បាន​លើក​ឡើង​ថា ចំនួន​តួលេខ​កំណត់​ដាក់​ជូន​ទៅ LAC នោះ មិនមែន​ជា​តួលេខ​មួយ​ផ្លូវការ​នោះ​ទេ គ្រាន់តែ​ជា​ចំនួន​របស់​ក្រុមបច្ចេកទេស ដាក់​ប៉ុណ្ណោះ ហើយ​ចំនួន​១១០​ដុល្លារ គឺ​ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ហើយ​ចំនួន​១២១​ដុល្លារ ស្មើ​ឬ​លើស​បន្តិចបន្តួច​ពី​ភាព​ក្រីក្រ​។ រាជរដ្ឋាភិបាល​ត្រូវ​គិត​ពី​ប្រយោជន៍​កម្មករ​ហើយ​ចំនួន​តួលេខ​ដែល LAC នឹង​សម្រេច​នោះ ខ្ញុំ​សង្ឃឹមថា លើស​ពី​ចំនួន​ដែល​ដាក់​ទៅ គឺ​ចំនួន​តួលេខ​ដែល​អាច​ឲ្យ​សហជីព​ទទួលយក​បាន ៕
             ​