ហួត វឌ្ឍនា យុវតារាថ្មីកំពុងពុះពារក្នុងជីវិតអ្នកសំដែង
ដោយ ៖ សាម៉ន
ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៥៥

កោះសន្តិភាព
លោកហួត វឌ្ឍនា
រាជធានីភ្នំពេញ ៖ លោកហួត វឌ្ឍនា ក្នុងវ័យ១៨ឆ្នាំ ជាតារាសំដែងភាពយន្ត-វីដេអូនិងកាយវិការខារ៉ាអូខេ។ ជារៀងរាល់ថ្ងៃទស្សនិកជនទូទៅតែងតែបានឃើញមុខលោកតាមស្ថានីយទូរទស្សន៍មួយចំនួនដែលចាក់ផ្សាយរឿងខ្លីៗបែបអប់រំសុខភាពយុវវ័យដូចជារឿង«ល្បឿនចិត្ត» និងរឿង«ស្នេហ៍រើសវណ្ណៈ»ក្នុងនាមជាតួឯក។
លោកហួត វឌ្ឍនា ឱ្យដឹងថា ដោយសារតែលោកមាននិស្ស័យស្រឡាញ់សិល្បៈសំដែងនៅវិស្សមកាលពីការរៀនសូត្រនៅវិទ្យាល័យម្តងៗលោកតែងតែចេញពីស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងមករាជធានីភ្នំពេញដើម្បីហាត់រៀនសំដែងក្នុងក្លឹបសិល្បៈមួយ។ពេលចេះសំដែងហើយនោះលោកបានចូលរួមសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មក្រៅប្រទេសមួយចំនួន។ ដោយសារតែមានទេពកោសល្យសំដែងកាយវិការរស់រវើកលោកត្រូវម្ចាស់ផលិតកម្មនិងអ្នកដឹកនាំរឿងមួយចំនួនជ្រើសរើសឱ្យចូលរួមសំដែងក្នុងរឿងខ្លីៗបែបអប់រំមួយចំនួន និងមានឱកាសបានចូលរួមសំដែងក្នុងខ្សែរឿងភាគគឺរឿង«ហង្សអន្ទាក់ស្នេហ៍» និងត្រៀមចូលរួមសំដែងក្នុងរឿង«កូនភ្លោះព្រាត់ស្នេហ៍»។លោកហួត វឌ្ឍនា ឱ្យដឹងថា លោកជាកូនទោលនៅក្នុងគ្រួសារ មានម្តាយជាស្ត្រីមេម៉ាយធ្វើគ្រូបង្រៀននៅខេត្តកំពង់ឆ្នាំង ។
លោកស្រឡាញ់សិល្បៈសំដែងតាំងពីអាយុ៦ឆ្នាំមកម៉្លេះ ហើយពេលពេញវ័យលោកសំរេចចិត្តចូលខ្លួនប្រឡូកក្នុងវិស័យនេះទោះបីលោកស្ថិតក្នុងវ័យសិក្សានៅឡើយក្តី ។ ជាពិសេសនោះសិល្បៈសំដែងជាស្ពានសំរាប់ចម្លងជីវិតលោកឆ្ពោះទៅរកអនាគតភ្លឺស្វាងនិងជួយដល់សង្គមអប់រំយុវជនដទៃទៀតផងដែរ។ លោកហួត វឌ្ឍនា បន្តថា ក្នុងឆ្នាំ២០១០នេះលោកបានចូលរួមសំដែងក្នុងខ្សែភាពយន្តរឿង«រលកសម្លេង»ដែលកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ស៊ីធីអិននិងចូលរួមសំដែងក្នុងរឿង«ប្រេតស៊ីបាយបិណ្ឌ» ។ លោកហួត វឌ្ឍនា បានអំពាវនាវដល់សិល្បករ-សិល្បការិនីថ្មីៗជំនាន់លោកថា«សូមកុំមានចិត្តច្រណែនឈ្នានីសអ្នកសិល្បៈដូចគ្នានិងកុំក្បត់ខ្លួនឯងនិងមិត្តភក្តិ» ៕