ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងខ្លួន​ឯងជា​ព្រះសិអារ្យ​មេត្រិយ​ភ្ញាក់​ផ្អើលពេញ​ផ្ទៃ​ប្រទេស

9 ឆ្នាំ មុន

ខេត្ដ​កណ្ដាល​ ៖ ការ​រំជើប​រំជួល​ពាក់​ព័ន្ធ​នឹង​ការ​ប្រតិបត្ដិ​មិន​ប្រក្រតី​របស់​បុរស​ម្នាក់​ឈ្មោះ​​ធាន​ វុទ្ធី​ ដែល​មាន​ងារ​ជា​ព្រះ​គ្រូ​ធម្មាចារ្យ​ តាំង​ខ្លួន​ឯង​ជា​តាបស​ស្លៀក​ស​ ពាក់​ស​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្ទខ្ទារ​​ជាង​១​ខែ​កន្លង​មក​ហើយ​ ដោយ​សារ​តែ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់វិស័យ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ ។​ ដូច​ជា​​ការ​​តាំង​​ខ្លួន​​ឯង​​ជា​​ព្រះ​​អរិយ​មេត្ដេយ្យ​(សិអារ្យមេត្រិយ​​)​​និង​​តាំង​​ខ្លួន​ជា

ខេត្ដ​កណ្ដាល​ ៖ ការ​រំជើប​រំជួល​ពាក់​ព័ន្ធ​នឹង​ការ​ប្រតិបត្ដិ​មិន​ប្រក្រតី​របស់​បុរស​ម្នាក់​ឈ្មោះ​​ធាន​ វុទ្ធី​ ដែល​មាន​ងារ​ជា​ព្រះ​គ្រូ​ធម្មាចារ្យ​ តាំង​ខ្លួន​ឯង​ជា​តាបស​ស្លៀក​ស​ ពាក់​ស​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្ទខ្ទារ​​ជាង​១​ខែ​កន្លង​មក​ហើយ​ ដោយ​សារ​តែ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់វិស័យ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ ។​ ដូច​ជា​ការ​តាំង​ខ្លួន​ឯង​ជា​ព្រះ​អរិយមេត្ដេយ្យ(សិអារ្យមេត្រិយ​​)​និង​តាំង​ខ្លួន​ជា​បុគ្គល​ខ្ពស់​លើ​សង្ឃ​ទាំង​ឡាយ​ នៅ​ក្នុង​វត្ដ​ទួល​ព្រះ​រាជា​ ធ្វើ​ឱ្យ​សង្ឃ​ទាំង​នោះ​ក្រាប​សំពះ​ខ្លួនជា​ដើម​ ។

ដោយ​សារ​តែ​មានការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំទូលាយ​ ដែលជា​ប្រតិកម្ម​មិន​ខុស​ពី​គ្រាប់​បែក​បរមាណូ​នោះ​នារសៀល​ថ្ងៃ​ទី​២៧​ កក្កដា​ កន្លង​ទៅ​ លោក​ មិន ឃិន​ រដ្ឋ​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាស​នា​ និង​និមន្ដ​រួម​ដំណើរ​ដោយ​សម្ដេច​ព្រះ​ឧត្ដម​ចរិយា​ ឈឹង​ ប៊ុន​ឈា​ សមាជិក​ថេរសភា​សង្ឃ​ ព្រះ​ញាណវង្ស​ ឃឹម​ សន​ ព្រះ​មេគណ​រាជ​ធានី​ភ្នំពេញ​ ព្រះឃោសធម្ម​ ញ៉ែម ​សុភ័ក្ដ្រ​ ព្រះ​បា​ឡាត់​គណខេត្ដ​កណ្ដាល​ បាន​ដឹក​នាំ​មន្ដ្រី​សង្ឃ​ខេត្ដ​ និង​មន្ដ្រី​សង្ឃ​ស្រុក​កោះធំ​ ចុះសិក្សា​ស្វែង​យល់​រក​ការ​ពិត​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ព្រះ​ពុទ្ធ​សាសនា​ ក៏​ដូច​ជា​ពុទ្ធ​បរិស័ទ​នៅ​វត្ដ​ទួល​ព្រះ​រាជា​ ដែលមាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​គរ​ ឃុំពោធិ៍​បាន​ ស្រុក​កោះធំ​​ ។​ ទោះ​បី​ជា​បែប​ណា​ ប្រតិភូ​ថ្នាក់​រដ្ឋ​មន្ដ្រី​ និង​មន្ដ្រី​សង្ឃ​ជាន់​ខ្ពស់​មិន​បាន​ជួប​ជា​មួយ​​បុគ្គល​ ធាន​ វុទ្ធី​ នោះ​ទេ​ ។​

សម្ដេច​ព្រះ​ឧត្ដម​ចរិយា​ ឈឹង​ ប៊ុនឈា​ មាន​ថេរដីកា​ថា​ ការ​ចុះមកពិនិត្យ​នា​ពេល​នេះ​គឺ​ឃើញ​ថា​ សកម្មភាព​របស់​លោកគ្រូ​ធម្មាចារ្យ​ ធាន​ វុទ្ធី​ ដែល​បាន​តាំង​ខ្លួន​ជា​ព្រះទី​៥​ ទ្រង់​ព្រះ​នាម​ព្រះ​សិអារ្យ​មេត្រិយ​ ពិត​ជា​បាន​ប្រព្រឹត្ដ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឱ្យ​មាន​ចលាចល​នៅទូទាំង​ប្រទេស​ ។​ សម្ដេច​ព្រះឧត្ដម​ចរិយា​ បាន​មាន​ថេរដីកា​បញ្ជាក់​ទៀត​ថា​ ដូច​ដែល​ប្រជាពុទ្ធបរិស័ទ​បាន​ជ្រាប​ហើយ​ ព្រះ​សិអារ្យ​មេត្រិយ​គឺ​ជា​បុគ្គល​ដែល​បាន​ត្រាស់​ដឹង​ក្នុង​ផែន​កប្បជា​ព្រះ​ពុទ្ធ​មួយ​ព្រះអង្គ​ ហើយ​ពុទ្ធ​បរិស័ទ​នៅទូ​ទាំង​ពិភព​លោក ទាំង​ថេរវាទ​ និង​មហាយាន​ មាន​ការ​គោរព​បូជា​ជា​ទី​សក្ការៈ​ចំពោះ​ព្រះ​សិអារ្យ​មេត្រិយ​យ៉ាង​ខ្លាំង ។​ ហេតុ​ដូច្នេះ​​ ចំពោះ​​លោក​គ្រូ​ធម្មាចារ្យ​ ធាន វុទ្ធី​ ត្រូវ​​តែ​បញ្ឈប់​សកម្មភាព​​ទាំង​នេះ​ដែល​​ប្រាស​ចាក​​ទៅនឹង​ច្បាប់​នៃ​ព្រះរា​ជាណា​ចក្រ​​កម្ពុជា​ ក្នុង​ន័យ​​បម្រើមហិច្ឆតា​​របស់​ខ្លួន​បោក​ប្រាស់មហាជន​​​ជា​ពុទ្ធបរិស័ទ​ឱ្យ​ដើរ​ខុស​​ផ្លូវ​ព្រះពុទ្ធ​សាសនា​ ។

ទោះជា​យ៉ាង​ណា ព្រះញាណវង្ស​ ឃឹម សន បាន​សម្ដែង​ព្រះ​ហឫទ័យ​កោតសរសើរ​​និង​វាយ​តម្លៃ​​ខ្ពស់​ចំពោះសមិទ្ធផល​ទាំង​ឡាយ​ដែល​ផុស​ឡើង​ក្នុង​បរិវេណវត្តទួល​​ព្រះរាជា​​ ដែល​បាន​រួម​​​​​ ចំណែក​ធ្វើ​ឱ្យព្រះពុទ្ធ​សាសនា​មានការ​រីកចម្រើន​​​​និង​ជា​ទីមោទន​ៈ​ពី​ប្រជា​ពុទ្ធបរិស័ទ​ ក៏​ប៉ុន្តែ​​ត្រូវ​ដើរ​ទន្ទឹម​​គ្នា​ចំពោះ​ការ​ប្រតិបត្តិ​​ត្រឹម​ត្រូវ​​របស់​អ្នក​បួស​​ ។ ក្នុងនាម​​គណៈ​សង្ឃ​​នាយក​ សូម​​ប្រតិ​បត្តិ​ឱ្យ​បាន​ត្រឹម​ត្រូវ​ហើយ​អ្វី​ដែលខុស​ឆ្គង​សូម​បញ្ឈប់​កុំ​ឱ្យ​ប៉ះពាល់​​ដល់សិទ្ធិ​​ជំនឿ​របស់​ប្រជា​ពុទ្ធបរិស័ទ​ដោយ​សារ​​តែការ​ចង់​បាន​ប្រយោជន៍​​ខ្លួនឯង​ ប៉ុន្តែ​​បែរ​ជា​​បំផ្លាញ​ប្រយោជន៍​អ្នក​ដទៃ​ ។ ​យោង​តាម​ប្រភព​ពី​មន្ត្រី​ក្រសួង​ធម្មការនិង​សាសនា​ ​បញ្ជាក់​ថា រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ និង​សាសនា​ ​លោក មិន ឃិន បាន​ព្រមាន​​ចាត់​វិធាន​ការ​​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​គ្រូ​​ធម្មាចារ្យ ធាន វុទ្ធី ដែល​​តាំង​ខ្លួន​ជា​ព្រះ​ទី​៥ ព្រះ​នាម​ព្រះ​សិអារ្យ​​មេត្រិយ​ ដែល​​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ។

ប្រភព​ដដែល​នោះ​​បាន​អះអាង​​ទៀត​ថា ក្នុង​នាម​ក្រសួង​​ដែល​​ជា​​អាណាព្យាបាល បាន​ចាត់​ទុក​ទង្វើ​​របស់ គ្រូ​ធម្មាចារ្យ ធាន វុទ្ធី ថា​ជា​ទ​ង្វើ​​បែក​ឆ្វេង​មួយ​ ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​​ព្រះ​ពុទ្ធ​សាសនា​​ដែល​ជា​សាសនា​របស់​រដ្ឋ​ ក៏​ដូច​​ជា​ជំនឿ​របស់​ប្រជា​​ពុទ្ធ​បរិស័ទ​ ដែល​គោរព​ស្រលាញ់​ព្រះ​ពុទ្ធ​សាសនា​​តាំង​ពី​ដើម​រៀង​មក ។ ជា​ចំណាត់​ការ​ជំហាន​ដំបូង​ ក្រសួង​នឹង​​កោះហៅ បុគ្គល ធាន វុទ្ធី ទៅ​សួរ​នាំ និង​អប់​រំ​មិន​​ឱ្យ​​ប្រព្រឹត្ត​ទង្វើ​បោក​ប្រាស់​​បែប​នេះ​បន្ត​ទៀត​ ហើយ​ក្នុង​ករណី​ដែល​ការ​កោះហៅបុគ្គល​ ធាន វុទ្ធី ម្តង​ជា​ពីរ​ដង​​នៅ​តែ​មិន​​ព្រម​ចូល​មក​ទៀត​នោះ ក្រសួង​នឹង​ធ្វើ​លិខិត​មួយ​ជូន​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​ចាត់​វិធាន​ការ​​តាម​ផ្លូវ​ច្បាប់​​ ចាប់​ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​នេះ​​បន្ថែម​ថា គ្រូ​ធម្មា​ចារ្យ ​ ធាន វុទ្ធី នឹង​ទទួល​ខុស​ត្រូវ​​ចំពោះ​មុខ​ច្បាប់​ ទៅ​តាម​អំពើ​ដែល​ខ្លួន​បាន​​ប្រព្រឹត្ត​ ​ខណៈ​ពេល​ចំណាត់​ការ​នៃ​ការ​ដក ធាន វុ​ទ្ធី​ ចេញ​ពី​វត្ត​ទួល​ព្រះ​រាជា រួម​​ជាមួយ​នឹង​ព្រះ​សង្ឃ​ចំនួន​​៦​អង្គ​​ផ្សេង​ទៀត​ ដែល​​ថ្វាយបង្គំ ធាន វុទ្ធី គ្រប់​ពេល​នោះ គឺ​ជា​សមត្ថ​កិច្ច​របស់​គណៈ​សង្ឃ​នាយក ។ ដោយ​ឡែក​ លោក សេង សុ​មុនី​ អនុ​រដ្ឋ​លេខា​ធិការ​ ​និង​ជា​អ្នក​នាំ​ពាក្យ​​​ក្រសួង​ធម្មការ​ និង​សាសនា​ បាន​លើក​ឡើង​ពី​ចំណាត់​ការ​របស់​ក្រសួង​ យ៉ាង​​មុឺង​ម៉ាត់​ ចំពោះ​ការ​ប្រព្រឹត្ត​​ខុស​ឆ្គងរបស់បុគ្គល ធាន វុទ្ធី នា​ពេល​នេះ​ ។ លោក​បញ្ជាក់​ថា តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា មិន​អនុញ្ញាត​​ឱ្យ​មាន​ការ​ក្លែង​បន្លំ​ ឬ​​ប្រព្រឹត្ត​ខុសឆ្គង​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធ​​សាសនា​ដែល​​ជា​សាសនា​របស់​រដ្ឋ​ ក៏​ដូច​​ជា​​ជំនឿ​របស់​ប្រជា​​ពុទ្ធ​បរិស័ទ​ ដែល​គោរព​​ស្រឡាញ់​ព្រះ​ពុទ្ធ​សាសនា​​​តាំង​ពី​ដើម​រៀង​មក​​នោះ​ទេ ។ 

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​តាម​បណ្តាញ​​​​សង្គម​«ហ្វេស​ប៊ុក»​បាន​បង្ហាញ​រូប​ភាព​​គ្រូ​ធម្មាចារ្យ ធាន វុទ្ធី បាន​តាំង​ខ្លួន​​​ជា​​ព្រះ​សិអារ្យ​មេត្រិយ ហើយ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​​ខ្ពស់​​ ដូច​បល្ល័ង្ក​ព្រះ​ ដោយ​​មាន​ទម្រ​ផ្កា​ឈូក និង​មាន​រូប​ភាព​ព្រះ​សង្ឃ តាជី យាយជីក្រាប​ថ្វាយ​បង្គំ​ ។ ​សកម្ម​ភាព​នេះ​ ធ្វើ​ឱ្យ​សាធារណ​​មតិ​រិះគន់​ថា បុរស ធាន វុទ្ធី ធ្វើ​ដូច្នេះ​គឺ​​កំពុង​ធ្វើ​​ឱ្យ​ព្រះ​ពុទ្ធ​សាសនា​​​ខ្មែរ​អាប់​ឱន ​ខណៈ​​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ទូទៅ​ គោរព​បូ​ជា​ ។​ ហើយ​សូម្បី​តែ​ព្រះមហាក្សត្រ ក៏​គោរព​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​ដែរ តែ​បែរ​ជា​​បុគ្គល ធាន វុទ្ធី នេះ​​ឱ្យ​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​​ខ្លួន​​​ទៅ​វិញ ​ដែល​ខ្លួន​ឯង​ជា​បុគ្គល​​គ្រាន​​់តែ​​ស្លៀក​ស​ពាក់​ស​នោះ​ ៕