រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្លិបអ្នកកាសែតកម្ពុជា (CCJ) បានចាប់ដៃគ្នា ដើម្បីជំរុញការផ្សព្វផ្សាយវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជាលើវិស័យទាំងនេះ ។

នៅក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ស្ថាប័នទាំងពីរនឹងផ្តល់ព័ត៌មាន ចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់ នៃវិស័យកសិកម្ម និងវិស័យបៃតង ដល់សាធារណជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទាំងនេះនៅកម្ពុជា ។

តាមរយៈឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB បានឱ្យដឹងថា ៖ «MoU នៅថ្ងៃនេះក្នុងគោលបំណងជួយគ្នាផ្សព្វផ្សាយ អំពីព័ត៌មាននានាក្នុងវិស័យកសិកម្ម ជាពិសេសផ្នែកហិរញ្ញវត្ថុ ក្នុងនោះផងដែរ ការផ្សព្វផ្សាយនឹងជួយទៅដល់ការដាំដុះ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការកែច្នៃ ក៏ដូចជាការនាំចេញ និងព័ត៌មានពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ក្នុងវិស័យកសិកម្ម (Agri-Technology) ដែលកំពុងអនុវត្តន៍នៅកម្ពុជាក៏ដូចជានៅក្រៅប្រទេសដែរ ។ ព័ត៌មានទាំងអស់នេះនឹងផ្តល់ប្រជាកសិករ ដើម្បីឱ្យដឹងនិងធ្វើជាផែនការ ការអនុវត្តន៍នៃការដាំដុះផ្សេងនៅឯជនបទនឹងតែម្តង» ។

ឯកឧត្តម បន្តថា៖ «ព័ត៌មានកន្លងទៅយើងមានច្រើនហើយ ប៉ុន្តែជាទូលំទូលាយខ្លាំង បងប្អូនខ្លះក៏បានមើល បងប្អូនខ្លះទៀតក៏មិនបានមើល ដូចនេះការចាប់ដៃគូសហការជាមួយក្លិបអ្នកកាសែតកម្ពុជានាពេលនេះខ្ញុំសង្ឃឹមថា ព័ត៌មាននឹងផ្សព្វផ្សាយច្រើនទៅដល់ប្រជាជនជាពិសេសនៅជនបទ ពីវិស័យកសិកម្មនិងឥណទាន» ។

ជាមួយគ្នានេះផងដែរ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ៖ «អនុស្សរណៈនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលវិស័យកសិកម្ម និងវិស័យបៃតងកំពុងមានសារៈសំខាន់កាន់តែខ្លាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ តាម MoU ភាគីទាំងពីរយល់ថា ការផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងត្រឹមត្រូវ នឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនយល់ដឹងកាន់តែច្បាស់អំពីឱកាស បញ្ហាប្រឈម និងសារៈសំខាន់នៃវិស័យទាំងនេះ» ។

លោក ពុយ គា បន្ថែមថា កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាព និងការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជា លើវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណភាព ដើម្បីចូលរួមបញ្ជ្រាបការយល់ដឹង របស់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ