ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ចោរកម្ម​កាត់​ខ្សែភ្លើង​នៅ​តាម​ស្ថានីយ​អង់​តែ​ន​សេវា​ទូរ​សព្ទ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ ករណី​ចោរកម្ម​លួច​កាត់​ខ្សែភ្លើង និង​ឧបករណ៍​នៅ​តាម​ស្ថានីយ​អង់​តែ​ន​សេវា​ទូរគមនាគមន៍ (BTS) បាន​កើតឡើង​នៅ​តាម​ទីតាំង​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សុវត្ថិភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ព្រមទាំង​រំខាន​ដល់​សេវា​ទំនាក់ទំនង​ផង​ដែរ​ ។ ជា​ការ​ឆ្លើយ​តប អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បង្កើន​ការ​ស៊ើបអង្កេត ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ និង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនល្មើស​ ។

យោង​តាម​អាជ្ញាធរ អំពើ​ចោរកម្ម​លួច​ខ្សែភ្លើង​មិន​ត្រឹមតែ​បង្ក​ឱ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រតិបត្តិការ​នៃ​បណ្តាញ​ទូរគមនាគមន៍ ដែល​អាច​រំខាន​ដល់​សេវា​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ អាជីវកម្ម និង​ស្ថាប័នរដ្ឋ ជា​ពិសេស​ក្នុង​ស្ថានភាព​អាសន្ន​ ។

ក្នុង​ករណី​នា​ពេល​ថ្មី​ៗ​នេះ បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចោរកម្ម​លួច​ខ្សែភ្លើង​នៅ​តាម​ស្ថានីយ BTS ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ ។ អាជ្ញាធរ​បាន​ថ្លែង​ថា ការ​ស៊ើបអង្កេត​នឹង​បន្ត​ពង្រីក​បន្ថែម​ទៀត ខណៈ​ដែល​បុគ្គល ឬ​អង្គភាព​ណា​ដែល​រក​ឃើញ​ថា ​បាន​សមគំនិត​ជួយ​ជនល្មើស ឬ​ទិញ និង​ទទួលផល​ចោរកម្ម ក៏​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​ ។

យោង​តាម​ច្បាប់​ជា​ធរមាន អំពើ​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន ទៅ ៣ លាន​រៀល​ ។ អំពើ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន ទៅ ១០ លាន​រៀល ​។ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទិញ រក្សា​ទុក ឬ​ទទួលផល​ចោរកម្ម អាច​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន ទៅ ១០ លាន​រៀល ​។ បន្ថែម​ពី​នេះ ជនល្មើស​អាច​តម្រូវ​ឱ្យ​សង​សំណង​ពេញលេញ​នៃ​តម្លៃ​ទ្រព្យសម្បត្តិ និង​ការ​ខូចខាត​ទាំងអស់​ដែល​កើត​មាន​ឡើង​ស្រប​តាម​បញត្តិ ច្បាប់​ ។

អាជ្ញាធរ​កំពុង​ណែនាំ​ដល់​សាធារណជន​កុំឱ្យ​ទិញ ឬ​ទទួលផល​ខ្សែភ្លើង ឬ​ឧបករណ៍​ទូរគមនាគមន៍​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ​។ សមាជិក​សាធារណជន​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​រាយការណ៍​ជា​ប្រញាប់​អំពី​សកម្មភាព​សង្ស័យ​ទាំងឡាយ​ដែល​បាន​សង្កេត​ឃើញ​នៅ​ជុំវិញ​ស្ថានីយ​អង់​តែ​ន​សេវា (BTS) ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ផ្សេង​ទៀត​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ ​។

អាជ្ញាធរ​បាន​អះអាង​ថា នឹង​បន្ត​ពង្រឹង​ការ​ល្បាត អនុវត្ត​វិធានការ​បច្ចេកទេស និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដើម្បី​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ល្មើសច្បាប់​ទាំងឡាយ​ស្រប​តាម​បញត្តិ​ច្បាប់ ​៕ អត្ថបទសហការ