ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ សម្ពោធជាផ្លូវការដើម្បីបើកឱកាសដល់យុវជនកម្ពុជា បន្តការសិក្សានៅក្រៅប្រទេស

6 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាទី ១៧ ក្រុងពោធិ៍សាត់ ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៦ នេះ និងបន្តទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីអាយុ ២ឆ្នាំកន្លះឡើងទៅ លើកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel (IGCSE and A Level) មកពីប្រទេសអង់គ្លេស ដែលបើកឱកាសដល់យុវជនកម្ពុជា អាចបន្តការសិក្សានៅសកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេសប្រកបដោយភាពងាយស្រួល ។

ថ្លែងក្នុងពិធីសម្ពោធនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វេសឡាញ អេឌ្យូខេសិន គ្រុប គឺជាស្ថាប័នមួយក្នុងចំណោម ស្ថាប័នដែលបាន ត្រួសត្រាយការអនុវត្តវិធីសាស្ត្របង្រៀនទំនើប ដូចជា Student-Centered Learning, Project-Based Learning, Critical Thinking និងការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និងការបង្រៀន ដើម្បីជួយអភិវឌ្ឍសក្តានុពលសិស្សឱ្យបានពេញលេញ ។ ជាមួយនឹងចក្ខុវិស័យក្នុងការតភ្ជាប់ការអប់រំកម្ពុជា ទៅកាន់ស្តង់ដារអន្តរជាតិ វេសឡាញបានដាក់ បញ្ចូលកម្មវិធី Pearson Edexcel IGCSE និង A Level របស់ចក្រភពអង់គ្លេសទៅក្នុងបណ្តាញសាលារៀនរបស់ខ្លួន ។

កម្មវិធីនេះផ្តល់ឱ្យសិស្សនូវគុណវុឌ្ឍិដែលទទួលស្គាល់ជាសកល និងបើកឱកាសឱ្យអាចបន្តការសិក្សា នៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដោយមានមូលដ្ឋាន ចំណេះដឹង និងជំនាញដែលស្របតាមស្តង់ដាអន្តរជាតិ ។ ដើម្បីនាំយកឱកាសទាំងនេះទៅកាន់សិស្សានុសិស្សនៅតាបណ្តាខេត្ត សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ ត្រូវបានបង្កើតឡើងជាសាខាទី១៧ របស់ វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលាផ្តល់ការអប់រំតាមកម្មវិធីបីភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ព្រមទាំងបញ្ចូលចំណេះដឹងផ្នែកភាពជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថល និងហិរញ្ញវត្ថុ ដើម្បីរៀបចំសិស្ស ឱ្យមានសមត្ថភាពសិក្សា ធ្វើការ និងរស់នៅប្រកបដោយភាពជោគជ័យ ក្នុងពិភពលោកដែលកំពុង ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍បន្តទៀតថា អស់រយៈពេល ១៨ ឆ្នាំកន្លងមក វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានបន្តបេសកកម្មលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដោយផ្តោត លើការអភិវឌ្ឍសិស្សឱ្យក្លាយជាបុគ្គលដែលមានចំណេះដឹង ជំនាញ គុណធម៌ និងសមត្ថភាពប្រកួត ប្រជែងក្នុងសតវត្សរ៍ទី ២១ ។

មានមាតិចំណាប់អារម្មណ៍ ឯកឧត្តម លៀង ពេជ្រ តំណាងម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ បានលើកឡើងថា ការវិនិយោគបង្កើតសាលារៀននេះ មិនមែនគ្រាន់តែជាការសាងសង់អគារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់កុមារ និងយុវជនក្នុងខេត្តពោធិ៍សាត់ ។ ឯកឧត្តម បានគូសបញ្ជាក់ថា សាលារៀននេះនឹងបន្តផ្តល់ បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងជួយឱ្យសិស្សានុសិស្សអភិវឌ្ឍន៍ខ្លួនបានពេញលេញទាំងចំណេះដឹង ជំនាញ និងស្មារតី ដើម្បីត្រៀមខ្លួន សម្រាប់ឱកាសថ្មីៗនៅថ្ងៃអនាគត ។

នៅក្នុងឱកាសនោះ លោក  អ៊ុយ សុធារី​ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណ ថ្នាក់ដឹកនាំ វេសឡាញ អេឌ្យូខេសិណ គ្រុបទាំងអស់ អាជ្ញាធរគ្រប់លំដាប់ មាតា បិតា និងសិស្សានុសិស្ស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡា មានរីកចម្រើនជាទីមោទនៈ ។

លោកបន្តថា កន្លងមកនេះ ការខិតខំប្រឹងប្រែង ការអនុវត្តន៍ការងារ យ៉ាងសកម្មដោយផ្អែកលើមូលដ្ឋាន កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ក៏ដូចជាកម្មវិធីវិនយោគបីឆ្នាំរំកិលអភិវឌ្ឍន៍នានារបស់ខេត្តពោធិ៍សាត់ ។

លោកមានប្រសាសន៍ទៀតថា ការលើកកម្ពស់គុណភាពអប់រំ ដោយពង្រឹងគុណភាពសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ  មធ្យមសិក្សាក្នុងរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ការត្រួតពិនិត្យកែលំអរ ការរៀបចំកម្មវិធីសិក្សាសកម្មភាពក្រៅម៉ោង ឱ្យស្របតាមតម្រូវការពង្រឹងវិន័យសីលធម៌ឥរិយាបថរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហាររូបឧបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំនីអាហារតាមសាលាជាដើម ។ ការជំរុញលើកទឹកចិត្តចូលរួមរបស់ មាតា បិតា អាណាព្យាបាល និងសហគមន៍ ជាក់ស្តែងថ្ងៃនេះ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ ដើម្បីផ្តល់ការអប់រំដល់សិស្សានុសិស្ស ក៏ដូចការផ្តល់ឱកាសការងារជូនដល់យុវជន មានការងារធ្វើស្របតាមជំនាញ និងសមត្ថភាពរៀងៗខ្លួន ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កំរិតជីវភាពរស់នៅកាន់តែល្អប្រសើរឡើងផងដែរ ៕ អត្ថបទសហការ