ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការងារអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរនៅខេត្តមួយចំនួននៅភូមិភាគខាងត្បូងនៃប្រទេសវៀតណាម ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមចំណែកជួយអោយជីវភាពផ្លូវចិត្តរបស់ប្រជាជនកាន់តែសម្បូរបែប និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ។
សាយភាយសកម្មភាពវប្បធម៌ក្នុងសហគមន៍ខ្មែរនៅខេត្ត វិញឡុង ៖ បន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាលនៅខេត្ត វិញឡុង ព្រឹត្តិការណ៍លេចធ្លោមួយគួអោយកត់សម្គាល់នៅខេត្តនេះគឺ “សប្តាហ៍វប្បធម៌កីឡា និងទេសចរណ៍” អបអរសាទរពិធីបុណ្យអកអំបុកឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍លើកដំបូងបង្អស់ដែលរៀបចំឡើងដោយទ្រង់ទ្រាយថ្នាក់និងបើកទូលាយអោយមានការអញ្ជើញចូលរួមពីសំណាក់ខេត្តផ្សេងៗ ។ ព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើនយ៉ាងសម្បូរបែប បង្ហាញអំពីអត្តសញ្ញាណវប្បធម៌ខ្មែរដូចជាមហោស្រពរបាំមិនអាជីពជនជាតិខ្មែរ ការប្រកួតសម្តែងឧបករណ៍ភ្លេងប្រពៃណី ការតាំងពិព័រណ៍ផលិតផលពិសេសប្រចាំតំបន់ ការដាក់តាំងបង្ហាញផលិតផលសិប្បកម្ម និងសម្លៀកបំពាក់ប្រពៃណី ការប្រណាំងទូក-ង ការប្រកួតបាល់ទះនិងបាល់ទាត់សម្រាប់យុវជនជនជាតិខ្មែរ ។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយនិងការអនុវត្តគោលការណ៍ គោលនយោបាយជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់បងប្អូនជនជាតិខ្មែរ ខេត្តវិញឡុង តែងតែផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើកិច្ចការថែរក្សា និងអភិរក្សអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ខេត្ត វិញឡុង បានរៀបចំមហោស្រពវប្បធម៌ទ្រង់ទ្រាយថ្នាក់ខេត្ត និងអន្តរខេត្តចំនួនប្រាំពីរលើក រៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្ហាត់បង្រៀនតម្លៃវប្បធម៌អរូបីចំនួន ៥៥ វគ្គ ។
ទម្រង់សិល្បៈប្រពៃណីផ្សេងៗ ដូចជា ចម្រៀងចាប៉ី របាំប្រពៃណី ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ភ្លេងពិណពាទ្យ ព្រមទាំងបច្ចេកទេសសិប្បកម្មប្រពៃណីដូចជា តម្បាញឫស្សី តម្បាញកន្ទេល ផលិតមួក និងមុខត្លុក ត្រូវបានបង្ហាត់បង្រៀនដោយមានរបៀបរៀបរយ ។ បច្ចុប្បន្ននេះ ខេត្តវិញឡុង មានក្លិបវប្បធម៌ប្រជាប្រិយចំនួន ២៥៦ ដែលភាគច្រើនស្ថិតនៅតាមវត្តអារាមខ្មែរ ។ ជាពិសេស ខេត្តនេះមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ៥ រួមមាន ពិធីបុណ្យអកអំបុក ពិធីបុណ្យឡើងអ្នកតា សិល្បៈចម្រៀងចាប៉ី សិល្បៈរបាំព្រពៃណីនិងមុខរបរធ្វើមួក និងមុខត្លុក ។
តំបន់បេតិកភណ្ឌខ្មែរនៅកណ្ដាលតំបន់ភ្នំ បៃនូយ ខេត្តអានយ៉ាង ៖ ក្រោយពេលរៀបចំបញ្ចូលដែនរដ្ឋបាល ឃុំ អូឡឹម ខេត្តអានយ៉ាង មានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ៦ ។ ដោយមានប្រជាជនជាង ៦៥% ជាជនជាតិខ្មែរ តំបន់នេះកំពុងព្យាយាមក្នុងកិច្ចការអភិរក្ស បង្ហាត់បង្រៀននិងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏វិសេសវិសាលរ ក្នុងគោលបំណងប្រែក្លាយតំបន់បេតិកភណ្ឌវប្បធម៌នេះទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍ ។ ក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីទាំងនោះ លេចធ្លោជាងគេគឺចំណេះដឹង និងបច្ចេកទេសសរសេរអក្សរលើស្លឹកទ្រាំង (ចារសាស្ត្រាស្លឹករឹត) របស់បងប្អូនជនជាតិខ្មែរ ។
ឮក្រៅពីនោះ ពិធីបុណ្យប្រណាំងគោតំបន់ បៃនូយ (ភ្នំប្រាំពីរ) ដែលរៀបចំនៅក្នុងឱកាសបុណ្យសែនដូនតាជារៀងរាល់ឆ្នាំ ក៏ក្លាយជាព្រឹត្តិការណ៍វប្បធម៌កីឡាដ៏វិសេសវិសាលមួយ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងអត្តសញ្ញាណរបស់បងប្អូនខ្មែរនៅតំបន់ភ្នំប្រាំពីរលើទឹកដីខេត្ត អានយ៉ាង ។ ផ្ដើមពីសកម្មភាពសាមញ្ញក្នុងជីវិតអ្នកស្រុកពីដើមឡើយ ដល់ពេលបច្ចុប្បន្ន ពិធីនេះបានក្លាយជាអអត្តសញ្ញាវប្បធម៌របស់ខេត្ត អានយ៉ាង តែម្ដង ។
ដោយបានកកើតនៅតំបន់ភ្នំប្រាំពីរនៃខេត្ត អានយ៉ាង នេះ ល្ខោនយីកេ មិនត្រឹមតែមានតម្លៃសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីដំណើរការកកើត និងអភិវឌ្ឍន៍របស់សហគមន៍ជនជាតិខ្មែរនៅទីនេះ ។ កាលពីដើម ល្ខោនយីកេ តែងតែសម្តែងនៅទីធ្លាវត្តអារាម តាមភូមិស្រុក ឬនៅតាមវាលស្រែក្រោយបង្ហើយរដូវច្រូតកាត់ សម្រាប់ប្រជាពលរដ្ឋទស្សនាកម្សាន្តក្រោយ អំឡុងពេលធ្វើការនឿយហត់ ។ មកទល់សព្វថ្ងៃនេះ ទោះបីស្ថិតក្នុងយុគសម័យឌីជីថលដែលមធ្យោបាយកម្សាន្តបែបទំនើប ក៏ដោយ ល្ខោនយីកេនេះនៅតែរក្សាបានភាពរស់រវើក ត្រូវបានសម្តែងនៅក្នុងពិធីបុណ្យជាច្រើនរបស់បងប្អូនជនជាតិខ្មែរ ។
ចម្រៀង និងរបាំប្រជាប្រិយខ្មែរនៅក្នុងជីវភាពរស់នៅបែបទំនើបនៃទីក្រុង កឹនធើ ៖ បន្ទាប់រួមបញ្ចូលខេត្ត សុកត្រាំង និងខេត្តហូវយ៉ាង ទីក្រុងកឹនធើ សព្វថ្ងៃមានប្រជាជនជាជនជាតិភាគតិចប្រមាណ ១៥,៤៦% ។ ចំពោះបងប្អូនជនជាតិខ្មែរ បរិវេណវត្តអារាមគឺជាទីកន្លែងសម្រាប់ថែរក្សាទំនៀមទម្លាប់ប្រពៃណី និងជីវិតផ្លូវចិត្តពីជំនាន់មួយទៅជំនាន់មួយ ។
ព្រះមហាថេរ ថាច់ បុល ព្រះចៅអធិការវត្តព្រះបួនព្រះភ័ក្ត្រ នៅឃុំ ធន់ ហ្វា ទីក្រុងកឹនធើ បានជួយបង្កើតក្លឹបរបាំរាំវង់និងលើកទឹកចិត្តយុវជនយុវតីចូលរួម ។ បច្ចុប្បន្ន ក្លឹបនេះមានសមាជិកសមាជិកាជាង ៤០ នាក់ ។ បន្ទាប់ពីម៉ោងការងារនឿយហត់ សមាជិកសមាជិកាក្លឹបមកជួបជុំគ្នាពេលល្ងាច ពីរដងក្នុងមួយសប្តាហ៍ ដើម្បីហាត់សមរាំ ច្រៀង និងបណ្ដែតអារម្មណ៍តាមរយៈចង្វាក់របាំ ទំនុកច្រៀងនីមួយៗ បង្កើតការរួមបញ្ចូលដ៏អស្ចារ្យរវាងសិល្បៈប្រពៃណីខ្មែរ និងសិល្បៈសម័យទំនើប ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ទីក្រុងកឹនធើ បានរៀបចំនិងអនុវត្តគម្រោងជាច្រើនស្តីពី “ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីល្អរបស់បណ្ដាជនជាតិភាគតិច ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍” ព្រមទាំងភ្ជាប់ការអភិរក្សវប្បធម៌ជាមួយការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងគោលបំណងទាញយកផលផង អភិរក្សផង ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងស្មារតីបុរេសកម្មរបស់សហគមន៍ ការងារអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្ដាជនជាតិភាគតិចនិយាយរួម និងជនជាតិខ្មែរនិយាយដោយឡែកនៅភាគខាងត្បូងនៃប្រទេសវៀតណាម មិនត្រឹមតែកំពុងត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែថែមទាំងបង្កើតបានមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព រួមចំណែកក្នុងការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌និងអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ៕ ដោយ ៖ លឹម វណ្ណារា
អត្ថបទសហការ
ចែករំលែកព័តមាននេះ