រាជធានីភ្នំពេញ ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ (The Ireland Fellowship Programme) សម្រាប់ឆ្នាំ២០២៥-២០២៦ ចូលជួបសំណះសំណាល និងសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ អំពីបេសកកម្មរបស់ក្រសួង តាមរយៈសកម្មភាពចម្បងរបស់ក្រសួង ក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងបេឡាជាតិសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវីជ្ជាជីវៈ ដោយស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើ ដល់និស្សិតជ័យលាភីឱ្យយកចិត្តទុកដាក់ លើការសិក្សា ឆ្លៀតពេលបង្កើតទំនាក់ទំនងល្អ ជាមួយមិត្តភក្តិ ស្វែងយល់បន្ថែមពីបណ្ដាប្រទេសផ្សេងៗ ក្នុងតំបន់អឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹង ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។ បន្ថែមលើនេះផងដែរ លោកជំទាវលើកទឹកចិត្ត ឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បន្តលើកស្ទួយមុខមាត់កម្ពុជាយើងឱ្យបានកាន់តែល្អ លើឆាកអន្តរជាតិតាមនូវអ្វី ដែលអាចធ្វើបាន ។

លោកជំទាវបានលើកទឹកចិត្ត ដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវនាំយកនូវចំណេះជំនាញ និងបទពិសោធ ដែលទទួលបានពីការសិក្សា នៅទីនោះត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយ ថាមពល និងថាមវន្ត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ