ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​អង្គការ​ជួយ​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី សាលា​សណ្ឋាគារ សាលា​បាយ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​ជួយ​កម្ពុជា (Agir pour le CAMBODGE) នា​រសៀល​ថ្ងៃ​ពុធ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​ជួយ​កម្ពុជា (Agir pour le CAMBODGE) នា​រសៀល​ថ្ងៃ​ពុធ ទី​ ៩ ខែកក្កដា ឆ្នាំ ​២០២៥ បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដី​ពី សាលា​សណ្ឋាគារ សាលា​បាយ បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ដោយ​ឥត​គិតថ្លៃ ដល់​យុវជន​/​យុវនារី​កម្ពុជា ដែល​មាន​ជីវភាព​ខ្វះខាត ​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ រៀបចំ​ឡើង​នៅ​ទីស្ដីការក្រសួង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Jérôme l’Hour នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​ជួយ​កម្ពុជា (Agir pour le CAMBODGE) ក្នុង​គោលដៅ​រៀបចំ​ឯកសារ​បណ្តុះបណ្តាល និង​កម្មវិធី​សិក្សា​ផ្លូវការ​ទៅ​លើ​វិស័យ​បដិសណ្ឋារកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន​ជាតិ​នានា ព្រមទាំង​បង្កើត​រចនាសម្ព័ន្ធ​គ្រប់គ្រង​អង្គការ និង​ពង្រឹង​ការ​កសាង​សមត្ថភាព​ដល់​បុគ្គលិក​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង សាលា​សណ្ឋាគារ សាលា​បាយ បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រីកពង្រឹង​គុណភាព ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ទាក់ទង​នឹង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

ក្នុង​ន័យ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖«​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ខ្ញុំ​គិត​ថា យើង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ចែករំលែក​ចំណេះដឹង បទ​ពិសោធ​នានា​ទាក់ទង​នឹង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​។ ខ្ញុំ​សង្ឃឹមថា កិច្ចព្រមព្រៀង​របស់​យើង​អាច​នឹង​ជួយ​ពង្រឹងសមត្ថភាព​ជន​បង្គោល និង​គ្រូបង្ហាត់​បង្រៀន​ជំនាញ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​នេះ​»​ ។

លោក Jérôme l’Hour នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​ជួយ​កម្ពុជា (Agir pour le CAMBODGE) បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ហើយ​ប្ដេជ្ញា​បង្កើន​កិច្ចសហការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ចែករំលែក​ចំណេះដឹង​ទៅ​តាម​ស្ដង់ដា​អន្តរជាតិ​សម្រាប់​យុវជន​កម្ពុជា ​។

លោក​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​សម្របសម្រួល​គម្រោង​ស្ដី​ពី សាលា​សណ្ឋាគារ សាលា​បាយ បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ បដិសណ្ឋារកិច្ច​ឱ្យ​ដំណើរការ​រលូន ដើម្បី​រួមចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ