ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​ក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ផ្ដោត​លើ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន Henan Lianfei Business Information Consulting…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​ពង្រឹងគុណភាព នៃ​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ផ្នែក​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Wu Yong (​វ៉ូ យ៉ុ​ង​) ប្រធាន​ក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នា​ពេល​នេះ ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖«​ក្នុង​នាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ យើង​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ដែល​គ្រោង​បញ្ជូន​គ្រូ​ជំនាញ​ភាសា​ចិន​មក​ជួយ​បណ្ដុះបណ្ដាល​សិក្ខាកាម​នៅ​កម្ពុជា ដើម្បី​ឱ្យ​មានចំណេះ​ដឹង​ខាង​ភាសា​ចិន​បន្ថែម​លើ​មុខ​វិជ្ជា​ស្នូល​របស់​សិក្ខាកាម សម្រាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និយោជក​ចិន​»​។

លោក Wu Yong (​វ៉ូ យ៉ុ​ង​) ប្រធាន​ក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ពិតជា​មាន​មោទនភាព ដែល​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាម​រយៈ​ការ​បង្រៀន​ភាសា​ចិន និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដទៃ​ទៀត​ដល់​សិក្ខាកាម​នៅ​កម្ពុជា​។

លោក​បន្ត​ថា ក្រុមហ៊ុន​មាន​បទ​ពិសោធ​គ្រប់គ្រាន់ ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​ភាសា​ចិន ជំនាញ​បច្ចេកទេស វិទ្យាសាស្ត្រ និង​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ផ្សេង​ទៀត​ឱ្យ​ស្រប​ទៅ​តាម​បរិបទ​សកលលោក​ប​ច្ចុ​បុ្ប​ន្ន​៕ អត្ថបទសហការ